ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួល

ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួល

គ្រូពេទ្យជប៉ុន បានព្រមានថា ការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគ កណ្ដាលធាតុអាកាសដែលកំពុងក្ដៅខ្លាំង អាចប្រថុយប្រថាននឹងការកើតអាការខ្យល់គ និងដួលសន្លប់បាត់ស្មារតី ដោយសាររាងកាយខ្វះជាតិទឹក។

ខណៈដែលប្រជាជនជប៉ុនស្ទើរតែទាំងអស់ពាក់ម៉ាស់អនាម័យ ដើម្បីការពារការឆ្លងមេរោគកូវីដ-19 សីតុណ្ហភាពនៅក្នុងប្រទេសជប៉ុន ក៏កំពុងចាប់ផ្ដើមកើនកម្ដៅឡើង មុនពេលឈានចូលរដូវក្ដៅក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះដែរ។ គ្រូពេទ្យបានព្រមានថា ការពាក់ម៉ាស់ការពារមេរោគក្នុងអំឡុងពេលដែលធាតុអាកាសក្ដៅខ្លាំង ធ្វើឱ្យខ្យល់អាកាសដែលត្រជាក់ មិនអាចចូលទៅក្នុងសួតបាន ប្រព័ន្ធដកដង្ហើម នឹងធ្វើការធ្ងន់ធ្ងរឡើង ព្រោះដកដង្ហើមមិនស្រួល ដែលវានឹងបណ្ដាលឱ្យសីតុណ្ហភាពក្នុងរាងកាយកើនខ្ពស់ឡើង រហូតកើតអាការខ្យល់គ ដួលសន្លប់បាត់ស្មារតីបាន។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ជប៉ុន បានបញ្ជាក់ថា នៅលើផ្ទៃមុខមនុស្សយើង មានបណ្ដាញសរសៃប្រសាទជាច្រើនដែលទន់ជ្រាយចំពោះសីតុណ្ហភាពក្ដៅ-ត្រជាក់ខ្លាំងជាងផ្នែកផ្សេងៗរបស់រាងកាយ ដូច្នេះហើយទើបការបិទបាំងផ្ទៃមុខដោយម៉ាស់ មានភាពប្រថុយប្រថានក្នុងការធ្វើឱ្យរាងកាយមានសីតុណ្ហភាពខ្ពស់ឡើង រហូតដល់មានគ្រោះថ្នាក់ក្នុងរដូវក្ដៅ។

គ្រូពេទ្យបានព្រមានថា ពេលពាក់ម៉ាសអនាម័យការពារ នឹងធ្វើឱ្យយើងមានអារម្មណ៍ថា មិនសូវស្រេកទឹក ដោយសារតែសំណើមនៅក្រោមក្រណាត់ម៉ាស់ តែខណៈពេលជាមួយគ្នា វាក៏នឹងប្រមូលសន្សំកម្ដៅទុកនៅក្នុងរាងកាយយើងដែរ។ គ្រូពេទ្យបានណែនាំឱ្យញ៉ាំទឹកឱ្យបានច្រើនៗ តែឱ្យចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវានឹងធ្វើឱ្យរាងកាយបណ្ដេញជាតិទឹកចេញកាន់តែច្រើនឡើង បត់ជើងតូចញឹកញាប់ រាងកាយនឹងខ្វះជាតិទឹក។

ពេទ្យជប៉ុនព្រមាន ពាក់ម៉ាស់ការពារមេរោគ អំឡុងពេលធាតុអាកាសក្ដៅខ្លាំង ប្រឈមនឹងអាការខ្យល់គដួលក្រៅពីនេះ ទោះជាបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះក៏ដោយ ក៏គួរតែធ្វើលំហាត់ប្រាណស្រាលៗ ឱ្យចេញញើស ព្រោះវានឹងជួយធ្វើឱ្យរាងកាយមានអារម្មណ៍សប្បាយស្រួលខ្លួន។

គ្រូពេទ្យបានណែនាំទៀតថា បើសិនជាត្រូវពាក់មាស់អនាម័យកណ្ដាលធាតុអាកាសក្ដៅហប់ខ្លាំង យើងគួរតែប្រើក្រណាត់ជ្រលក់ទឹកដាក់ស្អំនៅលើកញ្ចឹងក ព្រោះវានឹងជួយបញ្ចុះកម្ដៅក្នុងរាងកាយបាន ក្រៅពីនេះ គួរប្រើម៉ាស៊ីនត្រជាក់ ញ៉ាំទឹក និងបន្ថែមពេលវេលាសម្រាកឱ្យបានយូរឡើង ក្នុងអំឡុងពេលធាតុអាកាសក្ដៅខ្លាំង ជាពិសេសអ្នកដែលធ្វើការនៅផ្ទះ ដែលច្រើនតែសន្សំសំចៃថ្លៃភ្លើង មិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ អាចនឹងមានគ្រោះថ្នាក់ដោយសារធាតុអាកាសក្ដៅហប់បាន។

គ្រូពេទ្យជប៉ុនបានដាស់តឿនទៀតថា មិនគួរពាក់ម៉ាស់ខណៈពេលហាត់ប្រាណខ្លាំងៗឡើយ អាចមានគ្រោះថ្នាក់ដល់ជីវិត ព្រោះធ្លាប់មានសិស្សសាលាជនជាតិចិន ដែលពាក់ម៉ាស់អនាម័យ N95 បានស្លាប់ខណៈពេលធ្វើលំហាត់ប្រាណ ដោយសារតែខ្វះអុកស៊ីហ្ស៊ែនរួចមកហើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement