ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

ឥស្លាម​សាសនិក​នៅ​ឥណ្ឌូនេស៊ី​រាប់​រយ​នាក់​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement