ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?

បើ​ទោះ​ជា​មាន​ប្រជា​ជន​សរុប​ប្រមាណជា​12​លាន​នាក់ ប៉ុន្តែ បែល​ហ្សិក​មាន​អ្នក​ស្លាប់ដោយ​សារ​វីរុស​COVID-19 ដល់​ទៅ​ជាង​9,000​នាក់​ ជិត​ស្មើ​នឹង​2ដង​បើ​ធៀប​នឹង​តួលេខ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។

អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​បែល​ហ្សិក​គឺ 16.4% ពោលគឺ​ខ្ពស់ជាង​គេ​បង្អស់​ក្នុង​ពិភព លោក​។​ ប្រទេស​នេះ​​ឈរ​លំដាប់​លេខ​1​ បើ​គិត​អំពី​អត្រា​នៃ​ការ​ស្លាប់​ធៀប​ជាមួយ​នឹង​ចំនួន​​ប្រជា​ជន​ ដោយ​មាន​អត្រា​នៃ​ការ​ស្លាប់​​​ស្មើ​នឹង​78​នាក់​​​/100,000​នាក់​(ក្នុង​100,000​នាក់​គឺ​មាន​78​នាក់់​បាន​ស្លាប់ដោយសារ​ COVID-19​)។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins នៃ​សហរដ្ឋ​អាមេរិក។ ចំណែកអត្រា​នេះ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​​ត្រឹម​26/100,000 ខណៈ​អាស្ប៉ាញ​មាន​58/100,000 និង​អ៊ីតាលី​មាន​52​/100,000​។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​អត្រា​នៃការ​ស្លាប់​ដ៏ខ្ពស់គួរ​ឱ្យ​ខ្លាច​បែប​នេះ​ គឺ​មិនមែន​ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ ឬ​ខ្សោយ​នោះ​ទេ តែ​វា​ជា​លទ្ធ​ផល​នៃ​របៀប​​ស្រង់​ស្ថិតិ​។ ខុស​ពី​បណ្ដា​ប្រទេស​ដទៃ បែល​ហ្សិក​បូក​បញ្ចូល​អ្នក​ស្លាប់​នៅក្នុង​មជ្ឈមណ្ឌល​​​​ចាស់​ជរា​ទៅ​ក្នុង​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19ផងដែរ​ សូម្បី​តែ​អ្នក​ស្លាប់​ទាំង​នោះ​មិន​ទាន់ត្រូវ​បាន​បញ្ជាក់​​​ជា​ផ្លូវ​ការ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ក៏ដោយ​។

Steven Van Gucht ដែលជាអ្នក​ដឹកនាំ​ស្ថាប័ន​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ប្រចាំវិទ្យា​ស្ថាន​សុខាភិបាល​សាធារណៈ​ Sciensano របស់​ប្រទេស​បែល​ហ្សិក​ បាន​ឱ្យ​ដឹង​ថា “យើង​តែង​ត្រូវ​បាន​គេ​រិះ​គន់​​ដោយ​សារ​បាន​ធ្វើ​ឱ្យ​បែលហ្សិក​មើល​ទៅ​ហាក់​ដូច​ជា​អាក្រក់​ខ្លាំង​ណាស់​ ប៉ុន្តែ​យើង​គិត​ផ្ទុយ​ពី​នេះ​។ បើ​សិន​ជា​ចង់​ប្រៀប​ធៀប​តួលេខ​របស់​ប្រទេស​យើង​ខ្ញុំ ជាមួយ​នឹង​ប្រទេស​ដទៃ ជា​មូលដ្ឋាន​អ្នក​ត្រូវ​តែ​បន្ថយ​តួលេខ​​ចុះ​ពាក់កណ្ដាល”។

តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅក្នុង​មជ្ឈមណ្ឌល​​​ចាស់​ជរានានា​​​ប្រមាណជា​95%​ មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ប៉ុន្តែ​បែលហ្សិក​បាន​រាប់​តួលេខ​នេះ​ចូល​ទៅក្នុង​តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​​របស់​ខ្លួន​ ដោយ​​​គ្រាន់​តែ​យោង​ទៅ​លើ​អាការ​រោគ​ និង​ប្រវត្តិ​ទំនាក់​ទំនង​របស់​អ្នក​ស្លាប់តែប៉ុណ្ណោះ​​ ក្នុង​បំណង​ធ្វើ​ឱ្យ​មាន​ភាព​ជាក់​លាក់​ក្នុង​ការ​គណនា​អំពី​ឥទ្ធិពល​របស់​មេរោគ​ ក៏ដូចជា​ដើម្បី​អាច​រកឃើញ​សម្បុក​មេរោគ​បាន​ឆាប់​ជាង​ធម្មតា​។ តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​នេះ គឺ​មាន​ប្រមាណ​ជា​ពាក់​កណ្ដាល​នៃ​តួលេខសរុប​អំពី​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​។

