ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-​19 ​បង្ហាញ​លទ្ធផល​ហើយ!!

ការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-19 បង្ហាញលទ្ធផលហើយ!!

អ្នកវិទ្យាសាស្ត្រអាមេរិកាំង នាំគ្នាស្វាគមន៍យ៉ាងរីករាយ សម្រាប់វិវឌ្ឍនាការជាវិជ្ជមាន ពាក់ព័ន្ធនឹងការសាកល្បងខាងគ្លីនិកព្យាបាលកូវីដ-19 របស់ក្រុមហ៊ុននានា ក្រោមក្ដីកង្វល់ព្រួយចំពោះការឆ្លងរាលដាលរលកទី2 ដែលបណ្ដាលមកពីការបន្ធូរបន្ថយវិធានការបិទទីក្រុង។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនModerna Inc ដែលជាក្រុមហ៊ុនក្នុងធុរកិច្ច Biotech របស់សហរដ្ឋអាមេរិក បានស្ទុះហក់ឡើងខ្លាំង បន្ទាប់ពីមានការថ្លែងការណ៍ថា លទ្ធផលនៃការសាកល្បងខាងគ្លីនិក(ខាងការព្យាបាល)ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 របស់ក្រុមហ៊ុនមួយនេះ បានធ្វើឱ្យរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តចូលរួមសាកល្បង បានផលិតអង្គបដិបក្ខប្រាណ(Antibody) ដែលអាចកម្ចាត់មេរោគវីរុសនៅក្នុងខ្លួនអ្នកជំងឺកូវីដ-19បាន។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលដំណើរការដោយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិក(NIH) បានរកឃើញថា កម្រិតរបស់អង្គបដិបក្ខប្រាណទាំងនោះ មានចំនួនស្មើ នៅក្នុងគំរូឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយពីវីរុសកូរ៉ូណាប្រភេទថ្មី។

Moderna បានបញ្ជាក់ថា វ៉ាក់សាំងដែលមានឈ្មោះថា mRNA-1273 នេះ មានសុវត្ថិភាព និងតបស្នងបានល្អ ក្នុងការសាកល្បងក្នុងអំឡុងពេលដំបូង ហើយយើងនឹងចាប់ផ្ដើមការសាកល្បងក្នុងដំណាក់កាលបន្តទៀតក្នុងខែកក្កដាខាងមុខ។

ដុកទ័រ ថាល ហ្ស៊ែកស៍ ប្រធានក្រុមមន្ត្រីពេទ្យរបស់ក្រុមហ៊ុនតិចណូឡូជីសរីរាង្គ “Moderna” បានបញ្ជាក់ថា លទ្ធផលនៃការសាកល្បងវ៉ាក់សាំងកូវីដ-19 ដែល Moderna អភិវឌ្ឍរួមជាមួយស្ថាប័នសុខភាពនៃសហរដ្ឋអាមេរិកនេះ ក្នុងរយៈដំបូង បានបង្ហាញថា អ្នកដែលបានទទួលវ៉ាក់សាំងនេះ បានបង្កើតប្រព័ន្ធប្រឆាំងជំងឺ ឬអង់ទីគ័រ សម្រាប់ប្រឆាំងវីរុសប្រភេទនេះឡើង។

លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “នេះជាដំណឹងល្អខ្លាំងណាស់ និងជាដំណឹងដែលយើងគិតថា មានមនុស្សជាច្រើនកំពុងរង់ចាំមកយូរហើយ” លោកបានបង្ហើបឱ្យដឹងថា បើការសិក្សាសាកល្បងនាពេលអនាគតដំណើរការទៅយ៉ាងល្អនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ អាចនឹងត្រៀមរួចរាល់សម្រាប់ការចែកចាយនៅក្នុងសង្គម យ៉ាងលឿនបំផុតក្នុងខែមករា ឆ្នាំ2021។

ព័ត៌មាននេះ ចេញមកពីការសាកល្បងខាងគ្លីនិក ហ្វេសទី1 ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងក្រុមមនុស្សចំនួនតិច និងតម្រង់ឆ្ពោះទៅរកការស្វែងរកលទ្ធផលថា តើវ៉ាក់សាំងមានសុវត្ថិភាព និងធ្វើឱ្យប្រព័ន្ធការពារជំងឺតបស្នងឬទេ? ដោយសារតែលទ្ធផលនៃការវិភាគក្នុងរយៈដំបូង នៅមិនទាន់ឆ្លងផុតការពិចារណាជាផ្លូវការ ឬបានផ្សព្វផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រណាមួយនៅឡើយ។

ក្នុងការសាកល្បងលើកនេះគឺ Moderna បានចាក់វ៉ាក់សាំងទៅលើអ្នកស្ម័គ្រចិត្តចូលរួមការសាកល្បងចំនួនរាប់សិបនាក់ និងបានវាស់បរិមាណសារធាតុប្រឆាំងជំងឺក្នុងរាងកាយរបស់អ្នកចូលរួម 8នាក់ ហើយរកឃើញថា ទាំងអស់គ្នាបានផលិតសារធាតុប្រឆាំងជំងឺប្រភេទ “Neutralizing antibody ឬ NA” សម្រាប់ស្ទាក់ចាប់វីរុសមួយនេះក្នុងកម្រិតស្មើ ឬច្រើនជាងកម្រិតដែលរកឃើញនៅក្នុងអ្នកដែលជាសះស្បើយពីការឆ្លងមេរោគកូវីដ-19 តាមធម្មជាតិ។

លោកដុកទ័រ ហ្ស៊ែកស៍ ថ្លែងថា “យើងបានបង្ហាញឱ្យឃើញហើយថា Antibodyនេះ ការតបស្នងខាងប្រព័ន្ធប្រឆាំងជំងឺនេះ ពិតជាអាចការពារវីរុសមួយនេះបានមែន ខ្ញុំគិតថា នេះជាជំហានដំបូងដែលសំខាន់ខ្លាំងណាស់ ក្នុងការដំណើរការផលិតវ៉ាក់សាំងរបស់យើង”

វ៉ាក់សាំងរបស់ Moderna គឺជាវ៉ាក់សាំង1 ក្នុងចំណោមជាង 100វ៉ាក់សាំងទៀត ដែលកំពុងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍ ដែលមានចេតនាផលិតចេញមក ដើម្បីការពារមនុស្សជាតិ ពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងខណៈដែលមេរោគដ៏សាហាវនេះ បានចម្លងចូលទៅក្នុងខ្លួនមនុស្សរួចហើយច្រើនជាង 4.7លាននាក់ និងបានសម្លាប់ជីវិតមនុស្សអស់ជាង 315.500នាក់រួចទៅហើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement