ចាំមើលមើល៍…តើលោកត្រាំ នឹងពាក់ម៉ាស់ការពារវីរុសឬអត់ ពេលទៅមើលរោងចក្រផលិតរថយន្ត Ford?

ចាំមើលមើល៍...តើលោកត្រាំ នឹងពាក់ម៉ាស់ការពារវីរុសឬអត់ ពេលទៅមើលរោងចក្រផលិតរថយន្ត Ford?

Ford Motor Co កាលពីថ្ងៃអង្គារ(ទី19ឧសភា) បានបញ្ជាក់ពីគោលការណ៍របស់ក្រុមហ៊ុន ដែលបានកំណត់ឱ្យភ្ញៀវគ្រប់រូបដែលមកទស្សនារោងចក្ររបស់ខ្លួន ត្រូវតែពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគកូវីដ-19 ប៉ុន្តែមិនបានបញ្ជាក់ថា ខ្លួននឹងបង្ខំឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រតិបត្តិតាមគោលការណ៍ខាងលើ ឬក៏អត់នោះទេ…ខណៈដែលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ មានកំណត់ការទៅទស្សនារោងចក្រផលិតរថយន្ត នៅក្នុងរដ្ឋមីឈិហ្គែន មួយនេះ ក្នុងអំឡុងចុងសប្ដាហ៍នេះ។

លោក ដូណាល់ ត្រាំ មានផែនការទៅមើលរោងចក្រមួយកន្លែងរបស់ Ford នៅក្នុងទីក្រុងអ៊ិបស៊ីលែនធី រដ្ឋមិឈិហ្គែន នៅថ្ងៃព្រហស្បតិ៍(ទី21 ឧសភា) ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ធ្វើជាកន្លែងផលិតម៉ាស៊ីនជួយការដកដង្ហើម តែយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា តើក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតលំដាប់ទី2 របស់សហរដ្ឋអាមេរិកមួយនេះ នឹងអនុញ្ញាតឱ្យលោកត្រាំ ល្មើសគោលការណ៍ផ្សេងៗដែលពួកគេបានកំណត់មកជាច្រើនសប្ដាហ៍ហើយនោះ ឬយ៉ាងណាឡើយ?។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford បានថ្លែងកាលពីថ្ងៃអង្គារ(ទី19ឧសភា)ម្សិលមិញថា “គោលការណ៍របស់យើង គឺគ្រប់គ្នាត្រូវតែពាក់ឧបករណ៍ការពារ ដើម្បីការពារការឆ្លងរាលដាលរបស់កូវីដ-19។ យើងបានចែករំលែករបៀបវិន័យសុវត្ថិភាពទាំងអស់របស់ Ford ទៅឱ្យសេតវិមានជាមុនរួចអស់ហើយ នៅក្នុងរួមមានទាំងសៀវភៅណែនាំអំពីខ្សែចង្វាក់ផលិតកម្មរបស់យើង ផែនទីបត់ណែនាំបុគ្គលិក និងបែបបទពិនិត្យវាយតម្លៃខ្លួនឯង សម្រាប់ត្រៀមការក្នុងដំណើរទស្សនានេះ”

នៅក្នុងសៀវភៅគោលការណ៍របស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងរោគរាតត្បាតដ៏ធំពីវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី1 ឧសភា បានបញ្ជាក់ថា បុគ្គលិក និងភ្ញៀវដែលមកទស្សនាគ្រប់រូប ចាំបាច់ត្រូវតែពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរោងចក្រផលិតកម្មរបស់ Ford នៅក្នុងសហរដ្ឋអាមេរិក។

សេតវិមាន បានបដិសេធការផ្ដល់ចម្លើយថា តើលោកត្រាំ នឹងពាក់ម៉ាស់ការពារដែរឬទេ? ខណៈដែលកាលពីពេលមុននេះ លោកត្រាំ ធ្លាប់បានប្រាប់ថា លោកនឹងពាក់ម៉ាស់ការពារ បើសិនជាចាំបាច់ តែកាលពីសប្ដាហ៍កន្លងទៅ លោកត្រាំបានធ្វើដំណើរទៅពិនិត្យមើលមជ្ឈមណ្ឌលចែកចាយម៉ាស់អនាម័យមួយកន្លែងនៅក្នុងរដ្ឋ ផេនស៊ីលវេនៀ ពេលនោះលោកត្រាំមិនបានពាក់ម៉ាស់ការពារមេរោគឡើយ។

សហភាពពលករ ឬ United Auto Workers ឬ UAW និងបណ្ដាអ្នកផលិតរថយន្ត ប៊ិកទ្រី បានពិភាក្សាគ្នាអស់ជាច្រើនសប្ដាហ៍ ពាក់ព័ន្ធនឹងរបៀបវិន័យផ្នែកសុវត្ថិភាពផ្សេងៗដែលត្រូវដាក់បញ្ជាឱ្យអនុវត្ត ដើម្បីបើកផ្លូវសម្រាប់ការវិលត្រឡប់មកដំណើរការគ្រឿងចក្រផលិតរថយន្តឡើងវិញ កាលពីថ្ងៃចន្ទ(ទី18ឧសភា) ក្រោយពីបានបិទប្រតិបត្តិការទាំងស្រុងតាំងពីចុងខែមីនា។

កាលពីខែកន្លងទៅ លោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍ បានពាក់ម៉ាស់អនាម័យការពារ ក្នុងអំឡុងពេលទស្សនារោងចក្រមួយកន្លែងរបស់ ជេនេរ៉ាល ម៉ូទ័រស៍ ដែលត្រូវបានប្រើប្រាស់ធ្វើជាកន្លែងផលិតម៉ាស៊ីនជួយការដកដង្ហើម ដូចគ្នានឹងលោកស្រី មែរី បារ៉ា CEO របស់ក្រុមហ៊ុន ជីអឹម
ដែរ តែលោកស្រីបានប្រាប់ទៅអ្នកចូលរួមក្នុងអំឡុងកិច្ចប្រជុំតុមូល ក្រោយចប់ការដើរទស្សនារោងចក្រថា អ្នកទាំងអស់គ្នា អាចដោះម៉ាស់ចេញបាន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement