តើចិននឹងទប់ទល់យ៉ាងណា បើវីរុសកូរ៉ូណានឹងនៅមានរហូត?

តើចិននឹងទប់ទល់យ៉ាងណា បើវីរុសកូរ៉ូណានឹងនៅមានរហូត?
ពលរដ្ឋចិន បង្ហាញ Healthy Code ដល់អាជ្ញាធរ ព្រមទាំងវាស់សីតុណ្ហភាពរាងកាយ

ឆ្នាំនេះ កន្លងផុតទៅហើយកន្លះឆ្នាំ ស្មេរមានអារម្មណ៍ថា ពេលវេលាកន្លងផុតទៅលឿនដូចគេកុហក…។ ថយត្រឡប់ទៅគិតឡើងវិញថា តើឆ្នាំនេះ មានបានធ្វើអ្វីសម្រេចតាមគោលដៅខ្លះហើយឬនៅ? ចម្លើយក៏គឺ រឿងរ៉ាវជាច្រើន ត្រូវគាំងង៉ក់នៅមួយកន្លែងដោយស្វ័យប្រវត្តិ ក្រោយវត្តមានរបស់មេរោគកូវីដ-19។ ស្មេរជឿថា មិត្តអ្នកអានជាច្រើន ក៏អាចមានអារម្មណ៍បែបហ្នឹងដូចគ្នាដែរ…វីរុសកូរ៉ូណាប្រភេទថ្មីនេះ ចេញមកលឿន ហើយសាយភាយ ឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយខណៈនេះ ចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោក មានច្រើនជាង 9លាននាក់ទៅហើយ…តាមរយៈនិន្នាការនេះ យើងមិនទាន់មើលឃើញពីសញ្ញាថា តួលេខនេះ នឹងថយចុះនៅឡើយ និងអាចនិយាយបានថា ពិភពលោករបស់យើងនៅតែស្ថិតក្នុងស្ថានការណ៍ដែលគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន។ រោគរាតត្បាត គឺជាអ្វីដែលរុករានមនុស្សជាតិយើងគ្រប់យុគ គ្រប់សម័យកាល និងជារឿងដែលនៅក្បែរខ្លួនមនុស្សគ្រប់រូប។ មនុស្សខំព្យាយាមចង់យកឈ្នះលើធម្មជាតិ តែការពិតទៅ នៅពេលប្រឈមនឹងគ្រោះវិបត្តិផ្សេងៗវិញ មនុស្សយើង ជាច្រើនដង ជាអ្នកបរាជ័យ។

កន្លះឆ្នាំដែលកន្លងទៅ ចិន និងប្រទេសជាច្រើនទៀតទូទាំងពិភពលោក បានប្រើប្រាស់ពេលវេលា ប្រើប្រាស់កម្លាំងថាមពលទាំងអស់ទៅលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រភេទថ្មីនេះ ឯវិធីការតស៊ូប្រឆាំង និងការការពារវិញ ប្រទេសជាច្រើន មានគោលការណ៍ស្រដៀងៗគ្នា។ ចំណែកប្រទេសចិនវិញ បានប្រើប្រព័ន្ធបន្ទាន់ និងឆាប់រហ័ស បញ្ជាដោយផ្ទាល់ពីមជ្ឈិម ធ្វើឱ្យអាចរួបរួម គ្រប់គ្រង និងរៀបចំធនធានគ្រប់បែបយ៉ាងបានយ៉ាងមានប្រសិទ្ធភាព តែវាដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា ការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា វាឆាប់រហ័សណាស់ និងងាយឆ្លងបំផុត ដូច្នេះនៅគ្រប់ប្រទេស បន្ទាប់ពីគ្រប់គ្រងដំណាក់កាលដំបូងបានហើយ ត្រូវប្រយ័ត្នលើការវិលត្រឡប់មកឆ្លងរាលដាលរលកទី2 បន្តទៀត ជាពិសេសគឺ កុំភ្លេចខ្លួន លែងការពារ…។

