អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

អ្នកស្លាប់​ដោយ​សារ​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

New York Times ដក​ស្រង់​ឯកសារ​សម្ងាត់​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​នេះ​អាច​កើន​ឡើង​មក​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

យោង​តាម​ទិន្ន​ន័យ​ពី​ទំព័រ Worldomerter គិត​ត្រឹម​រសៀល​​ថ្ងៃទី​4​ឧសភា(ម៉ោង​នៅ​អាមេរិក) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​​ គឺ​មាន​69,589​នាក់​ កើន​992​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ សហរដ្ឋ​អាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ជាង​23,000​នាក់ ដែល​នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​បាន​កើន​លើស​ពី​1.2​លាន​នាក់​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​4​ឧសភា បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សម្ងាត់​​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ Trump ​បាន​ព្យាករ​ថា តួលេខ​នៃអ្នក​ជំងឺ​ និង​អ្នក​ស្លាប់​​នៅក្នុង​ប្រទេស​នេះ​នឹង​កើន​ខ្លាំង​ឡើង​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ ឯកសារ​​សម្ងាត់​សរសេរ​ថា នៅ​ចុង​ខែ​ឧសភា COVID-19 នឹង​សម្លាប់​មនុស្ស​ប្រហែល​ជា​3,000​នាក់​នៅ​1ថ្ងៃ​ៗ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​បើធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​ជិត​1,800​នាក់​ក្នុង​1ថ្ងៃ​ នា​បច្ចុប្បន្ន​។

យោង​តាម​ការ​ព្យាករ​ខាង​លើ​ ជា​រៀង​រាល់​ថ្ងៃ សហរដ្ឋ​អាមេរិក​អាច​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ក្នុង​1​ថ្ងៃ​ប្រហែល​200,000​នាក់ ខណៈ​តួលេខ​មធ្យម​នា​បច្ចុប្បន្ន​គឺ​ 25,000​នាក់​/ថ្ងៃ​។

ការ​ព្យាករ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺ​​នៃ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention)។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Judd Deere បាន​ថ្លែង​ថា “នេះ​មិន​មែន​ជា​ឯកសារ​ដែល​ប្រកាស​នៅ​ក្នុង​សេត​វិមាន​ទេ​ ហើយ​ក៏​មិន​បាន​ដាក់​ជូន​គណកម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 ព្រម​ទាំង​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​​​ដោយ​អន្តរ​ក្រសួង​នោះ​ដែរ​”។

កាល​ពី​ចុង​សប្ដាហ៍​មុន​ ប្រធានាធិបតី​ Donald Trump បាន​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​100,000​នាក់ ខ្ពស់​ជាង​ការ​ព្យាករ​ដែល​លោក​បាន​លើក​ឡើង​កន្លង​មក​​ដែល​ថា អ្នក​ស្លាប់​នឹង​មាន​ចំនួន​ពី​60,000​ទៅ​70,000​នាក់​។ លោក​ Trump ថ្លែង​ប្រាប់​សារ​ព័ត៌មាន Fox News កាល​ពីថ្ងៃទី​3ឧសភា​ថា “យើង​នឹង​បាត់​បង់​មនុស្ស​ប្រមាណ​ពី​80,000​-100,000​នាក់​។ នោះ​គឺជា​រឿង​ដ៏​អាក្រក់​ខ្លាំង​ណាស់”។

ចំណែក​ CNN វិញ ក៏​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​វិទ្យា​ស្ថាន​វាស់​វែង​ និង​វាយ​តម្លៃ​សុខ​ភាព​ IHME (Institute for Health Metrics and Evaluation) នៃ​សាកល​វិទ្យា​ល័យ​ Washington បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​134,000​នាក់​ គិត​ត្រឹម​ដើម​ខែ​សីហា​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement