ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

របាយការណ៍​ដំបូង​ពី​ទីក្រុង​ម៉ូស្គូ ស្ដី​អំពី​ស្ថាន​ភាព COVID-19 ​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​ បាន​ឱ្យ​ដឹង​ថា ទាហាន​ចំនួន​874​នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​វីរុសបង្ក​ជំងឺ​​រលាក​សួត​ប្រភេទ​ ក្នុង​នោះ​មាន​ទាហាន​4​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

“ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ជួរ​កង​ទ័ព​រស្ស៊ី រាប់​ចាប់ពី​ខែ​មីនា ដល់​ថ្ងៃទី​26​មេសា​ បាន​បង្ហាញ​ថា​ ទាហាន​ចំនួន​874​នាក់ មាន​លទ្ធផល​​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19។ ក្នុង​ចំណោម​នេះ មាន​314​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យរបស់​​ក្រសួង​ការ​ពារ​ជាតិ​ 175​នាក់​ទទួល​​ការ​ព្យាបាល​នៅ​ក្នុង​បន្ទាយ​ 6​នាក់​ព្យាបាល​នៅ​មន្ត្រី​ពេទ្យ​សាធារណៈ និង​379នាក់​ទៀត​កំពុងបង្ខាំង​ខ្លួន​ក្នុងផ្ទះ​” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ​ប្រកាស​កាល​ពី​ម្សិលមិញ​។

កង​ទ័ព​រុស្ស៊ី​បាន​ឱ្យ​ដឹង​បន្ថែម​ថា ទាហាន​4នាក់​មាន​អាការ​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​ត្រូវ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ 15​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ក្រៅ​ពី​នេះ​គឺ​ពុំ​ទាន់​មាន​រោគ​សញ្ញា​​នៅ​ឡើយ។ ជាង​នេះ កង​ទ័ព​រុស្ស៊ី​ក៏បាន​រក​ឃើញ​បុគ្គលិក​ផ្នែក​ស៊ីវិល​របស់​ខ្លួន​ចំនួន​245​នាក់​ និង​សិក្ខាកាម​​779​នាក់​នៅ​តាម​បណ្ដា​សាលា​យោធា​ ក៏​មាន​ផ្ទុក​វីរុស​នេះ​ ប៉ុន្តែ​ភាគ​ច្រើន​ពុំ​ទាន់​មាន​រោគ​សញ្ញា។

របាយ​ការណ៍​បាន​សរសេរ​ថា “ទាហាន​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​រៀង​រាល់​ថ្ងៃ​។ យាន​យន្ត​ទាំង​អស់​របស់​កង​ទ័ព​ ក៏ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ទៀត​ទាត់​ផងដែរ​”។

កង​ទ័ព​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​រាប់​ពាន់​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​សម្រាប់​ពិធី​ព្យុហយាត្រា​​រំឭក​ពី​ជ័យ​ជម្នះ​​នៅ​ទីក្រុង​ម៉ូស្គូ ត្រូវ​បង្ខំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ បន្ទាប់​ពី​ត្រឡប់​មក​កាន់​អង្គ​ភាព ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។​ ប៉ុន្តែ កង​ទ័ព​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា នេះ​ជា​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​​ជា​មុន​ ឬ​មួយ​មាន​ករណី​ឆ្លង​មេរោគ​រួច​ហើយ​នោះ​ទេ​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​206,000​នាក់​បាន​បាត់​បង់ជីវិត​។ កាលពី​ម្សិល​មិញ រុស្ស៊ី​បាន​រាយការណ៍​ថា​ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​80,949​នាក់​បាន​ឆ្លង​វីរុស​ ក្នុង​នោះ​មាន​747​នាក់​បាន​ស្លាប់ និង​6,767​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 សរុប​ជាង​2.8​លាន​នាក់​នៅ​ទូទាំង​ប្រទេស​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement