អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

ក្នុងដំណាក់កាលដែលកម្ពុជា​ត្រូវ​ទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 នេះ សាលាទាំងអស់នៅទូទាំងប្រទេសត្រូវដាក់ឱ្យវិសមកាលមុនកាលកំណត់ ដែលធ្វើឱ្យសិស្សានុសិស្សត្រូវសិក្សាពីចម្ងាយនៅក្នុងផ្ទះ និងមានពេលទំនេរច្រើន។ ក្នុងពេលនេះ​ក៏ជាពេលវេលាមួយដែល​ធ្វើឱ្យកុមារមានភាពតានតឹង និង​ត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការជាតិគាំពារ អភិវឌ្ឍកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូអភិវឌ្ឍនានាដូចជា USAID និង UNICEF ជាដើមបង្កើតផ្ទាំងអប់រំមួយសម្រាប់អាណាព្យាបាលដោយជំរុញឱ្យគ្រប់ឪពុកម្តាយ ចែករំលែកក្តីស្រឡាញ់​ និងក្តីមេត្តាដល់កូនៗមិនមែនបង្កើនភាពភ័យខ្លាចនោះទេ។

នៅក្នុងផ្ទាំងផ្សព្វផ្សាយនោះ ស្ថាប័នខាងលើបានបញ្ជាក់ថា ដើម្បីសម្រួលភាពតានតឹង​ដល់កូនៗក្នុងដំណាក់កាលនៃការរាតត្បាត​នៃជំងឺ Covid-19 នេះ អាណាព្យាបាលគួរតាមដានអារម្មណ៍ និងសួរសុខទុក្ខកូន ព្រមទាំងនិយាយពាក្យល្អៗឱ្យកូនស្តាប់ដោយយកចិត្តទុកដាក់។ បន្ថែមពីលើនេះ​អាណាព្យាបាលចាំបាច់ត្រូវតាមដានឱ្យបានដិតដល់ក្រែងកូនមានអារម្មណ៍ថាភ័យខ្លាច ឬត្រូវគេរើសអើងជាដើម។

លើសពីនេះទៅទៀត អាណាព្យាបាលគួរជួយ​កុមារឱ្យរៀនសូត្រ និងធានាថា​ពួកគេមាន​កន្លែងសម្រាប់រៀនសូត្រនៅផ្ទះ និងជួយរក្សាទម្លាប់ពួកគេក្នុងការលេង រៀន ញ៉ាំ និងសម្រាក​ប្រចាំថ្ងៃ ទោះជាសាលាត្រូវបិទក៏ដោយ។ អាណាព្យាបាលក៏​គួរតែស្មោះត្រង់ជាមួយកូន និងពន្យល់ពួកគេពី​អ្វីៗដែលកំពុងកើតឡើង​ដោយប្រើប្រាស់ភាសាសមរម្យ និងបង្រៀនពួកគេឱ្យ​ចេះការពារខ្លួនពីការឆ្លងជំងឺ Covid-19។

ចំណុចសំខាន់ចុងក្រោយគឺអាណាព្យាបាល គួរលេង ច្រៀង អានសៀវភៅ និង​គូរគំនូរជាមួយពួកគេ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារ​ក្នុងការបន្តលេង កម្សាន្ត និង​រីករាយក្នុងវ័យកុមារ​ភាពទោះស្ថិតក្នុងស្ថានភាពលំបាក​ក៏ដោយ។ អាណាព្យាបាល​ត្រូវធ្វើឱ្យកុមារ​មានអារម្មណ៍សុវត្ថិភាព និងគ្មានអារម្មណ៍ភ័យខ្លាច៕

Advertisement