ជាង​347,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​347,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជិត​5.7​លាន​នាក់​ ខណៈ​ដែល​អាមេរិកខាង​ត្បូង​កំពុង​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​មួយ​ក្នុង​ពិភពលោក​។

ប្រទេស​និង​ដែនដី​​ចំនួន​213​ក្នុង​សកល​លោក​ត្រូវ​បាន​រាយការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​សរុប​​5,581,290​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​347,530​នាក់​ ក្នុង​នោះ​ចំនួន​អ្នក​ជំងឺ​ថ្មី​មាន​​90,097​នាក់ និង​អ្នក​ស្លាប់​ថ្មី​​មាន​​1,204​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​2,360,911​នាក់​។

សហរដ្ឋ​អាមេរិក​​ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​​ក្នុង​ពិភពលោក​ មាន​អ្នក​ជំងឺ​សរុប​1,705,668​នាក់ និង​អ្នក​ស្លាប់​99,782​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​19,232​នាក់​ និង​អ្នក​ស្លាប់​ថ្មី​452​នាក់​។ តួលេខ​នេះ​បាន​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ដំណាក់​កាល​កំពូល​របស់​ COVID-19។

ប្រទេស​ប្រេស៊ីល ទើប​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​11,280​នាក់​ និង​អ្នក​ស្លាប់​757​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ធ្វើ​ឱ្យ​តួលេខ​​នៃ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​374,898​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​23,473​នាក់​ បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា តួលេខ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​វីរុស​COVID-19នៅ​ប្រេស៊ីល ​អាច​ខ្ពស់​ជាង​15​ដង​បើ​ធៀប​នឹង​ទិន្ន​ន័យ​ដែល​បាន​ប្រកាស​ ដោយ​សារ​តែ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​របស់​ប្រេស៊ីល​នៅ​មាន​កម្រិត​។

ចំណែក​ប្រទេស​រុស្ស៊ី​វិញ មាន​អ្នក​ជំងឺ​COVID-19សរុប​ 353,427​នាក់ និង​អ្នក​ស្លាប់​សរុប​3,633​នាក់​ ក្នុង​នោះ​អ្នក​​ជំងឺ​ និង​អ្នក​ស្លាប់​​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​មាន​ចំនួន​ 8,946​នាក់​ និង​92​នាក់​។ រុស្ស៊ី​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement