ដំណឹងល្អសម្រាប់ពិភពលោក!!​…​អាចរកឃើញវ៉ាក់សាំងបង្អាក់​មេរោគ​កូវីដ-19​ លឿនជាងការរំពឹងទុក គឺនៅក្នុងឆ្នាំនេះតែម្ដង…

ដំណឹងល្អសម្រាប់ពិភពលោក!!...អាចរកឃើញវ៉ាក់សាំងបង្អាក់មេរោគកូវីដ-19 លឿនជាងការរំពឹងទុក គឺនៅក្នុងឆ្នាំនេះតែម្ដង...

អាចនឹងមានវ៉ាក់សាំងរម្ងាប់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 យ៉ាងលឿនបំផុតនៅក្នុងឆ្នាំនេះតែម្ដង ដោយជាបឋម គេរំពឹងថា នឹងអាចប្រើបានសម្រាប់ក្រុមមនុស្សដែលមានសុខភាពទន់ខ្សោយ និងក្រុមមនុស្សដែលប្រថុយប្រថាននឹងជំងឺផ្សេងៗ ដោយក្នុងនោះរួមទាំងបណ្ដាក្រុមមន្ត្រីផ្នែកសាធារណៈសុខាភិបាល លឿនជាងការរំពឹងទុកកាលពីពេលដំបូងៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ប្ល៊ូមប៊ើក។

កាលពីពេលមុននេះ ក្រុមសម្ព័ន្ធមិត្តរួមសហការផ្នែកនវានុវត្តន៍ដើម្បីទប់ទល់នឹងរោគរាតត្បាត ឬ Coalition for Epidemic Preparedness Innovations ឬ CEPI ដែលផ្ដល់ការគាំទ្រថវិកាលើគ្រោងការវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី 9គ្រោងការ បានធ្លាប់ចង្អុលបង្ហាញថា វ៉ាក់សាំង ប្រហែលជានឹងត្រៀមរួចរាល់ក្នុងអំឡុងពេល 12 ដល់ 18ខែទៀត តែយ៉ាងណាក៏ដោយ ចុងក្រោយបំផុតនេះ ពួកគេបានកំណត់គោលដៅដោយនឹងបង្កើនល្បឿនឱ្យលឿនជាងនេះ។

លោក រិឆាត ហេចឆេតត៍ ប្រធានក្រុម CEPI ដែលជាស្ថាប័នល្បីល្បាញស្ថិតនៅក្នុងទីក្រុងអូស្លូ បានប្រាប់ថា ការវាយតម្លៃចុងក្រោយបំផុត មិនទាន់រាប់បញ្ជូលភាពអាចទៅរួចក្នុងករណីដែលក្រុមហ៊ុនទាំងឡាយកំពុងរួមដៃគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្រួញដំណាក់កាលផ្សេងៗ និងបើកទទួលអ្នកស្ម័គ្រចិត្តក្នុងការសាកល្បងនៅលើមនុស្សឱ្យបានកាន់តែលឿនឡើង រួមទាំងបច្ច័យផ្សេងៗទៀតផង។

លោកបានថ្លែងកាលពីថ្ងៃចន្ទ(ទី27មេសា) ថា “ទាំងអស់ និងទាំងមូលដែលយើងកំពុងសម្លឹងមើលនៅក្នុងពេលនេះ ប្រៀបដូចជាឱកាសនៃភាពអាចទៅរួច ដែលជួនកាលអាចបង្ហាញខ្លួនវ៉ាក់សាំងបានឆាប់ជាងរយៈពេល 12 ឬ 18ខែ ដូចដែលយើងធ្លាប់បាននិយាយគ្នា”

ក្នុងខណៈដែលចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកហក់ឡើងលើស 3លាននាក់ បានចាប់ផ្ដើមមានកម្លាំងសម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗជារឿយៗចំពោះអ្នកជំនាញការ ឱ្យប្រញាប់រិះរកវិធីព្យាបាល ឬវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតដ៏ធំនេះ ដោយក្នុងពេលនេះ មានរាប់សិបក្រុមហ៊ុនទូទាំងពិភពលោក កំពុងស្រាវជ្រាវរកវ៉ាក់សាំងព្យាបាលកូវីដ-19 ដែលក្នុងនោះមានក្រុមហ៊ុនសារ៉ូហ្វ៊ិ, ចនសុន អ៊ែនដ៍ ចនសុន និងម៉ូឌើណា អ៊ិងក៍ ជាដើម។

