លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

លោក​ Trump លេប​ថ្នាំ​គ្រុន​ចាញ់​រាល់​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​ COVID-19 ដោយ​មិនខ្វល់​ពីការ​ព្រមាន​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​លោក​លេប​ថ្នាំ​​គ្រុន​ចាញ់​ hydroxychloroquine​ 1​ដង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ COVID-19 ដោយ​លោក​មិន​ខ្ចី​អើពើ​ដល់​ការ​ព្រម​មាន​ពី​ក្រុម​អ្នក​វេជ្ជសាស្ត្រ​។

“ខ្ញុំ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine។ ខ្ញុំ​លេប​ថ្នាំ​នេះ​អស់​រយៈ​ពេល​ប្រហែល​1សប្ដាហ៍​កន្លះ​មក​ហើយ​។ ក្នុង​1​ថ្ងៃ​ 1​គ្រាប់​” លោក Trump បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​បែប​នេះ​​ កាល​ពី​ថ្ងៃ​ទី​18​ឧសភា​កន្លង​ទៅ​។

ម្ចាស់​សេត​វិមាន​បាន​បន្ថែ​មថា លោក​បាន​សួរ​យោបល់​ពី​វេជ្ជ​បណ្ឌិត​របស់​សេត​វិមាន​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ហើយ​វេជ្ជ​បណ្ឌិត​និយាយ​ថា “បាន​ បើ​សិន​ជា​លោក​ចង់​”។

លោក​ Trump ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​លេប​ថ្នាំ​ hydroxychloroquine លោក​​ក៏​លេប​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិក​ និង​ថ្នាំ​​ដែល​មាន​សមាស​ធាតុ​ស័ង្កសី​​ច្រើន​ 1​ដង​ក្នុង​​​1ថ្ងៃ​​ផងដែរ​។ លោក​ Trump ថា “ជា​សរុប​មក ខ្ញុំ​អាច​និយាយ​បាន​ថា រហូត​មក​ដល់​ពេលនេះ ខ្ញុំ​នៅ​តែ​មាន​សុខភាព​ល្អ​”។

ប្រធានាធិបតី​ Trump ដែល​មាន​វ័យ​73​ឆ្នាំ បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​បើ​សិន​ជា​បាន​ឆ្លង​​វីរុស​នេះ​ បន្ទាប់​ពី​បុគ្គលិក​ជា​ច្រើន​រូប​នៅ​សេត​វិមាន​វិជ្ជ​មាន​នឹង​ COVID-19។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ លោក Trump នៅ​តែ​បដិសេធ​មិន​ពាក់​ម៉ាស់​ដដែល។

លោក​ Trump កន្លង​មក​ក៏​ធ្លាប់​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​ ដើម្បី​ព្យាបាល​ COVID-19 បន្ទាប់​ពីមាន​របាយ​ការណ៍​និយាយ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​ការ​ព្យាបាល​ COVID-19។ ប៉ុន្តែ ក្រោយ​មក​ មាន​ការ​ពិសោធ​​​ជា​ច្រើន​បាន​បង្ហាញ​ថា hydroxychloroquine​ មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ COVID-19 នោះ​ឡើយ​។

នាយក​ដ្ឋាន​គ្រប់​គ្រង​ឱសថ​និង​អាហារ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា​ Food and Drug Administration(FDA)​ បាន​ចេញ​សេចក្ដី​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine​។ ក្នុង​របាយ​ការណ៍​1កាល​ពី​ថ្ងៃទី​24​មេសា FDA ឱ្យ​ដឹង​ថា ខ្លួន​ក្ដាប់​បាន​ព័ត៌មាន​ទាក់​ទង​នឹង​បញ្ហា​ចង្វាក់​បេះ​ដូង​ដែល​កើត​ឡើង​នៅលើ​អ្នក​ជំងឺ​ COVID-19 ដែល​បាន​លេប​ថ្នាំ​ hydroxychloroquine​ ឬ​ chloroquine។

ការ​លើក​ឡើង​របស់​លោក Trump ខាងលើ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ក្បែរ​ ​92,000​នាក់​ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជាង​1.5​លាន​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement