8 វិធី ថែទាំខួរក្បាលឱ្យស្រស់ភ្លឺថ្លាជានិច្ច

នៅពេលមានអារម្មណ៍ថានឿយល្វើយ ខួរក្បាលមិនដំណើរការ សូមសាកល្បងមកមើលពីវិធីការថែទាំខួរក្បាលបែបងាយៗដើម្បីបង្កើនភាពស្រស់ស្រាយភ្លឺថ្លាឡើងវិញដូចខាងក្រោមនេះ។

1 – ទំនាក់ទំនងការងារខួរក្បាល ៈ ការសរសេរលេខ 8 ក្នុងអាកាសដោយដៃទាំងពីរខាង ម្ខាង 5 ដង ដោយចាប់ផ្តើមពីផ្នែកខាងឆ្វេងរបស់លេខជាមុន ហើយសរសេរវឹលឱ្យទៅជារាងលេខ 8 ។ វិធីនេះនឹងជួយបង្កើនប្រសិទ្ធភាពផ្នែកការអាន និងការបំពេញភាពយល់ដឹងកាន់តែល្អឡើង និងធ្វើឱ្យខួរក្បាលផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំទំនាក់ទំនងការងារគ្នាបានល្អផង។

2 – ទឹកស្អាតចិញ្ចឹមខួរក្បាល ៈ ដាក់ដបទឹកនៅជិតតុធ្វើការរបស់អ្នកជាប្រចាំ និងលើកក្រេបម្តងបន្តិច វិធីនេះនឹងជួយឱ្យចិត្ត គំនិត និងរាងកាយរបស់លោកអ្នកស្វាហាប់គ្រប់ពេលវេលា ហើយខួរក្បាលក៏នឹងបើកស្រឡះ អាចទទួលព័ត៌មានបានល្អ ព្រោះទឹកនឹងជួយសម្រួលសារធាតុគីមីដែលសំខាន់នៅក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ។ បើពេលណាដែលមានអារម្មណ៍ថាតានតឹងដោយសារខ្វះជាតិទឹកនោះ គួរតែក្រេបទឹកដើម្បីឱ្យរាងកាយបានទទួលជាតិទឹកដើម្បីទៅចិញ្ចឹមប្រព័ន្ធរបស់រាងកាយ។

3 – ធ្វើម៉ាស្សាលើចំណុចតភ្ជាប់ខួរក្បាល ៈ ដាក់ដៃម្ខាងលើរន្ធផ្ចឹត ដៃម្ខាងទៀតប្រើម្រាមមេដៃ និងម្រាមចង្អុលដៃដាក់នៅលើឆ្អឹងដើមទ្រូងម្តុំក្រោមឆ្អឹងស្លាបប្រចៀវ និងច្របាច់ថ្នមៗទាំងពីរទីតាំងប្រមាណជា 10 នាទី វិធីនេះនឹងជួយកាត់បន្ថយភាពភាន់ភាំង និងវឹលវល់ ជំរុញកម្លាំងថាមពល និងជួយឱ្យមានគំនិតស្រស់ថ្លា។

4 – ធ្វើចលនាសាច់ដុំស្មា ៈ យកដៃឆ្វេងចាប់ស្មាស្តាំ ច្របាច់សាច់ដុំឱ្យណែនព្រមទាំងដកដង្ហើមចូល បន្ទាប់មកដកដង្ហើមចេញ និងបែរទៅខាងឆ្វេងរហូតអាចមើលស្មាឆ្វេងរបស់ខ្លួនឯងឃើញ បន្ទាប់ពីនោះស្រូបដង្ហើមចូលវែងៗ ដាក់ដៃឆ្វេងលើស្មាស្តាំ ព្រមទាំងបង្រួមស្មា បែរក្បាលសន្សឹមៗត្រឡប់ទៅចំកណ្តាល និងបង្ហួសទៅខាងស្តាំ រហូតទាល់អាចមើលរំលងស្មាស្តាំរបស់អ្នកបាន។

ហែកស្មាទាំង 2 ខាងចេញ ឱនចង្កាមកទល់ដើមទ្រូង ព្រមទាំងស្រូបខ្យល់ដង្ហើមចូលឱ្យវែង ដើម្បីឱ្យសាច់ដុំរបស់អ្នកបានធូរស្រាល។

ប្តូរមកប្រើដៃស្តាំចាប់ស្មាឆ្វេងម្តង និងធ្វើដូចគ្នាម្ខាង 2 ដង វិធីនេះនឹងជួយចាត់ការសាច់ដុំត្រង់ផ្នែកបំពង់ក និងស្មា ការបានឮ ការស្តាប់ និងជួយកាត់បន្ថយភាពតានតឹងរបស់សាច់ដុំដែលបណ្តាលមកពីការអង្គុយនៅនឹងតុធ្វើការយូរពេកទៀតផង។

