អនុប្រធានាធិបតី​អាមេរិកាំង​នឹង​ “នៅ​ឆ្ងាយ​” ពី​លោក​ Trump មួយ​រយៈ​

អនុប្រធានាធិបតី​អាមេរិកាំង​នឹង​

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence បានសម្រេច​ចិត្ត​ថា​ “នៅ​ឱ្យឆ្ងាយ​” ពី​ប្រធានាធិបតី​ Donald Trump ក្នុង​មួយ​រយៈ​ពេល​ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​បាន​ឆ្លង​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សេត​វិមាន​។

“ខ្ញុំ​សូម​បញ្ជាក់​ថា នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់​។ ការ​រក្សា​គម្លាត​ប៉ុន្មាន​ថ្ងៃគឺអាស្រ័យទៅ​លើ​អនុប្រធានាធិបតី​”។ លេខា​ផ្នែក​សារ​ព័ត៌មាន​របស់​សេតវិមាន​ លោកស្រី​ Kayleigh McEnany​ បាន​ឱ្យ​ដឹង​បែប​នេះ​ ទាក់​ទិន​នឹងការ​រក្សា​គម្លាត​របស់​​អនុប្រធានាធិបតី​អាមេរិកាំង​​ លោក​ Mike Pence​ ជាមួយ​នឹង​លោក​ Trump។

ឥរិយាបថ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងក្រោយ​ពី​ Kate Miller ដែលជា​អ្នក​នាំ​ពាក្យ​របស់​​លោក​ និង​ជា​ភរិយា​របស់​លោក Stephen Miller ដែលជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ Trump បាន​ឆ្លង​វីរុស​COVID-19។ លោក Trump កាល​ពី​ថ្ងៃទី​8ឧសភា បាន​អះអាង​ថា លោក​មិន​បាន​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​ Miller នោះ​ទេ​ក្នុងមួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​លោក​ស្រី​ Kate Miller មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អនុប្រធានាធិបតី​ Mike Pence។

លោក​ Trump បាន​និយាយ​បន្ថែម​អំពី​អនុប្រធានាធិបតី​អាមេរិកាំង​ថា “Mike បាន​ធ្វើ​តេស្ត​រក​មេរោគ ដោយ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​”។ មេដឹក​នាំ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​នេះ​ សុទ្ធ​តែ​ត្រូវ​​ធ្វើ​តេស្ត​​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​។

 អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mike Pence

សូម​រំឭក​ថា មុន​នេះមាន​ទាហាន​ពិសេស​ម្នាក់​មក​ពី​ទ័ព​ជើង​ទឹក​ ដែល​មាន​ភារកិច្ច​បម្រើ​លោក​ Trump ក៏បាន​ឆ្លង​វីរុស​COVID-19 ធ្វើ​ឱ្យ​សេតវិមាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លង​រាល​ដាល​ក្នុង​ជួរ​ស្ថាប័ន​កំពូល​នេះ​។ សមាជិក​ជាន់​ខ្ពស់​3រូប​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នកជំនាញ​ការ​ប្រឆាំង​នឹង​COVID-19 របស់​សេតវិមាន ក្នុង​នោះ​មាន​មន្ត្រី​​ជាន់​ខ្ពស់​​​ផ្នែក​សុខាភិបាល​នៅ​សេតវិមាន​ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់ប្រធានាធិបតី​អាមេរិកាំង​ គឺ​លោក Anthony Fauci ក៏​បាន​បង្ខាំង​ខ្លួន​ឯង​​ផងដែរ​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​។

ការិយាល័យគ្រប់​គ្រង​សេតវិមាន​ កាល​ពីថ្ងៃទី​11ឧសភា​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ឱ្យបុគ្គលិក​នៅ​ទីនេះ​ពាក់​ម៉ាស់​​ជាប់​ជា​និច្ច​ក្នុង​តំបន់​ករិយាល័យ​ប្រធានាធិបតី ទន្ទឹម​នឹង​នេះ​សេតវិមាន​ក៏​ស្នើ​ឱ្យ​គោរព​វិធាន​ការ​រក្សា​គម្លាត​ក្នុង​ទីសាធារណៈ​ផងដែរ​។ ក៏ប៉ុន្តែ លោក Trump ទទួល​បាន​សិទ្ធិ​លើក​លែង​ក្នុង​ករណី​នេះ​ បន្ទាប់​ពី​ជំនួយ​ការ​នានា​នៅ​សេត​វិមាន​បាន​ឱ្យ​ដឹង​ថា លោក Trump ទំនង​ជា​មិន​ព្រម​ពាក់​ម៉ាស់​នោះ​ទេ​។

នៅសហរដ្ឋ​អាមេរិក​ គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នកជំងឺCOVID-19 ​សរុប​ ​1,407,928​នាក់​​ និង​​អ្នកស្លាប់​សរុប​មាន​ចំនួន​​83,357​នាក់​ ក្នុង​នោះ​​មាន​អ្នក​ជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​ដែល​ទើប​បាន​រកឃើញ​​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement