ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុង​សាក​ល្បង​លើ​មនុស្ស ដំណាក់កាលទី2

ដំណឹងល្អមួយទៀតហើយ!! នៅចិន មានវ៉ាក់សាំងថ្មីមួយ កំពុងសាកល្បងលើមនុស្ស ដំណាក់កាលទី2

របាយការណ៍នៅក្នុងព្រឹត្តិបត្រខាងវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃទី24 ឧសភា បានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងបែប MRNA ដើម្បីការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន ឃែនស៊ីណូ បៃអូឡូជិក អ្នកផលិតឱសថមកពីប្រទេសចិន កំពុងទទួលបានជោគជ័យក្នុងសាកល្បងលើមនុស្សដំណាក់កាលដំបូង និងកំពុងត្រៀមការសាកល្បងលើមនុស្សក្នុងដំណាក់កាលទី2 នាពេលនេះ។ អាចរាប់បានថា ជារូបមន្តមួយ ក្នុងចំណោមរូបមន្តវ៉ាក់សាំងមិនច្រើនប៉ុន្មានឡើយ ដែលបានឆ្លងចូលដល់ដំណាក់កាលទី2 នាពេលនេះ ដែលរួមមានទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន ម៉ូឌើណា, វ៉ាក់សាំងរបស់មហាវិទ្យាល័យអុកស្វ៊ើដ, និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ិណូវែក ផងដែរ។

វ៉ាក់សាំងមួយនេះ មានឈ្មោះហៅថា “អេឌី5-អិនខូហ្វ”(Ad5-nCoV) ទទួលបានជោគជ័យក្នុងការសាកល្បងនៅលើមនុស្ស ដើម្បីរកមើលថា តើវានឹងជំរុញឱ្យកើតមានការតបស្នងរបស់ប្រព័ន្ធប្រឆាំងមេរោគបង្កជំងឺកូវីដ-19 បានឬទេ? ដោយវាស់ពីបរិមាណរបស់ ធី-សេលល៍ (សេលល៍គ្រាប់ឈាមស 1ប្រភេទ) និងបរិមាណរបស់អង់ទីគ័រនៅក្នុងរាងកាយរបស់ក្រុមអ្នកស្ម័គ្រចិត្តសាកល្បង។

លោក វើយ ឈឹន អ្នកជំនាញការពីស្ថាប័នតិចណូឡូជីជីវសាស្ត្រទីក្រុងប៉េកាំង បានបញ្ជាក់ថា វ៉ាក់សាំងនេះ 1ដូស អាចសាងអង់ទីគ័របណ្ដុះ និងធីសេលល៍ ដែលត្រូវការឡើងបានក្នុងអំឡុងពេល 14ថ្ងៃ ធ្វើឱ្យមានសក្ដានុពលដល់ការស្រាវជ្រាវស្វែងរកការសាកល្បងជាបន្តទៀត តែក៏នៅមានចំណុចគួរឱ្យបារម្ភ និងបញ្ហាដែលត្រូវកែខៃកើតឡើងឱ្យយើងបានឃើញផងដែរ។

ការចាក់វ៉ាក់សាំងកម្រិត 3ដូស ទៅលើក្រុមអ្នកស្ម័គ្រចិត្ត បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងនេះបានបង្កឱ្យកើតមានផលបន្ទាប់បន្សំ ពោលគឺ ភាគច្រើននៃក្រុមអ្នកស្ម័គ្រចិត្តសាកល្បង នឹងកើតអាការគ្រុនក្ដៅ ឈឺក្បាល និងឈឺចុកចាប់តាមរាងកាយ ដំណាលគ្នានោះ ក៏នៅខ្វះភាពទៀងទាត់ក្នុងការបង្កឱ្យកើត ធីសេលល៍ និងអង់ទីគ័រដែលយើងត្រូវការដែរ…នេះគឺជាបញ្ហាធំ ដែលត្រូវកែខៃជាបន្តទៀត ព្រោះវាបានបង្ហាញឱ្យឃើញថា អ្នកទទួលបានវ៉ាក់សាំង អាចមានប្រព័ន្ធប្រឆាំងជំងឺក្នុងពេលវេលាដែលមានកំណត់ រហូតដល់អាចត្រូវបានទទួលការចាក់វ៉ាក់សាំងនេះជាលើកទី2 និងក្នុងពេលជាមួយគ្នា វាក៏បង្ហាញឱ្យឃើញទៀតដែរថា វ៉ាក់សាំងនេះ អាចនឹងទទួលបានលទ្ធផលល្អ ចំពោះតែលើក្រុមមនុស្សក្នុងអាយុណាមួយប៉ុណ្ណោះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement