បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

បុគ្គលិក​សុខាភិបាល​អេស្បា៉ញ​រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម

បុគ្គលិក​សុខាភិបាល​ដែល​តម្រូវ​ឱ្យ​ចូល​រួម​បេសក​កម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ប្រទេស​អេស្ប៉ាញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​នានា​ដើម្បី​តវ៉ា​ចំពោះ​ស្ថាន​ភាព​ខ្វះ​សម្ភារការ​​ពារ​ខ្លួន​​។

ក្រុម​គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ជា​ដើម បាន​នាំ​គ្នា​ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ Madrid កាលពីម្សិល​មិញ(25ឧសភា)។ ​គ្រូពេទ្យ​ខ្លះ​កាន់​បដាដែល​​សរសេរ​ថា “បុគ្គលិក​សុខាភិបាល​គឺសំខាន់​និង​ចាំបាច់” ឬ “យើង​កំពុងប្រ​យុទ្ធ​ដោយ​មិន​មាន​អាវុធ​” និង​ “អ្នក​ណា​ខ្លះ​យកចិត្ត​ទុក​ដាក់​ដល់​អ្នក​ថែ​ទាំសុខភាព​”។ល។

Silvia Garcia ដែល​ជា​គិលានុបដ្ឋាកិយា​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ បាន​ឱ្យដឹង​ថា បាតុកម្ម​នេះធ្វើ​ឡើង​​ក្នុង​បំណង​​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ “ការ​ប្រថុយ​ប្រថាន​ក្នុង​ការ​ងារ​” របស់​ពួកគេ​។ Silva Garcia គឺជា​ម្នាក់​ក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ Gregorio Maranon នៅ​រាជធានី​ Madrid ប្រទេស​អេស្ប៉ាញ។

“យើង​ត្រូវ​ការ​​មធ្យោបាយ​ដើម្បី​ថែ​ទាំ​អ្នក​ជំងឺ​។ យើង​ត្រូវ​ការ​ឱ្យ​មាន​ការ​ធានា​ថា ខ្លួន​អាច​ឈប់​សម្រាក​ និងការ​ពារ​ខ្លួន​ដើម្បី​បំពេញ​ការ​ងារ​នៅក្នុង​ស្ថាន​ភាព​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​” Victor Aparermo ជា​បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​បន្ទប់​ថែ​ទាំ​សកម្ម​ បាន​និយាយ​បែប​នេះ​។

ក្រុម​បាតុករ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​បាក់កម្លាំង​ទៅ​ហើយ ទន្ទឹម​នឹង​នេះ​ក៏បាន​រៀប​រាប់​អំពី​ការ​ខ្វះ​បុគ្គលិក​ និង​សម្ភារ​ការ​ពារ​ខ្លួន​នៅ​ពេល​ទប់ទល់​នឹង​ COVID-19។ ប្រមាណ​ជា​1ភាគ3​នៃ​តួលេខ​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អេស្ប៉ាញ​ ត្រូវ​បាន​រក​ឃើញ​នៅ​រាជធានី​ Madrid ជា​កន្លែង​ដែល​ប្រព័ន្ធ​សុខាភិបាល​ជិត​នឹង​ដួល​រលំ​នៅ​ពេល​មេរោគ​រាត​ត្បាត​ឡើង​ដល់​ចំណុច​កំពូល​។ ក្រុម​បុគ្គលិក​សុខាភិបាល​ ត្រូវ​ការ​ឱ្យ​អាជ្ញាធរ​​​ក្រុង​បន្ថែម​បុគ្គលិក​ចំនួន​10,000​នាក់​បន្ថែម​ទៀត​ដើម្បី​ជួយ​ទប់​ទល់​នឹង​COVID-19។

អេស្ប៉ាញ កាល​ពី​ម្សិលមិញ(25ឧសភា) បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​វិធាន​ការ​ទប់ស្កាត់​វីរុស​។ រាជធានី​ Madrid និង​ទីក្រុង​ Barcelona ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ការ​ដាក់​បម្រាម​គោចរ​តឹង​តែង​បំផុត​ក្នុង​ពិភពលោក​ បាន​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​ឧទ្យាន​ និង​ហាង​កាហ្វេ​នៅ​ទី​វាល​ក្នុង​សួន​ច្បារ​នានា បន្ទាប់​ពី​បាន​ផ្អាក​ដំណើរ​ការ​ជាង​2ខែ​កន្លង​មក​នេះ​។

ឆ្នេរសមុទ្រ​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ​ និង​តំបន់មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ​ រួម​មាន​ប្រជុំកោះ​ Canary និង Balearics ក៏​បាន​បើក​ទ្វារ​ដើម្បី​ឱ្យ​ពលរដ្ឋ​មក​ហែល​លេង​ផងដែរ​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​5.5​លាន​​នាក់​បាន​ឆ្លង​វីរុស​ និង​ជាង​347,000​នាក់​បាន​បាត់​បង់ជីវិត​។ អេស្ប៉ាញ ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី4​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​280,000​នាក់ និង​ជិត​27,000​នាក់​បាន​ស្លាប់​៕

ប្រភព​៖​សារ​ព័ត៌មាន​បរទេស​

Advertisement