ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania “វិជ្ជមាន​” នឹង​​វីរុស​COVID-19

ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania

ដោយ​សារ​តែ​សង្ស័យ​អំពីគុណ​ភាព​នៃ​​ឧបករណ៍​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ដែលបាន​​នាំ​ចូល​ពី​បរទេស​ ប្រធានាធិបតិ​​នៃ​ប្រទេស​ Tanzania ​ក៏បាន​ផ្ញើ​សំណាក​​​របស់​សត្វពពែ និង​ផ្លែ​ល្ហុង​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ ហើយ​ចុង​ក្រោយ​លទ្ធ​ផល​ដែល​លោក​ទទួល​បាន​នោះ​គឺ​ថា ផ្លែល្ហុង​ និង​ពពែ​ “វិជ្ជមាន” ​ជាមួយ​នឹង​វីរុស​COVID-19។

ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli កាល​ពីថ្ងៃទី​4ឧសភា​ បាន​ឱ្យ​ដឹង​ថា លោក​បាន​ស្នើ​ឱ្យ​កង​កម្លាំង​សន្តិសុខ​ជាតិ​ ត្រួត​ពិនិត្យ​ទៅលើ​គុណ​ភាព​របស់​ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ ដែល​ត្រូវ​បាន​ប្រទេស​នេះ​នាំ​ចូល​ពី​ក្រៅ​ស្រុក ដោយ​ការ​យក​វត្ថុ​វិភាគ​​របស់​​សត្វ​ និង​វត្ថុ​ដែល​មិនមែន​ជាមនុស្ស​ ដើម្បី​ផ្ញើ​ទៅកាន់​មន្ទីរពិសោធន៍​។ បន្ទាប់​ពី​ទទួល​បាន​បញ្ជា បុគ្គលិក​សន្តិ​សុខ​ជាតិ​ក៏​បាន​យក​សំណាក​របស់​ផ្លែ​ល្ហុង​ សត្វ​ពពែ និង​សំណាក​របស់​សត្វ​ចៀម​ ហើយ​ក៏បញ្ចូលឈ្មោះ​ និង​អាយុ​របស់​មនុស្ស​ទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ផ្ញើ​ទៅ​ពិសោធ។

សំណាក​ទាំង​នេះ​ ត្រូវ​បាន​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍​ជាតិ​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​​ Tanzania ដោយ​បុគ្គលិក​សុខាភិបាល​នៅ​ទីនេះ​មិន​បាន​ដឹង​ថា សំណាក​នេះ​មាន​ប្រភព​ពី​ទីណា​នោះ​ទេ​។ ប្រធានាធិបតី​ Magufuli បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដែល​លោកបាន​ទទួល​ នោះ​គឺ​ “វិជ្ជមាន​” ជាមួយ​នឹង​ COVID-19។

“មាន​បញ្ហា​ខុស​ប្រក្រតី​នៅ​ទីនេះ​។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ថា យើង​មិន​គួរ​ចាត់​ទុក​រាល់​មុខ​ទំនិញ​ដែល​ជា​ជំនួយ​ សុទ្ធ​តែ​នាំ​មក​នូវ​ប្រការ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​នេះ​នោះ​ឡើយ​” ប្រធានាធិបតី​ Magufuli មាន​ប្រសាសន៍​បែប​នេះ​ និង​បាន​បន្ថែម​ថា ប្រជា​ជន​ Tanzania ជា​ច្រើន​ “វិជ្ជ​មាន​ក្លែង​ក្លាយ” ​ជាមួយ​នឹង​វីរុស​COVID-19នេះ ក៏ព្រោះ​​តែ​គុណ​ភាព​របស់​ឧបករណ៍​ពិសោធ​​មេរោគ​។

ផ្លែ​ល្ហុងនៅ​ប្រទេស Tanzania "វិជ្ជមាន​" នឹង​​វីរុស​COVID-19
ប្រធានាធិបតី​នៃ​ប្រទេស​ Tanzania លោក John Magufuli

លោក​ប្រធានាធិបតី​ថ្លែង​ថា ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ទាំង​នេះ ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ ប៉ុន្តែ​លោក​មិន​បាន​ឱ្យ​ដឹង​អំពី​ប្រភព​ជាក់​លាក់​នោះទេ​ ហើយ​លោក​ក៏មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ដែល​អាជ្ញាធរ​​សង្ស័យ​​ទៅលើ​ឧបករណ៍​ពិសោធន៍​ទាំង​នេះ​នោះដែរ​។

លោក Catherine Sungura ដែល​ជា​មេដឹកនាំ​នាយកដ្ឋាន​សារ​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ Tanzania បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​4ឧសភា​​ថា​ ប្រធាន​មន្ទីរ​ពិសោធន៍​និង​គ្រប់គ្រង​គុណ​ភាព​ ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​ដើម្បីរង់​ចាំ​លទ្ធ​ផល​នៃ​ការ​​ស៊ើប​អង្កេត​។ គណៈកម្មធិការ​មួយ​ដែលមាន​សមាជិក​10​រូប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ទៅលើ​សកម្ម​ភាពទាំង​អស់​​របស់​មន្ទីរ​ពិសោធន៍​នេះ​។

ប្រធានាធិបតី​ Magufuli កាល​ពី​ថ្ងៃទី​3ឧសភា ក៏​បាន​បញ្ចប់​តំណែង​ប្រធាននាយកដ្ឋាន​ទិញ​ដូរ​សម្ភារ​សុខាភិបាល​នៃ​ប្រទេស​នេះ​ផងដែរ ប៉ុន្តែ​​​មិន​បាន​លើក​ឡើង​អំពី​មូលហេតុ​អ្វី​នោះ​ឡើយ។ នាយក​ដ្ឋាន​នេះ​ ទទួល​ខុស​ត្រូវ​ក្នុងការ​ផ្គត់​ផ្គង់​សម្ភារ​សុខាភិបាល​ទៅ​ឱ្យ​បណ្ដា​មន្ទីរពេទ្យ​​រដ្ឋ​របស់​ប្រទេស​ Tanzania។

ប្រទេស​ Tanzania បច្ចុប្បន្ន មាន​អ្នក​ជំងឺកូរ៉ូណា​សរុប​480​នាក់​ ក្នុង​នោះ​មាន​18​នាក់​បាន​បាត់​បង់​ជីវិត​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​ ធំជាង​គេ​នៅក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement