ជាង​2,887,000​នាក់​​ឆ្លង​វីរុស​​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

ជាង​ 200,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​200,000​នាក់​ ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅ​ក្នុងចំណោម​អ្នកជំងឺ​ជិត​2.9​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

ទិន្នន័យ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​2,887,894​នាក់​ ក្នុង​នោះ​មាន​202,368​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​​កើន​បន្ថែម​​ 96,908​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​​ 6,448​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ 814,025​នាក់​។

សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ 933,933​នាក់ និង​អ្នក​ស្លាប់​53,449​នាក់​។ អ្នក​ជំងឺ​ថ្មី​កើន​43,409​នាក់ ខណៈ​អ្នកស្លាប់ថ្មី​កើន​2,432​នាក់ ធៀប​នឹង​មួយ​ថ្ងៃ​មុន​នេះ​។

អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​3,995​នាក់ អ្នក​ស្លាប់ថ្មី​378​នាក់​។ អ្នក​ជំងឺ​សរុបជិត​​224,000​នាក់​ និង​អ្នក​ស្លាប់​សរុប​ជិត​23,000​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក​ និង​ជា​ “វាលពិឃាត”​ របស់​កូរ៉ូណា​ ធំជាង​គេ​ទី3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី។

អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,357​នាក់ និង​អ្នក​ស្លាប់ថ្មី​415​នាក់​។ អ្នកជំងឺ​សរុប​195,351​នាក់ និង​អ្នកស្លាប់​សរុប​26,284​នាក់​។ ​តួលេខ​​នៃ​ការ​ស្លាប់​បាន​ថយ​ចុះ​ទាប​បំផុត​ រាប់​ចាប់​ពី​ថ្ងៃទី​19​មីនា​។

បារាំង​៖ អ្នកជំងឺ​ថ្មី​1,660​នាក់ និង​អ្នកស្លាប់​ថ្មី​369​នាក់​។ អ្នក​ជំងឺ​សរុប​161,488​នាក់ និង​អ្នក​ស្លាប់​សរុប​22,614​នាក់​។ ប្រទេស​នេះ នឹងអនុញ្ញាត​ឱ្យ​បើក​សាលា​រៀន​ឡើងវិញ​ ក្រោយ​ថ្ងៃទី​11ឧសភា។

អាល្លឺម៉ង់​៖​ អ្នក​ជំងឺ​ថ្មី​1,419​នាក់ អ្នក​ស្លាប់​ថ្មី​133​នាក់។ អ្នក​ជំងឺ​សរុប​156,418​នាក់ និង​អ្នក​ស្លាប់​សរុប​5,873​នាក់​។

អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​4,913​នាក់ ខណៈអ្នក​ស្លាប់​ថ្មី​មាន​8113​នាក់​។ អ្នកជំងឺ​សរុប​148,377​នាក់ និង​អ្នក​ស្លាប់​សរុប​20,319​នាក់​។ អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ក្នុង​ប្រទេស​នេះ មិន​បាន​រាប់​បញ្ចូល​អ្នក​ស្លាប់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​នោះ​ទេ​។

ប្រទេស​ទួរគី៖ អ្នកជំងឺ​សរុប​មាន​107,773​នាក់​ អ្នក​ស្លាប់​សរុប​មាន​​2,706​នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចមនួន​​25,582​នាក់​៕

ប្រភព​៖ សារព័ត៌មានបរទេស

Advertisement