5 – ធ្វើម៉ាស្សាស្លឹកត្រចៀកជំរុញភាពយល់ដឹង ៈ វិធីនេះធ្វើបានដោយការអង្គុយសម្រាកសប្បាយៗ យកម្រាមដៃទាំងសង​ខាងប៉ះស្លឹកត្រចៀក រំកឹលម្រាមដៃទៅផ្នែកខាងលើរបស់ត្រចៀក បន្ទាប់ពីនោះច្របាច់ឈ្លីតាមស្នាមបត់របស់ស្លឹកត្រចៀកទាំង 2 ខាង រួចរំកឹលម្រាមដៃចុះមកម៉ាស្សានៅកន្លែងផ្សេងទៀតរបស់ស្លឹកត្រចៀក ទាញថ្នមៗ ពេលមកដល់ទងត្រចៀក ទាញចុះថ្នមៗ ចូរធ្វើដូចគ្នានេះដដែលៗ 2 ដង។ វិធីនេះនឹងជួយជំរុញការបានឮ និងធ្វើឱ្យការយល់ដឹងកាន់តែល្អឡើង ព្រោះជាការបន្ធូរសរសៃប្រសាទម្តុំស្លឹកត្រចៀកដែលភ្ជាប់ទៅខួរក្បាល។

6 – ធ្វើចលនាជើង ៈ ដោយការឈរត្រង់ឱ្យជើងជិតគ្នា ដកជើងឆ្វេងថយទៅក្រោយ ដោយលើកកែងជើងឡើង បញ្ជុចជង្គង់ស្តាំបន្តិច ហើយបង្អោនខ្លួនទៅមុខបន្តិច ត្រគៀករបស់លោកអ្នកនឹងស្ថិតនៅក្នុងជំហរដូចគ្នានឹងកែងជើងស្តាំ ស្រូបខ្យល់ដង្ហើមចូល និងបន្ធូរចេញ តែក្នុងខណៈព្រលែងខ្យល់ដង្ហើមចេញវិញនេះ ចូរសង្កត់កែងជើងឆ្វេងឱ្យប៉ះនឹងកម្រាលឥដ្ឋ ព្រមទាំងបញ្ជុចជង្គង់ស្តាំថែមឡើង ខ្នងយឹតត្រង់ ស្រូបខ្យល់ដង្ហើមចូល ហើតត្រឡប់ទៅចាប់ផ្តើមម្តងទៀត ដោយប្តូរពីជើងឆ្វេងមកជាជើងស្តាំម្តង និងហាត់ប្រាណក្នុងក្បាច់នេះទាំងអស់ 3 ដង។ ការធ្វើចលនាក្បាច់នេះស័ក្តិសមសម្រាប់ការកែសម្រួលសមាធិ រួមទាំងជួយបង្កើនល្បឿនក្នុងការអានសៀវភៅ និងនៅជួយឱ្យសាច់ដុំភ្លៅ និងសាច់ដុំកំភួនជើងបានធូរស្រាលទៀតផង។

7 – សង្កត់ចំណុចបន្ធូរភាពធុញថប់តានតឹង ៈ ប្រើម្រាមដៃ 2 សង្កត់លើថ្ងាសទាំង 2 ខាង ចំកណ្តាលចន្លោះរោមចិញ្ចើម និងជើងសក់ សង្កត់ឱ្យជាប់ទុកប្រមាណជា 3 – 10 នាទី វិធីនេះនឹងជួយបន្ធូរភាពធុញថប់តានតឹង និងបង្កើនការហូរវឹលរបស់លោហិតចូលក្នុងខួរក្បាលឱ្យបានល្អផងដែរ។

8 – ធ្វើចលនាខួរក្បាលដោយការសរសេរ ៈ គូសខ្សែចុះឡើងដោយដៃទាំង 2 ខាងដំណាលៗគ្នា រូបគំនូរខ្សែដែលគូរអាចនឹងមើលទៅរាងផ្លែកៗមែន តែបានផលល្អចំពោះប្រព័ន្ធខួរក្បាលខ្លាំងណាស់ វិធីនេះនឹងជួយឱ្យកើតការកែសម្រួលការសហការគ្នាធ្វើការរបស់ខួរក្បាល ដោយការធ្វើឱ្យខួរក្បាលទាំង 2 ខាងធ្វើការព្រមគ្នា និងបង្កើនភាពចំណានខាងការប្រកបពាក្យ និងគណនាលេខល្អ និងឆាប់រហ័សឡើងទៀតផង៕

Advertisement