ព្រឹកនេះកម្ពុជាប្រកាសថាមានអ្នកឆ្លង Covid-19 បន្ថែមម្នាក់ទៀតជាស្ត្រីមកពីអាមេរិក

នៅមុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសថាមានអ្នកជំងឺ Covid-19 ម្នាក់ទៀតត្រូវបានរកឃើញ ដែលករណីនេះជាករណីទី 124 ហើយនៅកម្ពុជា។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី 23 នេះបញ្ជាក់ា នៅថ្ងៃទី 22 ម៉ោង 9:30នាទីយប់ ក្រសួងបានរកឃើញអ្នកជំងឺ Covid-19 ថ្មីម្នាក់ទៀត ជាស្ត្រីខ្មែរអាយុ 39ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលទើបតែត្រឡប់មកពីអាមេរិក ឆ្លងកាត់សាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជានៅថ្ងៃទី 08 ខែឧសភា ឆ្នាំ2020។ តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះបានបញ្ជាក់ថា គាត់ទៅទីក្រុងញូយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ2020 រួចបន្តនៅទីនោះដោយសារការបិទជើងហោះហើរ។

ពេលត្រឡប់មកដល់កម្ពុជាវិញ គាត់បានរស់នៅដាច់ដោយឡែកដោយខ្លួនឯង និងបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី 12 ខែឧសភា ឆ្នាំ2020 ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន។ គ្រូពេទ្យបានណែនាំឱ្យគាត់ធ្វើចត្តឡីស័កឱ្យគ្រប់ចំនួន 14ថ្ងៃ រហូតដល់ថ្ងៃទី 20 ខែឧសភា អាការៈរបស់គាត់នៅតែមិនទាន់ធូរស្រាល ហើយនៅថ្ងៃទី 22 ខែឧសភា ម្សិលម៉ិញនេះ គាត់ត្រូវបានគ្រូពេទ្យយកវត្ថុសំណាកទៅវិភាគសារជាថ្មីម្តងទៀត ដែលទទួលបានលទ្ធផលវិជ្ជមាន។

បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី 22 ខែឧសភា ឆ្នាំ2020រួចហើយ៕

Advertisement