កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

បច្ចុប្បន្ននេះទំនោរការស្រឡាញ់សុខភាពកំពុងតែពេញនិយមខ្លាំង មិនថាតែការហាត់ប្រាណ ឬញ៉ាំអាហារឱ្យកើតជាប្រយោជ​ន៍នោះទេ ដូច្នេះហើយទើបអាហារបន្ថែមបានក្លាយមកជាជម្រើសដែលកំពុងបានទទួលការពេញនិយម ជាពិសេសខ្លាញ់ថ្លើមត្រីដែលមនុស្សជាច្រើនជ្រើសរើសយកមកបំប៉នរាងកាយឱ្យរឹងប៉ឹងមាំមួន តែក៏នៅមានមនុស្សជាច្រើនទៀតដែរដែលយល់ច្រឡំរវាងខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី។ ថ្ងៃនេះ អ្នកជំនាញការខាង វេជ្ជភ័ណ្ឌ និងផលិតផលអាហារបំប៉នសូមចូលខ្លួនមកបកស្រាយអំពីការយល់ច្រឡំនេះឱ្យមិត្តអ្នកអានបានជ្រាបទាំងអស់គ្នាដូចតទៅ។

ការពិតទៅ “ខ្លាញ់ថ្លើមត្រី” នេះ ជាខ្លាញ់ដែលចម្រាញ់បានពីថ្លើមរបស់ត្រីសមុទ្រ ដែលមានវីតាមីន A និង D និយមប្រើជាមួយកុមារ មនុស្សវ័យជំទង់ និងវ័យធ្វើការងារ ដើម្បីបង្កើន និងពង្រឹងឆ្អឹង និងសារធាតុប្រឆាំងអនុមូលឥស្សរៈ ការពារស្បែក និងកែវភ្នែកពីការត្រូវបំផ្លាញដោយបរិស្ថានអាក្រក់ ជួយជំរុញប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធិភាព។

ខណៈដែល “ខ្លាញ់ត្រី” ជាសារធាតុដែលចម្រាញ់ចេញពីសាច់ ក្បាល កន្ទុយ និងស្បែករបស់ត្រីសមុទ្រ ដូជា ត្រី អ៊ែនឆូវី ត្រីសាល់ម៉ុន ត្រីមែកខរេល និងត្រីធូណា ដែលជាប្រភពរួមរបស់អូមេហ្កា3 ដែលមានចំណែកផ្សំសំខាន់របស់ខួរក្បាល ប្រព័ន្ធប្រសាទ ការធ្វើការងាររបស់សរសៃឈាមបេះដូង និងខ្សែភ្នែក ដែលបើសិនជាបានទទួលមិនគ្រប់គ្រាន់នោះ នឹងហុចផលដល់ការចុះខ្សោយរបស់ខួរក្បាល កែវភ្នែក មានសភាវសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមញ៉ុកណែនដោយសារខ្លាញ់នៅក្នុងឈាមខ្ពស់។

“បើប្រៀបធៀបនឹងបរិមាណអូមេហ្កា3 ដែលរាងកាយគួរបានទទួលក្នុងមួយថ្ងៃៗហើយនោះ ការញ៉ាំត្រីប្លាធូខ្នាតមធ្យមជាប្រចាំយ៉ាងតិចក្នុងមួយសប្តាហ៍ 3 ក្បាល ដោយមិនចាំបាច់ទៅទិញត្រីថ្លៃៗមកញ៉ាំក៏អាចជំនួសបានដូចគ្នាដែរ តែអ្វីដែលសំខាន់​នោះ អ្នកជំនាញខាងភោជនាហារ និងសុខភាពបានណែនាំឱ្យចម្អិនអាហារបែបស្ងោ ឬចំហុយ ដើម្បីថែរក្សាគុណតម្លៃរបស់អូមហ្កា​3ឱ្យនៅ​ដដែល និងបើញ៉ាំត្រីជាប្រចាំហើយនោះ ក៏មិនចាំបាច់ទៅជ្រើសរើសផលិតផលអាហារបំប៉នណាមកញ៉ាំឡើយ ហើយការញ៉ាំខ្លាញ់ត្រីយ៉ាងស័ក្តិសមនេះ ត្រូវនឹកដល់សភាពរាងកាយរបស់យើង បើជាបុគ្គលទូទៅដែលមានសុខភាពល្អហើយនោះ ខាងសមាគម​ជំ​ងឺបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឱ្យញ៉ាំអាស៊ីតខ្លាញ់អូមេហ្កា3 ដើម្បីការពារការកើតជំងឺសរសៃឈាមបេះដូងណែនស្ទះ ដោយត្រូវញ៉ាំយ៉ាងតិច 500 មីល្លីក្រាម”។

ដែលសំខាន់នោះគឺ គួរទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកស្អាត ហាត់ប្រាណឱ្យបានជាប់ជានិច្ច សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពដែលរឹងប៉ឹងមាំមួនយូរអង្វែង៕

Advertisement