លោក​ ​Yves Van Laethem ដែល​ជា​អ្នកឯកទេស​ខាង​វីរុស​ និង​ជា​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​15​ឧសភា​កន្លង​ទៅ​ថា “វិធិសាស្ត្រ​ស្រង់​ស្ថិតិ​របស់​យើង​គឺ​ពិត​ជា​សុក្រឹត និង​ស្មោះ​ត្រង់​បើ​គិត​អំពី​វិទ្យា​សាស្ត្រ​”។

ប្រទេស​ណា​មួយដែល​​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ COVID-19 ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​?យោង​តាម​ទស្សនាវដ្ដី Economist បែល​ហ្សិក​គឺជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​អង់គ្លេស​ និង​អេស្ប៉ាញ។ ទស្សនាវដ្ដី​នេះ​មិន​បាន​យក​តួលេខ​នៅ​សហរដ្ឋ​អាមេរិក​មក​ប្រៀប​ធៀប​នោះ​ទេ​ ប៉ុន្តែ​​​បាន​គន់​គូរ​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ហួស​កម្រិត​នៅ​ទីក្រុងនីវ​យ៉ក​ ខ្ពស់​ជាង​នៅអង់គ្លេស​។

មន្ត្រី​បែល​ហ្សិក​ក៏​បាន​ទទួល​ស្គាល់​ថា COVID-19 បាន​វាយ​ប្រហារ​ខ្លាំង​ក្លា​មក​លើ​ប្រទេស​នេះ​។ “យើង​ស្រង់​ស្ថិតិ​បាន​ត្រឹម​ត្រូវ​ល្អ​ណាស់​​ ប៉ុន្តែ​ប្រការ​នេះ​មិន​បាន​ជួយ​កាត់​បន្ថយ​​ភាព​ធ្ងន់​ធ្ងរ​ដែល​ប្រទេស​យើស​ខ្ញុំបាន​រង​គ្រោះ​នោះ​ទេ​” នេះ​បើ​តាម​សម្ដី​លោក Van Gucht។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បែល​ហ្សិក​បាន​ឱ្យ​ដឹង​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះ​មាន​លក្ខណៈ​ខ្ពស់​ នោះ​គឺដង់​ស៊ី​តេប្រជា​ជន​មាន​កម្រិត​ខ្ពស់​ជាង​បណ្ដា​ប្រទេស​នៅ​ក្បែរ​ខាង​។ អាកាសយានដ្ឋាន​ Brussels អាច​ជា​កន្លែង​ចម្លង​វីរុស​ឱ្យ​រាល​ដាល​ពាស​ពេញ​រដ្ឋ​ធានី​ដែល​មាន​ប្រជា​ជន​យ៉ាង​ច្រើន​កំពុង​រស់​នៅ​។ ពលរដ្ឋ​បែល​ហ្សិក​ជា​ច្រើន​ ថែម​ទាំង​បាន​ទៅ​លេង​ស្គី​ទឹក​កក​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ដែល​ជា​សម្បុក​មេរោគ​របស់​ប្រទេស​នេះ​ នៅក្នុង​រដូវ​ឈប់​សម្រាក​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

មជ្ឈមណ្ឌល​ថែ​ទាំ​ចាស់​ជរា​របស់​បែល​ហ្សិក​ មាន​អ្នក​ស្លាប់​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ដោយ​មួយ​ផ្នែក​គឺដោយ​សារ​មនុស្ស​ចាស់នៅ​ប្រទេស​នេះ​​ ចូល​ចិត្ត​រស់​នៅក្នុង​មជ្ឈមណ្ឌល​ចាស់​ជរា​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប។​ មន្ត្រីសុខាភិបាល​​បាន​ទទួលស្គាល់​ថា ពួកគេ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​រកឃើញ​ហានិភ័យ​នៃការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​នៅ​តាម​មជ្ឈមណ្ឌល​ចាស់​ជរា​ទាំង​នេះ​៕

ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

Advertisement