សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

COVID-19 បាន​សម្លាប់​មនុស្ស​ជាង​​61,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​បាន​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​យ៉ាង​ឆាប់រហ័ស​ និង​ធ្ងន់​ធ្ងរ​បំផុត រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​កាល​ពី​ឆ្នាំ​2008។

យោង​តាម​ទិន្នន័យ​នៅ​លើ​ទំព័រ Worldometers គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​ COVID-19 ជាង​1,900​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ឡើង​ដល់​61,180​នាក់​។ ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​​ប្រមាណ​ជា​ជិត​21,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​1,06​លាន​នាក់​។

តួលេខ​អំពី​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប្រហាក់​ប្រហែល​ទៅ​នឹង​តួលេខ​អ្នក​ស្លាប់​ដោយ​​ជំងឺ​ផ្ដាសាយ​រដូវ​(seasonal influenza (flu) នៅ​ប្រទេស​នេះ​កាលពី​ឆ្នាំ​2017-2018។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារCOVID-19 នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​74,000​នាក់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​។

COVID-19 ​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាលដាល​នៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ចុង​ខែ​មករា ឆ្នាំ​2020 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​។ យោង​តាម​ទិន្ន​ន័យ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ ក្រសួង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា GDP​ ក្នុង​ត្រីមាស​ទី​1​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​4.8% ដែល​នេះ​បាន​បង្ហាញ​ថា សេដ្ឋ​កិច្ច​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។

ប្រធាន​នាយក​ដ្ឋាន​នៃ​ប្រព័ន្ធ​បម្រុង​សហរដ្ឋ​អាមេរិក​(Fed) កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​ថា “យើង​នឹង​អាច​ឃើញ​តួលេខ​សេដ្ឋ​កិច្ច​ក្នុង​ត្រី​មាស​ទី​2 អាក្រក់​ជាង​ពេល​ណា​ៗ​ទាំង​អស់”។ មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា ដំណើរ​ការ​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋ​កិច្ច​ នឹង​ស៊ី​ពេល​យ៉ាង​យូរ និង​មាន​ឧបសគ្គ​ច្រើន​ ប៉ុន្តែក៏​អាច​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ​នៅ​ត្រី​មាស​ទី​3 នៅ​ពេល​ដែល​បណ្ដា​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ចាប់​បើក​ដំណើរ​ការ​ឡើង​វិញ។

ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​លើក​ឡើង ក្នុង​ពេល​ដែល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ និង​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ​។ ប៉ុន្តែ ប្រការនេះ​ក៏​​ត្រូវ​បាន​អ្នក​​ជំនាញ​ព្យាករ​ថា អាច​ធ្វើ​ឱ្យ​ COVID-19 ងើប​ក្បាល​ឡើង​វិញ​ផងដែរ​។

វិបត្តិ​សុខ​ភាព​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ​ជា​27​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក បាត់​បង់​ការ​ងារ​ធ្វើ។ Kevin Hassett ដែល​ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ប្រធានាធិបតី Trump កាល​ពី​ថ្ងៃ​ទី​26​មេសា បាន​ឱ្យ​ដឹង​ថា​ អត្រា​នៃ​អ្នក​បាត់​បង់​ការ​ងារ​​ឡើង​ដល់​16​% ឬ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​ខែ​មេសា និង​ “អាក្រក់​ជាង​នេះ​” ក្នុង​ពេល​ខាងមុខ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement