សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថា

ប្រធានាធិបតី​សហរដ្ឋអាមរិក​ លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិកាំង​ទប់ទល់នឹង​រោគ​រាត​ត្បាត​COVID-19 បាន​យ៉ាង​ល្អ និង​បាន​សង្ឃឹម​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​នឹង​ទាប​ជាងច្រើន​ ធៀប​នឹង​ការ​ព្យាករ​100,000​នាក់​ពី​សំណាក់​​ក្រុម​អ្នក​ជំនាញ​ការ​។

គិត​ត្រឹម​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​COVID-19 សរុប​ឡើង​ដល់​ 52,092​នាក់ កើន​ជាង​1,800​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះមានជាង​3,700នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​923,612​នាក់​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ស្ដី​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ជាង​50,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​ហើយ”។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ព្យាករ​​កន្លង​មក​របស់​ក្រុម​អ្នក​ជំនាញ​ដែល​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​មាន​​យ៉ាង​តិច​100,000​នាក់​។ លោក​ Trump ថ្លែង​ថា “យើង​សង្ឃឹម​ថា តួលេខ​ជាក់​ស្ដែង​នឹង​ទាប​ជាង​នេះ​”។

លោក​ Trump បាន​ប្រកាស​ថា “ការ​រឹត​បន្តឹង​ការ​ដើរ​ហើរ” អាច​អូស​បន្លាយ​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​។ សភាជាន់​ទាប​អាមេរិកាំង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​អនុម័ត​យល់​ព្រម​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយសេដ្ឋ​កិច្ច​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 480​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ មន្ទីរ​ពេទ្យ​ និង​ការ​ធ្វើ​តេស្ត​រកមេរោគ​ COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement