COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

នាវា​ទេស​ចរណ៍​របស់​ប្រទេស​អ៊ីតាលី​មួយ​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុនដើម្បី​ជួស​ជុល​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ខណៈ​មក​ដល់​ពេល​នេះ​ វា​មាន​អ្នក​ជំងឺ​កូរ៉ូណា​​ប្រភេទ​ថ្មី​ យ៉ាង​តិច​48​នាក់​។

នៅ​ថ្ងៃ​នេះ​ (23មេសា) មន្ត្រី​នៅ​ Nagasaki ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា នាវា​ទេស​ចរណ៍​អ៊ីតាលី Costa Atlantica មាន​អ្នកជំងឺ​ COVID-19 យ៉ាង​តិច​ចំនួន​48​នាក់​។ នាវា​ Costa Atlantica បាន​ក្លាយ​ជា​សម្បុក​មេរោគលើ​ផ្ទៃ​ទឹក​ទី​2​នៅ​ជប៉ុន​​ បន្ទាប់​​នាវា​ Diamond Princess ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​700​នាក់​។ ក៏ប៉ុន្តែ នាវា​ Costa Atlantica វិញ​ មាន​តែ​ក្រុម​នាវិក​ប៉ុណ្ណោះ​ដែល​​កំពុង​នៅ​លើ​នាវា​​ ព្រោះ​ថា វា​កំពុង​ចត​នៅ​កំពង់​ផែ​ Nagasaki ដើម្បី​ជួស​ជុល​។

នាវា​ខាងលើនេះ បាន​ទៅ​កាន់​​រោង​ចក្រ​សាង​សង់​នាវា​មួយ​នៅ​តំបន់ Nagagaki កាល​ពី​ចុង​ខែ​កុម្ភៈ​ ក្រោយ​ពី​ COVID-19 បាន​ធ្វើ​ឱ្យ​គម្រោង​ជួស​ជុល​របស់​ពួកគេ​នៅ​ប្រទេស​ចិន​មុន​នោះ​ត្រូវ​បាន​លុប​ចោល​។

អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​14​នាក់​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​នាំ​ឱ្យ​ឆ្លង​ដល់​​ប្រជា​ជន​ក្នុង​តំបន់​ Nagasaki។ មុន​នេះ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា នាវិក​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​​តំបន់​ដែល​គេ​បាន​កំណត់​ បើ​ទោះ​ជា​ក្រុម​ហ៊ុន Costa Cruises (Italia) ដែល​ជា​អ្នក​​គ្រប់​គ្រង​នាវា Costa Atlantica បាន​សន្យា​ថា ក្រុម​នាវិក​របស់​ខ្លួន​​នឹង​នៅ​តែ​ក្នុង​តំបន់​រោង​ចក្រ​សាង​ស​ង់​នាវា​ដែល​ពួកគេកំពុង​ស្ថិត​នៅ​ក៏ដោយ​។

នាវា​ទេសចរណ៍​របស់​អ៊ីតាលីនេះ មាន​នាវិក​ និង​អ្នក​បម្រើ​ចំនួន​623​នាក់ និង​មិន​មាន​ភ្ញៀវ​ទេស​ចរណ៍​នោះ​ទេ​។ សមាជិក​ក្រុម​នាវិក​ម្នាក់​ ដែល​បាន​ឆ្លង​វីរុស​ COVID-19 កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​។ អ្នកជំងឺ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដល់​ជីវិត និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

ចំណែក​អ្នកជំងឺ​47​នាក់​ផ្សេង​ទៀត កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​បន្ទប់​ដោយ​ឡែក​។ ពួកគេ​មិន​ទាន់​មាន​អាការ​រោគ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​។

សារ​ព័ត៌មាន​ AP បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​ជប៉ុន​កំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​សម្បុក​មេរោគ​នេះ​ ខណៈ​ដែល​តំបន់ Nagasaki មាន​អ្នកជំងឺ​​តែ​17​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​ជប៉ុន​បាន​សង្ស័យ​ថា មេរោគ​ប្រហែល​ជា​បាន​ឆ្លង​នៅ​ពេល​ដែល​បុគ្គលិកនៃ​ក្រុម​​នាវិក​បាន​ចេញ​ទៅ​ក្រៅ​ ឬ​បាន​ឆ្លង​នៅ​ពេល​នាវា​នេះ​បាន​ប្ដូរ​នាវិក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។

បច្ចុប្បន្ន ជប៉ុន​មាន​អ្នកជំងឺ​កូរ៉ូណា​សរុបប្រមាណជា​​ជិត​12,000​នាក់ និង​ជិត​300​នាក់​បាន​បាត់​បង់​ជីវិត​។ តួលេខ​នេះ មិន​បាន​រាប់​បញ្ចូល​ទាំង​អ្នកជំងឺ​នៅ​លើ​នាវា​ Diamond Princess នោះ​ទេ​៕

ប្រភព៖ Channel News Asia

Advertisement