សារព័ត៌មានលំដាប់ពិភពលោកមួយ បង្ហាញព័ត៌មានស៊ីជម្រៅថា ចិន ពិតជាផ្ញើទិន្នន័យទៅឱ្យ WHO យឺតយ៉ាវមែន…និង ទាំងចិន ទាំងអាមេរិក សុទ្ធតែនិយាយមិនត្រង់…

កាលពីថ្ងៃទី2 មិថុនា អង្គភាពផ្នែកស៊ើបព័ត៌មានស៊ីជម្រៅរបស់ AP ទីភ្នាក់ងារព័ត៌មានលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិក បានបង្ហាញព័ត៌មានបែបស៊ីជម្រៅ និងទិន្នន័យនៅពីក្រោយស្ថានការណ៍ ក្នុងអំឡុងការរកឃើញជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាឆ្នាំ2019 ឬកូវីដ-19 នៅទីក្រុងវូហាន ប្រទេសចិន ដោយពួកគេបានរកឃើញថា បណ្ដាក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោក ឬ WHO សុទ្ធតែមានអារម្មណ៍មួម៉ៅនឹងភាពយឺតយ៉ាវនៃការផ្ដល់ទិន្នន័យពីខាងរដ្ឋបាលចិន។

AP បានបញ្ជាក់ថា ព័ត៌មានថ្មីៗដែលក្រុមអ្នកស៊ើបព័ត៌មានបែបស៊ីជម្រៅរបស់ខ្លួនបានរកឃើញនោះ មិនស៊ីគ្នាជាមួយទាំងពាក្យអះអាងរបស់រដ្ឋបាលចិន និងការចោទប្រកាន់របស់លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ត្រាំ ដែលបានចោទថា រដ្ឋបាលចិន និង WHO បានរួមដៃគ្នាបិទបាំងសហគមន៍ពិភពលោកនោះឡើយ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ WHO ក្នុងការអង្វរសុំទិន្នន័យពីខាងចិនយកមកវិភាគ ដើម្បីដាស់តឿនមនុស្សលោក ទោះជាខ្លួនឯងគ្មានអំណាចអ្វី និងស្ថិតក្រោមសម្ពាធដ៏ធំមហាសាលក្ដី…។

សារព័ត៌មានលំដាប់ពិភពលោកមួយ បង្ហាញព័ត៌មានស៊ីជម្រៅថា ចិន ពិតជាផ្ញើទិន្នន័យទៅឱ្យ WHO យឺតយ៉ាវមែន...និង ទាំងចិន ទាំងអាមេរិក សុទ្ធតែនិយាយមិនត្រង់...ថយត្រឡប់ទៅកាលពីដើមខែមករាវិញ កាលនោះ WHO ធ្លាប់បានថ្លែងសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលចិនជាបន្តបន្ទាប់ ដូចជា រឿងការទប់ទល់នឹងមេរោគដែលឆាប់រហ័ស និងដាច់ខាត និងបានសម្ដែងការអរគុណ ដែលរដ្ឋបាលចិនបានប្រញាប់ប្រគល់ទិន្នន័យខាងពូជកំណើតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនោះមកឱ្យ WHO “ភ្លាមៗ” រួមទាំងកោតសរសើររដ្ឋបាលចិនថា មានភាពប្រឹងប្រែងព្យាយាមធ្វើការ និងគ្មានលាក់បាំង “យ៉ាងគួរឱ្យពេញចិត្ត និងគ្មានពាក្យនឹងបរិយាយ”។

ប៉ុន្តែ នៅពីក្រោយរឿងរ៉ាវទាំងនោះ AP បានរកឃើញថា បរិយាកាសនៅក្នុងស្ថាប័ន WHO នាពេលនោះ ពោរពេញទៅដោយក្ដីមួម៉ៅ និងមិនពេញចិត្តរបស់ក្រុមមន្ត្រី ដោយសារតែនៅមិនទាន់បានទទួលទិន្នន័យដែលចាំបាច់ ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់មេរោគវីរុសមួយនោះ ដោយរដ្ឋបាលចិនបានប្រគល់ទិន្នន័យកូដពូជកំណើត ឬ ជីណូម មកឱ្យ យឺតពេលជាង 1សប្ដាហ៍ ក្រោយពីបន្ទប់ប្រតិបត្តិការរបស់រដ្ឋបាលចិនបានដោះកូដរបស់ជីណូម រួចរាល់ទៅហើយយ៉ាងតិច 3កន្លែង។

ផែនទីជីណូម របស់ពូជកំណើតវីរុសកូរ៉ូណា ទូទាំងពិភពលោក

AP សន្និដ្ឋានថា មូលហេតុនៃការយឺតយ៉ាវនេះ បណ្ដាលមកពីកម្មវិធីគ្រប់គ្រងទិន្នន័យដ៏តឹងរ៉ឹង និងការប្រកួតប្រជែងដណ្ដើមគ្នាកសាងស្នាដៃ ផ្ទៃក្នុងស្ថាប័នសាធារណៈសុខាភិបាលរបស់ចិន ដែលការសន្និដ្ឋាននេះ គឺបានមកពីការដែល AP បានសម្ភាស និងពិនិត្យមើលឯកសារចំនួនដ៏ច្រើនរបស់ចិន។

ការប្រគល់ទិន្នន័យជីណូម របស់រដ្ឋបាលចិនមកឱ្យ WHO កើតមានឡើងក្រោយពីបន្ទប់ប្រតិបត្តិការ 1កន្លែងនៅក្នុងប្រទេសចិន បាននាំទិន្នន័យទាំងនោះទៅផ្សព្វផ្សាយតាមរយៈវេបសាយប្រឆាំងវីរុសវិទ្យា នៅថ្ងៃទី11 មករារួចហើយ។ បន្តពីនោះមក រដ្ឋបាលចិន ថែមទាំងបានបញ្ជូនទិន្នន័យផ្នែកអាការជំងឺ និងតួលេខអ្នកឆ្លងមេរោគ យឺតយ៉ាវរហូតដល់ទៅ 2សប្ដាហ៍ទៀត តាមរយៈការពិនិត្យមើលឯកសារផ្ទៃក្នុងរបស់ WHO ដែលអាចហុចផលឱ្យនាំឆ្ពោះទៅរកការពន្យឺតការឆ្លងរាលដាលបានតាំងពីដំបូង។

របាយការណ៍បានបញ្ជាក់ថា ការសម្ដែងការកោតសរសើររបស់ WHO ចំពោះរដ្ឋបាលចិននៅចំពោះមុខសហគមន៍ពិភពលោកនោះ គឺធ្វើឡើងដើម្បីព្យាយាមយកចិត្តស្ថាប័នរបស់ចិន ដើម្បីឱ្យពួកគេទាំងនោះបញ្ជូនទិន្នន័យផ្សេងៗទៀត ដែល WHO ត្រូវការ មកបន្ថែមទៀតឱ្យបានលឿនបំផុត ដែលរឿងនេះ ឯកសារផ្ទៃក្នុងរបស់ WHO បានបង្ហាញថា នៅផ្ទៃក្នុងស្ថាប័ន WHO វិញ ក្រុមមន្ត្រីដែលពាក់ព័ន្ធ បានសម្ដែងក្ដីមិនពេញចិត្តនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី6 មករា ដោយសារតែយល់ឃើញថា ទិន្នន័យដែលរដ្ឋបាលចិនផ្ញើមកឱ្យនោះ មិនទាន់គ្រប់គ្រាន់ចំពោះការវាយតម្លៃពីសមត្ថភាពក្នុងការឆ្លងរាតត្បាត ពីមនុស្ស ទៅមនុស្ស និងភាពប្រថុយប្រថានរបស់មនុស្សលោកនៅឡើយ។

លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ ហ្វាន ឃើកហូហ្វ អ្នកជំនាញខាងរោគរាតត្បាតជនជាតិអាមេរិកាំងនៅក្នុងស្ថាប័ន WHO បច្ចុប្បន្នមានតំណែងជា ប្រធានក្រុមទប់ទល់នឹងមេរោគកូវីដ-19 របស់ WHO បានបញ្ជាក់ថា អង្គភាពផ្នែកវាយតម្លៃរបស់ WHO មានទិន្នន័យតិចតួចបំផុត មិនគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យរៀបផែនការទប់ទល់នឹងអ្វីបានឡើយ។

របាយការណ៍ស៊ើបព័ត៌មានបែបស៊ីជម្រៅនេះ កើតឡើងក្នុងអំឡុងពេលដែល WHO កំពុងប្រឈមនឹងសំឡេងរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារទើបនឹងទទួលយកការតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការដំណើរការរបស់គ្រប់ភាគី ដែលការថ្លែងសរសើររដ្ឋបាលចិន របស់ WHO នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា កាន់ជើង និងសហការគ្នាជាមួយរដ្ឋបាលចិន រហូតដល់ថ្ងៃទី29 ឧសភា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានប្រកាសកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ WHO ដែលហុចផលឱ្យ WHO លែងទទួលបានប្រាក់បរិច្ចាគពីសហរដ្ឋអាមេរិកដល់ទៅ 450លានដុល្លារ និងដែលធ្វើឱ្យមានការជំទាស់ពីបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន។

ផ្ទុយទៅវិញ លោកប្រធានាធិបតី ស៊ី ជីនភីង មេដឹកនាំចិន បានប្រកាសថា ចិននឹងផ្ដល់ប្រាក់គាំទ្រទៅ WHO ចំនួនដល់ទៅ 2ពាន់លានដុល្លារ ក្នុងរយៈពេលមិនលើស 2ឆ្នាំ ព្រមទាំងបានអះអាងថា ចិននឹងដំណើរការតាមសម្ព័ន្ធកិច្ច ដើម្បីគាំទ្រ WHO និងសហគមន៍ពិភពលោកយ៉ាងចំពេលវេលាទៀតផង។

ទាំងអស់នេះ WHO គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើជាមជ្ឈមណ្ឌលបញ្ជាការកណ្ដាលចម្បងរបស់សហគមន៍ពិភពលោក ក្នុងការទប់ទល់ក្នុងករណីកើតមានការឆ្លងរាតត្បាតធំៗនៃជំងឺផ្សេងៗ ប៉ុន្តែ គ្មានបទប្បញ្ញត្តិណាមួយផ្ដល់អំណាចឱ្យ WHO កៀបសង្កត់ប្រទេសជាសមាជិកបានឡើយ ត្រូវតែអាស្រ័យលើការស្ម័គ្រចិត្តរួមសហការទាំងស្រុង។

AP មើលឃើញថា ព័ត៌មានទាំងអស់ខាងលើ បានបង្ហាញថា WHO មិនបានរួមដៃគ្នាជាមួយរដ្ឋបាលចិន ដូចការចោទប្រកាន់របស់មេដឹកនាំសហរដ្ឋអាមេរិកឡើយ ប៉ុន្តែ WHO មិនអាចធ្វើការបានយ៉ាងពេញទំហឹងឡើយ ដោយសារតែការប្រគល់ទិន្នន័យដែលមានតិចតួចបំផុត តាមដែលអាចធ្វើបានរបស់រដ្ឋបាលចិន តាមបទប្បញ្ញត្តិតែប៉ុណ្ណោះ។

ករណីដែលកើតឡើងនេះ ហុចផលឱ្យ WHO ត្រូវតែខំព្យាយាមធ្វើគ្រប់វិធី ដើម្បីអង្វរសុំទិន្ន័យពីរដ្ឋបាលចិនបន្ថែមទៀត តែការពិតមួយដែលច្បាស់លាស់បំផុតនោះគឺ ការកោតសរសើររបស់អ្នកជំនាញការ និងបណ្ដាអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក ចំពោះអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការរបស់ចិន ដែលធ្វើការបានឆាប់រហ័ស និងចំគោលដៅ៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement