ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York

ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
នេះ​គឺជា​ចៃ​ឆ្កែ​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​ស្គាល់

ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​ដោយ​សារ​ចៃ​ឆ្កែ​​មួយ​ប្រភេទ មាន​រោគ​សញ្ញា​ស្រដៀង​​​នឹង​ជំងឺ​រលាក​សួត​ដែល​បង្ក​​ឡើង​ដោយ​វីរុស​COVID-19 បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​។

សារ​ព័ត៌មាន FOX6Now បាន​រាយ​ការណ៍​ថា មជ្ឈមណ្ឌល​គ្រប់​គ្រង​​នឹង​ទប់​ស្កាត់​ជំងឺ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention) បាន​ឱ្យ​ដឹង​ថា ជំងឺ​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា ជំងឺ​ចៃឆ្កែ​ Anaplasmosis នេះ​ គឺ​កើត​ឡើង​ដោយ​សារ​បាក់​តេរី​មួយប្រភេទ​​ដែល​បាន​ឆ្លង​ទៅ​មនុស្សតាម​រយៈ​ស្នាម​ខាំ​​របស់​​ចៃ​ឆ្កែ​ឈ្មោះ​ tick មួយ​ប្រភេទ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​ ក្ដៅ​ខ្លួន​ រងា​ញាក់​ញ័រ​ ឈឺក្បាល​ និង​ឈឺ​សព្វ​សារ​ពាង្គ​​កាយ​។ ​រោគ​សញ្ញា​ទាំង​នេះ​ក៏​ត្រូវ​បាន​ CDC កត់​ត្រា​ថា​ស្រដៀង​ទៅ​នឹង​​ជំងឺ​រលាក​សួត​ដែល​កើត​ឡើង​ដោយសារ​វីរុស​COVID-19ផងដែរ​។

នាយក​រង​នៃ​​អង្គ​ភាព​គ្រប់​គ្រង់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​​នៃ​រដ្ឋ​ New York លោក Byron Backenson បាន​ប្រាប់​សារ​ព័ត៌មាន​ Adirondack Explorer ថា៖ “តួលេខ​នៃករណី​ឆ្លង​ជំងឺ​នេះ​ពិត​ជា​កំពុង​កើន​ឡើង​ខ្ពស់​ ពិសេស​គឺ​នៅ​ក្នុង​តំបន់​ភាគឦសាន​​នៃ​ទីក្រុង​ New York”។

រោគ​សញ្ញា​របស់​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​​ តែង​តែស្ដែង​ឡើង​ក្រោយ​រយៈ​ពេល​ពី ​1-2​សប្ដាហ៍​បន្ទាប់​ពី​បានឆ្លង​បាក់តេរី​​ដោយ​សារ​ចៃ​ឆ្កែ​ខាំ​។ មន្ត្រី​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា បើ​សិនជា​មិន​បាន​ព្យាបាល​ឱ្យ​ទាន់​ពេល​ទេ​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
នេះ​គឺជា​ចៃ​ឆ្កែ​មួយ​ប្រភេទ​ដែល​នៅ​ស្គម

លោក Byron Backenson បាន​ឱ្យ​ដឹង​ថា នៅក្នុង​ស្ថាន​ភាព​វឹកវរ​នៃ​វិបត្តិ​សុខាភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 សាធារណជន​ពិបាក​​មើល​ឃើញ​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​ចៃ​ឆ្កែ​នេះ​។ លោក​បន្ត​ថា ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត្​ទុក​ដាក់​ស្មើ​នឹង​ជំងឺ​ Lyme ដែល​ជា​ជំងឺ​មួយ​ប្រភេទ​ឆ្លង​ពី​ចៃ​ឆ្កែ​ដែល​គេ​តែង​ជួប​ជា​ញឹក​ញាប់​នៅ​ទីក្រុង​ New York នោះ​ទេ​។

យោង​តាម​របាយ​ការណ៍​ ក្រៅ​ពី​ទីក្រុង​ New York ក្នុង​ឆ្នាំ​2009​ នៅ​ទូទាំង​រដ្ឋ​ New York មាន​ករណី​ឆ្លង​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​​ សរុប​ចំនួន​ជាង​300​នាក់​ ប៉ុន្តែនៅ​ឆ្នាំ​2018 តួលេខ​នេះ​បាន​កើន​ជាង​ទ្វេ​ដង​។

ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ក្រុម​វេជ្ជ​បណ្ឌិត​មិន​អាច​ពិនិត្យ​ដឹង​ជំងឺ​ Lyme បាន​ត្រឹម​ត្រូវ​នោះឡើយ​ ចំណែក​ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis នេះ​វិញ គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ដឹង​ច្បាស់​។ យោង​តាម​ CDC ជំងឺ​ចៃ​ឆ្កែ​ Anaplasmosis​ តែង​ត្រូវ​បាន​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​​អង់ទីប៊ីយ៉ូទិក។​

ជំងឺ​មួយ​ប្រភេទ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​​ COVID-19 កំពុង​ឆ្លងរាល​ដាល​នៅ​​ New York
ចៃ​ឆ្កែ​មាន​ច្រើន​ប្រភេទ​ និង​ច្រើន​សណ្ឋាន

មន្ទីរ​សុខាភិបាល​ទីក្រុង​ New York ឱ្យ​ដឹង​ថា ចៃ​ឆ្កែ​​ Anaplasmosis តែង​តែ​ត្រូវ​បាន​រកឃើញ​នៅក្នុង​ព្រៃ​ ឬគុម្ពោត​​ព្រៃ។ ពួក​វា​​​តោង​ជាប់​ទៅ​នឹង​ស្មៅ​ គុម្ពោត​ព្រៃ​ ក៏ដូជា​រស់​នៅ​​​ក្រោម​ស្មៅ​ និង​ក្នុង​សួន​ផ្កា​ ជា​ពិសេស​នៅក្នុង​តំ​បន់​ក្បែរ​ព្រៃ​ និង​នៅ​ក្នុង​គំនរ​បាក់​បែក​ចាស់​ៗ​ ហើយ​នៅ​ពេល​មាន​ឆ្កែ​ទៅ​ដេក​ចំ​កន្លែង​ដែល​ពួក​វា​រស់នៅ​​ ពួក​វា​អាច​តោង​ជាប់​នឹង​រោម​ឆ្កែ​ រួច​ក៏រស់​នៅ​ក្រោម​រោម​ឆ្កែ​ ដោយ​បឺត​ឈាម​ជា​អាហារ​។

វិធី​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​ខាង​លើ យើង​ត្រូវ​តែចៀស​វាងការ​​ប៉ះពាល់​សំរាម​ដែល​មាន​ប្រភព​ពី​ព្រៃ​ គុម្ភោត​ព្រៃ​ និង​ស្មៅ​ ព្រម​ទាំង​ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ​ឱ្យ​ឆ្កែ​របស់​លោក​អ្នក​ឱ្យ​បាន​ទៀង​ទាត់​ និង​ឧស្សាហ៍​ពិនិត្យ​មើល​ស្បែក​ឆ្កែ​ ឬ​ស្បែក​របស់​លោក​អ្នក​ ក្រោយ​ពេល​បាន​ឆ្លង​កាត់​កន្លែង​ដែល​សង្ស័យ​ថា​អាច​មាន​មេរោគ​៕

ប្រភព៖ Epoch Times

Advertisement