គណៈអ្នកជំនាញការមកពីមហាវិទ្យល័យ អុកស្វ៊ើដ ដែលដឹកនាំដោយលោក សារ៉ាហ្វ ហ្គីលប៊ើក សាស្ត្រាចារ្យផ្នែកវ៉ាក់សាំងវិទ្យា បានចាប់ផ្ដើមសាកល្បងវ៉ាក់សាំងដែលមាននៅក្នុងបណ្ដាញហើយ និងមានគោលដៅទទួលបានលទ្ធផលដែលមានប្រសិទ្ធផលយ៉ាងលឿនបំផុតក្នុងខែកញ្ញា។

អ្នកជំនាញការខ្លះ បានទាមទារឱ្យមានការប្រុងប្រយ័ត្ន ដែលទោះបីជាថា វ៉ាក់សាំងភាគច្រើនត្រូវប្រើពេលវេលាសាកល្បងរយៈពេលរាប់ឆ្នាំ(12-18ខែ) មុននឹងបានដាក់លក់នៅលើទីផ្សារ ដែលរយៈពេលនេះអាចរាប់ថា លឿនបំផុតហើយក៏ដោយ និងថែមទាំងបានដាស់តឿនទៀតថា ការប្រញាប់ប្រញាល់អភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ក្រោមតិចណូឡូជីថ្មីនេះ នៅមិនដែលធ្លាប់បានទទួលការពិសោធថា ប្រើបានលទ្ធផលល្អជាមួយមនុស្សនៅឡើយ។

ក្នុងរឿងនេះ លោកហេចឆេតត៍ បានប្រាប់ថា លោកក៏មិនអាចផ្ដល់ការសន្យាខ្លាំងហួសប្រមាណដែរ តែបានប្រាប់ថា វ៉ាក់សាំងជាច្រើនដែលបានទទួលការគាំទ្រពី CEPI អាចចូលដល់ដំណាក់កាលទី2 នៃការសាកល្បង យ៉ាងលឿនបំផុតក្នុងអំឡុងចុងរដូវស្លឹកឈើលាស់ ឬក្នុងអំឡុងរដូវក្ដៅនេះតែម្ដង។ នោះគឺមានន័យថា វ៉ាក់សាំងដំបូងអាចនឹងកើតមានឡើងក្នុងឆ្នាំ2020នេះ បើសិនជាវាឆ្លងផុតការពិសោធផ្នែកសុវត្ថិភាព និងប្រសិទ្ធផល ដោយជួនកាលក្នុងរយៈដំបូង វាអាចនឹងរួចរាល់សម្រាប់ក្រុមមនុស្សប្រថុយប្រថានមួយចំនួន មុននឹងអាចចូលទៅដល់ក្នុងកម្រិតដែលធំទូលាយជាបន្ត។

លោកថ្លែងថា៖ “អ្នកអភិវឌ្ឍន៍បានផ្ដល់ចំណាប់អារម្មណ៍ទៅលើគំរូផ្សេងៗកន្លងមក ដោយមានការប្រញាប់ប្រញាល់អភិវឌ្ឍយ៉ាងឆាប់រហ័ស តែអកុសល វាបាននាំឆ្ពោះទៅរកលទ្ធផលដែលយ៉ាប់ៗ ដូច្នេះទើបយើងត្រូវធ្វើវាដោយភាពពិតប្រាកដជាទីបំផុត។ យើងមិនអាចធ្វើអ្វី ឱ្យតែរួចៗនោះទេ វាជារឿងសំខាន់បំផុតដែលយើងត្រូវប្រញាប់ធានាពីសុវត្ថិភាព និងប្រសិទ្ធផលរបស់វា”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement