ថៃ​ជោគជ័យ​ក្នុង​ការ​សាកល្បង​វ៉ាក់​សាំង​នៅលើ​សត្វ

ថៃ​ជោគជ័យ​ក្នុង​ការ​សាកល្បង​វ៉ាក់​សាំង​នៅលើ​សត្វ

តាម​គម្រោង​​ ប្រទេស​ថៃ​នឹង​​​មាន​វ៉ាក់​សាំង​ប្រឆាំង​ COVID-19 នៅ​ឆ្នាំ​ក្រោយ​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​កាល​ពីម្សិល​មិញ​ បន្ទាប់​ពី​ការ​ពិសោធ​សាកល្បង​នៅ​លើ​សត្វ​កណ្ដុរ​ ទទួល​បាន​លទ្ធ​ផល​ល្អ។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ Reuters កាលពីថ្ងៃទី​20​ឧសភា បាន​ដក​ស្រង់​សម្ដី​របស់​លោក Taweesin Wisanuyothin​ អ្នក​នាំ​ពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថាន​ភាព​ COVID-19 របស់​រាជ​រដ្ឋាភិបាលថៃ​ បាន​ឱ្យ​ដឹង​ថា ប្រទេស​ថៃ​​នឹង​ចាប់​ផ្ដើម​សាកល្បង​វ៉ាក់ថ្មី​ប្រឆាំង​​ COVID-19 នៅ​លើ​សត្វ​ស្វា​​នៅ​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​ការ​សាក​ល្បង​នៅ​លើ​សត្វ​កណ្ដុរ​ទទួល​បាន​ជោគ​ជ័យ​។

មន្ត្រី​ខាង​លើ​បាន​ថ្លែង​ថា “តាម​គម្រោង​ វ៉ាក់​សាំង​របស់​ថៃ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ក្រោយ​”។

វ៉ាក់​សាំង​ថ្មី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​​វិទ្យា​ស្ថាន​វ៉ាក់​សាំង​ជាតិ​ ក្រសួង​វេជ្ជ​សាស្ត្រ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់​សាំង​​នៃ​សាកល​វិទ្យាល័យ​ ជូឡាឡុង​កន​ របស់​ប្រទេស​ថៃ (Chulalongkorn​)។

នៅ​ទូទាំង​ពិភព​លោក មាន​វ៉ាក់​សាំង​ចំនួន​ជាង​100​ប្រភេទ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ទប់ស្កាត់​វីរុស​COVID-19 កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ ក្នុង​នោះ​មាន​វ៉ាក់​សាំង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​សាកល្បង​នៅ​លើ​មនុស្ស​ ប៉ុន្តែ កាល​ពី​ខែ​មេសា​ អង្គ​ការ​សុខភាព​ពិភពលោក​(WHO) បាន​ព្រមាន​ថា វ៉ាក់​សាំង​មួយតែង​​ត្រូវ​ការ​ពេល​យ៉ាង​តិច​12​ខែ​ទើប​អាច​ដាក់​ឱ្យ​ប្រើ​ប្រាស់​បាន​។

វ៉ាក់​សាំង​ប្រឆាំង​ COVID-19 ដែល​ត្រូវ​បាន​សាកល្បង​ដំបូង​គេនៅ​សហរដ្ឋ​អាមេរិក​​ នោះ​គឺ​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Moderna។ វ៉ាក់​សាំង​នេះ​ត្រូវ​បាន​សាកល្បង​នៅលើ​​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ ហើយ​វា​បង្ហាញ​ថា មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្កើត​អង្គ​បដិប្រាណ។​​​ នេះ​បើ​តាម​​ទិន្ន​ន័យ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន Moderna ប្រកាស​ឱ្យ​ដឹងនាដើម​សប្ដាហ៍​នេះ​។

លោក Taweesin បាន​ឱ្យ​ដឹង​ថា ប្រទេស​ថៃ ចង់​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​វ៉ាក់​សាំង​ដំបូង​គេ​​ដើម្បី​ប្រើ​ប្រាស់​ឱ្យ​ទាន់​ពេល​។

គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ បាន​រកឃើញ​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ (COVID-19) សរុប​ 3,034​នាក់ និង​56​នាក់​បាន​បាត់​បង់​ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement