ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?

បើសិនលោកអ្នកនៅមិនទាន់ដែលធ្លាប់បានឮរឿងរ៉ាវការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាលមកនោះ វិបត្តិមេរោគកូវីដ-19 ដែលកំពុងកើតឡើងក្នុងខណៈពេលនេះ អាចធ្វើឱ្យលោកអ្នកបានដឹងពីវិបត្តិការណ៍មេរោគបំផ្លាញពិភពលោកដែលធ្លាប់បានកើតឡើងក្នុងអំឡុងដើមសតវត្សរ៍ទី20 មិនខាន។

ការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ ដែលកើតឡើងកាលពីជាង 100ឆ្នាំមុន តែងត្រូវបានគេហៅថា ជា “មាតានៃជំងឺរាតត្បាតទាំងពួង” ព្រោះព័ត៌មានអំពីអង្គការសុខភាពពិភពលោក រួមទាំងមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ(CDC) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា មេរោគវីរុសមួយនេះបានប្រហារជីវិតមនុស្សអស់ប្រមាណជា 40-50លាននាក់ក្នុងរយៈពេលតែ 2ឆ្នាំប៉ុណ្ណោះ គឺចន្លោះឆ្នាំ1918-1920។

បណ្ដាអ្នកវិទ្យាសាស្ត្រ និងអ្នកប្រវត្តិសាស្ត្រ ជឿថា ប្រមាណជា 1ភាគ3 នៃប្រជាជនលើពិភពលោក ឬប្រមាណជា 1.8ពាន់លាននាក់ ក្នុងខណៈពេលនោះ បានឆ្លងមេរោគវីរុសមរណៈប្រភេទនេះ។

ជំងឺគ្រុនផ្ដាសាយធំ បានប្រហារជីវិតមនុស្សអស់ច្រើនជាងចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី1 ដែលបានបញ្ចប់ក្នុងអំឡុងពេលដែលជំងឺកំពុងចាប់ផ្ដើមឆ្លងរាលដាលទូទាំងពិភពលោកទៅទៀត។

ក្នុងខណៈដែលពិភពលោកនាពេលបច្ចុប្បន្នកំពុងតស៊ូជាមួយវិបត្តិកូវីដ-19 ឡារ៉ែនសូមបបួលមិត្តអ្នកអាន សម្លឹងថយទៅមើលប្រវត្តិសាស្ត្រ របស់ការកើតជំងឺរាតត្បាតដ៏ធំមួយដែលបានធ្វើឱ្យពិភពលោកត្រូវឈប់ង៉ក់នៅមួយកន្លែង និងរឿងរ៉ាវដែលបានកើតឡើងបណ្ដាលមកពីគ្រោះវិបត្តិក្នុងគ្រានោះដូចតទៅ៖

ឆ្នាំ1921 និងពិភពលោកដែលផ្លាស់ប្ដូរថ្មី

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?ក្នុងឆ្នាំ1918 ពិភពវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ នៅមានកម្រិតច្រើននៅឡើយ ក្នុងការទប់ទល់នឹងជំងឺដង្កាត់ផ្សេងៗ បើប្រៀបធៀបនឹងសម័យបច្ចុប្បន្ន។

គ្រូពេទ្យក្នុងយុគសម័យនោះ មិនទាន់មានចំណេះដឹងរឿង Microbe ដែលជាមេខ្លោងចម្បង ធ្វើឱ្យកើតជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ រួមទាំងនៅមិនទាន់ដឹងថា ជំងឺនេះអាចឆ្លងរាលដាលពីមនុស្សទៅមនុស្សបាននៅឡើយ តែគិតថា ជាជំងឺដែលកើតពីមេរោគបាក់តេរី មិនមែនជាមេរោគវីរុស។

វិធីការព្យាបាល ក៏នៅមានកម្រិត ឧទាហរណ៍ដូចជា ថ្នាំអង់ទីប៊ីយ៉ូទិក ដែលទើបរកឃើញក្នុងឆ្នាំ1928 ខណៈដែលវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំ ទើបនឹងមានការផលិតឱ្យប្រជាជនទូទៅបានប្រើ ក្នុងអំឡុងទសវត្សរ៍​ទី​1940។​ អ្វីដែលសំខាន់ គឺក្នុងយុគសម័យនោះនៅមិនទាន់មានប្រព័ន្ធសាធារណៈសុខាភិបាលគ្រប់គ្រាន់ និងទូទៅនៅឡើយ និងសូម្បីតែក្នុងប្រទេសដែលសម្បូរទព្យធន ការងារសុខាភិបាល ថែមទាំងត្រូវបានចាត់ទុកថា ជារឿងទំនើបខ្លាំងណាស់ទៀតផង។

អ្នកស្រី ឡូរ៉ា ស្ពីននីយ៍ អ្នកនិពន្ធសៀវភៅប្រភេទវិទ្យាសាស្ត្ររឿង Pale Rider: The Spanish Flu of 1918 and How it Changed the World បានរៀបរាប់ថា “ក្នុងប្រទេសដែលមានភាពរីកចម្រើនខាងឧស្សាហកម្ម គ្រូពេទ្យភាគច្រើន ច្រើនតែធ្វើការនៅក្នុងគ្លីនិករបស់ខ្លួនឯង ឬបានទទួលប្រាក់ឧបត្ថម្ភពីអង្គការផ្នែកសប្បុរសធម៌ ឬសាសនា ហើយមនុស្សម្នាជាច្រើនមិនអាចចូលទៅដល់ការព្យាបាលរបស់ពួកគេបានឡើយ”។

មនុស្សវ័យកំលោះ-ក្រមុំ និងអ្នកក្រ

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?
ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សក្នុងរូបបែបដែលខុសប្លែកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយកាលពីគ្រាមុនៗ

អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅទៀតនោះគឺ ការដែលជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សម្នាក្នុងរូបបែបដែលខុសប្លែកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំកាលពីគ្រាមុនៗ ដូចជា ការឆ្លងរាតត្បាតកាលពីឆ្នាំ1889-90 ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង 1លាននាក់ទូទាំងពិភពលោក។

សម្រាប់គ្រានោះ ជនរងគ្រោះរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ គឺជាមនុស្សដែលស្ថិតក្នុងអំឡុងអាយុរវាង 20-40ឆ្នាំ ហើយមនុស្សប្រុស គឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះអាចបណ្ដាលមកពីការឆ្លងរាតត្បាតដែលគេជឿថា បានចាប់ផ្ដើមកើតឡើងនៅក្នុងបន្ទាយទាហាននៅឯ “ខ្សែត្រៀមប្រយុទ្ធផ្នែកទិសខាងលិច” ក្នុងសង្គ្រាមលោកលើកទី1…បន្ទាប់ពីនោះ មេរោគបានចម្លងសាយភាយទៅទួទាំងពិភពលោក នៅពេលដែលពួកទាហានទាំងនោះធ្វើដំណើរត្រឡប់មកផ្ទះវិញ ក្រោយពេលសង្គ្រាមបានបញ្ចប់។

សូមរង់ចាំបន្តនៅថ្ងៃស្អែក…

ប្រភព៖ សាព័ត៌មានបរទេស

Advertisement