រហូតមកដល់ពេលនេះ អ្នកជំនាញការមកពីប្រទេសជាច្រើន ក៏នៅតែមិនទាន់ប្រកាសច្បាស់ 100% ដែរថា វីរុសកូរ៉ូណា ការពិតទៅ មានដើមកំណើតមកពីណានៅឡើយ។ សព្វថ្ងៃនេះ យើងនៅតែត្រូវស្រាវជ្រាវអំពីមេរោគមួយនេះជារឿយៗ ព្រោះវីរុសកូរ៉ូណា វាអភិវឌ្ឍខ្លួន ឱ្យត្រូវនឹងសភាពបរិស្ថាន និងសាយភាយពង្រីក បែកខ្នែងប្រភេទចេញមកយ៉ាងច្រើន។ អ្នកជំនាញការផ្នែករោគរាតត្បាតវិទ្យាជាច្រើននាក់របស់ចិន បានប្រាប់ដូចៗគ្នារួចមកហើយថា វីរុសកូរ៉ូណាប្រភេទនេះ រស់នៅក្នុងសភាពបរិស្ថានផ្សេងៗបានយ៉ាងធន់មាំ និងមាននិន្នាការថា អាចនឹងរស់នៅជាមួយយើងរហូតតទៅទៀតផង ពោលគឺ វីរុសកូរ៉ូណាប្រភេទនេះ នៅមានជីវិត និងសាយភាយបានស្ទើរតែគ្រប់សភាពបរិស្ថាន ហើយថែមទាំងស្ថិតនៅលើស្រទាប់ខាងលើរបស់វត្ថុផ្សេងៗ វាអាចនឹងមានជីវិតរស់នៅបានច្រើនថ្ងៃទៀតផង!!។ ក្រោយពីកើតឧប្បត្តិការណ៍មេរោគកូវីដ-19មក ជីវិតមនុស្សគ្រប់រូបប្រែប្រួលខុសពីមុន… ការសម្របខ្លួន និងការការពារខ្លួន បានធ្វើឱ្យមានវិថីជីវិតបែបថ្មីមួយកើតឡើងដោយបរិយាយ។

ក្នុងសប្ដាហ៍កន្លងមកនេះ មានកើតហេតុការណ៍ឆ្លងរាលដាលឡើងជាថ្មី នៅក្នុងប្រទេសចិន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់ ភាន់ភាំង និងនាំគ្នាប្រយ័ត្នប្រយែងឡើងម្ដងទៀត គឺនៅក្នុងទីក្រុងប៉េកាំង។ តាំងពីថ្ងៃទី11 មិថុនា កន្លងទៅ ទីក្រុងប៉េកាំងបានរកឃើញអ្នកជំងឺថ្មីម្នាក់ ក្រោយពីចំនួនអ្នកឆ្លងមេរោគស្ថិតក្នុងតួលេខសូន្យអស់ 56ថ្ងៃ និងរហូតមកដល់ថ្ងៃដែលស្មេរកំពុងសរសេរអត្ថបទនេះ(ថ្ងៃទី14 មិថុនា) កន្លងទៅតែ 4ថ្ងៃ អ្នកជំងឺថ្មីក្នុងតំបន់ក្រុងប៉េកាំង បានកើនឡើងជិត 50នាក់ហើយ។ អ្នកជំងឺថ្មីទាំងនេះ សុទ្ធតែមានប្រវត្តិពាក់ព័ន្ធនឹងផ្សារ ស៊ីនហ្វាទី មជ្ឈមណ្ឌលលក់ដុំអាហារស្រស់ដ៏ធំមួយ ស្ថិតនៅក្នុងតំបន់ហ្វឹងថៃ ប៉ែកខាងត្បូងទីក្រុងប៉េកាំង។ អាជ្ញាធរបានបិទផ្សារ និងភូមិកផ្ទះសំបែងក្បែៗនោះភ្លាមៗ ក្រោយពីរកឃើញអ្នកជំងឺទី3 និងទី4 និងថែមទាំងហាមមនុស្សចេញ-ចូល និងពិនិត្យរកមេរោគគ្រប់មនុស្សទាំងអស់ គ្របដណ្ដប់ទាំងអ្នកនៅក្នុងផ្សារ និងអ្នកជិតខាងទាំងអស់ ចេញសេចក្ដីប្រកាសទៅគ្រប់តំបន់ ឱ្យអ្នកដែលធ្លាប់ទៅផ្សារស៊ីនហ្វាទីក្នុងអំឡុងក្រោយថ្ងៃទី30 ឧសភា ទៅពិនិត្យរកមេរោគវីរុស ព្រមទាំងប្រមូលសំណាកផ្សេងៗពីវត្ថុរបស់របរនៅក្នុងផ្សារទៀតផង។

នេះគឺជាភាពប្រថុយប្រថានថ្មីរបស់ចិនជាមួយការវិលមកឆ្លងរាលដាលក្នុងរង្វង់ធំ រលកទី2…លើកនេះរដ្ឋបាលកណ្ដាល រដ្ឋបាលក្នុងតំបន់ អង្គភាពឯកជន និងប្រជាជនចិនបាននាំគ្នាស្វាហាប់យ៉ាងខ្លាំងក្លា។ ការឆ្លងរាលដាលថ្មីនេះ ជាអ្វីមួយដែលលើសពីការប៉ាន់ស្មានរបស់មនុស្សទូទៅ ព្រោះក្នុងអំឡុងពេលនេះ ចិនសង្កត់ធ្ងន់លើការការពារអ្នកឆ្លងមេរោគកូវីដ-19 មកពីក្រៅប្រទេសយ៉ាងតឹងរ៉ឹង ហើយតាមរយៈការឆ្លងរាលដាលជាថ្មីនេះ ពុំទាន់រកមូលហេតុ និងប្រភពឃើញនៅឡើយថា តើវាចេញមកពីណា? បើទោះជាបានពិនិត្យរកឃើញមេរោគវីរុសកូរ៉ូណានៅលើជ្រញ់ពន្លះសាច់ត្រីសាល់ម៉ុនហើយក៏ដោយ ក៏នៅតែមិនទាន់ប្រាកដច្បាស់ថា តើមនុស្សឆ្លងមេរោគមកពីត្រីសាល់ម៉ុន ឬក៏ត្រីសាល់ម៉ុនឆ្លងមេរោគពីមនុស្សនៅឡើយ?។

ចិនគឺជាប្រទេសដំបូងគេដែលកើតការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយផ្ដើមចេញពីទីក្រុងវូហាន កាលពីចុងខែធ្នូ ឆ្នាំទៅ។ នៅពេលចិនគ្រប់គ្រងការឆ្លងរាលដាលបាន ប្រជាជនចិនគ្រប់រូប បានទន្ទឹងរង់ចាំថ្ងៃដែលមេរោគកូវីដ-19 នឹងបាត់អស់វិញ និងត្រឡប់មករស់នៅយ៉ាងសុខសាន្តប្រក្រតីដូចពីមុន ប៉ុន្តែ រង់ចាំរហូតដល់កន្លះឆ្នាំហើយ ក៏នៅតែគ្មានសញ្ញាថា មេរោគចង្រៃនេះនឹងរលាយបាត់អស់…ចំណែកឯវ៉ាក់សាំងការពារវិញ ក៏ប្រហែលជានៅតែមិនទាន់មានការប្រកាសចេញមកឱ្យប្រើប្រាស់ឆាប់ៗនេះទៀត ដូច្នេះ គឺវាពិតជាដូចអ្វីដែលពួកអ្នកជំនាញការបានសន្និដ្ឋានទុកថា មេរោគកូវីដ-19 អាចនឹងនៅជាមួយយើងរយៈពេលយូររហូតតទៅ ឬភាសាចិន និយមនាំគ្នានិយាយញឹកញាប់ថា “长期共存” (អានថា ឆាងឈីកុងឈុន) ឬភាសាអង់គ្លេស Long-term coexistence។

ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ ដូចជាស្ថានីយរថភ្លើងអគ្គិសនី ជាដើម បានក្លាយជាសភាវប្រក្រតីថ្មីទៅហើយ
ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ ដូចជាស្ថានីយរថភ្លើងអគ្គិសនី ជាដើម បានក្លាយជាសភាវប្រក្រតីថ្មីទៅហើយ

ក្នុងពេលដែលនៅមិនទាន់រកឃើញវិធីយកឈ្នះដាច់លើមេរោគវីរុសកូរ៉ូណានេះបាន ក៏ត្រូវតែងាកមករកវិធីទប់ទល់ទាំងអស់គ្នាតទៅទៀត ហើយបើនៅតែកើតមានការឆ្លងរាលដាលឥតឈប់ឈរ និងកើតឡើងជាថ្មីជាប់រហូតនោះ សួរថា តើប្រទេសចិនមានវិធានការទប់ទល់នាពេលអនាគតយ៉ាងណា? ស្មេរសូមសរុបជាចំណុចផ្សេងៗ ត្រួសៗដូចខាងក្រោមនេះ…៖

1-ការលើកកម្ពស់ការត្រួតពិនិត្យសុខភាពរបស់ប្រជាជនគ្រប់រូប Healthy code ប្រចាំខ្លួនបុគ្គលម្នាក់ៗនឹងត្រូវប្រើជារៀងរហូតតទៅ៖ ក្រោយការឆ្លងរាលដាលជាសហគមន៍ជាថ្មីនៅក្នុងទីក្រុងប៉េកាំង រដ្ឋបាលបានប្រកាសថា នឹងអាប់ហ្គ្រេត វើហ្សឹន ថ្មីរបស់ Healthy code ទូទាំងប្រទេស ដែលមានភាពលម្អិត និងជាក់ច្បាស់ខ្លាំងឡើង មិនមែនគ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទប៉ុណ្ណោះទេ តែនឹងមានភ្ជាប់ជាមួយបណ្ណសុខុមាលភាពសង្គម រហូតដល់បណ្ណចេញ-ចូលទីប្រជុំជនទៀតផង។ ទាំងអស់នេះ គឺដើម្បីកាត់បន្ថយអត្រាការខុសឆ្គងរបស់ទិន្នន័យការត្រួតពិនិត្យ និងបង្កើនកម្រិតការគ្រប់គ្រងជំងឺយ៉ាងគ្រប់ជ្រុងជ្រោយ។ ក្នុងពេលបច្ចុប្បន្ន តំបន់សាធារណៈជាច្រើននៅក្នុងប្រទេសចិន ក្រៅពីវាស់សីតុណ្ហភាពរាងកាយហើយ នៅមានការពិនិត្យមើល Healthy code ក្នុងការចេញ-ចូលស្ទើរតែគ្រប់កន្លែង ហើយរឿងនេះនឹងក្លាយជាសភាវប្រក្រតីថ្មីមួយ របស់ប្រទេសចិនទៅជារៀងរហូត ដែលគ្រប់គ្នាត្រូវតែងាកមកសម្របខ្លួនឱ្យស៊ាំធ្លាប់ឱ្យបាន។

2-ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ នឹងក្លាយជាសភាវប្រក្រតីថ្មីរបស់ជនជាតិចិន៖ ក្រោយពីការបានពាក់ម៉ាស់អនាម័យការពារ ពេញមួយរយៈពេលកន្លះឆ្នាំកន្លងមក ជនជាតិចិនក៏នៅតែនាំគ្នាពាក់ជាបន្តទៅទៀត ទោះបីជាតំបន់ជាច្រើនមានការបន្ធូរបន្ថយវិធានការខ្លះហើយក្ដី តែការពាក់ម៉ាស់ការពារ នៅតែជារឿងចាំបាច់ក្នុងការជិះរថយន្តក្រុងសាធារណៈ និងការចូលក្នុងទីកន្លែងដែលបិទជិតផ្សេងៗដដែល។ ទាំងអស់នេះ ការពាក់ម៉ាស់អនាម័យការពារ នឹងក្លាយជារឿងមួយដែលគ្រប់គ្នាត្រូវតែធ្វើជាប់ជានិច្ច ព្រោះការការពារជំងឺរាតត្បាត ជាតួនាទីរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម ដូច្នេះគ្រប់គ្នាត្រូវតែងាកមកសម្របសម្រួលខ្លួនឱ្យស៊ាំធ្លាប់ដូចៗគ្នា។

3-បង្កើនសក្ដានុពលខាងវេជ្ជសាស្ត្រ ជាពិសេសផ្នែកតិចណូឡូជី ការពិនិត្យមេរោគកូវីដ-19 នឹងក្លាយជាសភាវប្រក្រតីថ្មី៖ ក្នុងពេលបច្ចុប្បន្ន ចិនបានបើកទូលាយការពិនិត្យរកមេរោគកូវីដ-19 ជាមួយប្រជាជនទូទៅហើយ ខុសគ្នានឹងកាលពីពេលមុននេះ ពួកគេនឹងមិនពិនិត្យឱ្យបុគ្គលណាដែលមិនមែនជាក្រុមប្រថុយប្រថានក្នុងការឆ្លងនោះឡើយ។ ដូចជាសព្វថ្ងៃនេះ ក្នុងទីក្រុងប៉េកាំង មានចំណុចពិនិត្យមេរោគកូវីដ-19 ក្នុងមន្ទីរពេទ្យទាំងអស់ 98កន្លែង។ កាលពីមុនហ្នឹង ធនធានឈុតត្រួតពិនិត្យផ្សេងៗមានចំនួនកំណត់ តែចិនប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្នុងការលើកកម្ពស់សក្ដានុពលការផលិតឧបករណ៍ពេទ្យ ឱ្យត្រឡប់មកមានគ្រប់គ្រាន់ជាមួយតម្រូវការ និងថែមទាំងត្រៀមជាស្រេចសម្រាប់តម្រូវការនាពេលអនាគតទៀតផង។ ឈុតត្រួតពិនិត្យ និងវិធីការពិនិត្យកូវីដ-19 របស់ចិន មានច្រើន វើហ្សឹន មានច្រើនវិធី អភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ដែលមានភាពច្បាស់លាស់ខ្ពស់ និងឆាប់រហ័ស…ទាំងអស់នេះ នាពេលអនាគត ការពិនិត្យរកមេរោគកូវីដ-19 ផ្ទៃក្នុងប្រទេស នឹងក្លាយជាសភាវប្រក្រតីថ្មី ដូចគ្នា។

នៅមានសេចក្ដីលម្អិតច្រើនចំណុចទៀត ដែលស្មេរមិនបានរៀបរាប់ដល់ តែរឿងដែលកើតឡើងក្នុងពេលបច្ចុប្បន្ន ធ្វើឱ្យយើងត្រូវតែរិះរកវិធីទប់ទល់បន្តទៅទៀតនាពេលអនាគត បើទោះបីជាមិនស៊ាំធ្លាប់ជាមួយរឿងជាច្រើនក្ដី តែក៏ត្រូវតែបង្ខំចិត្ត និងសម្របសម្រួលខ្លួនទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពរបស់ខ្លួនឯង និងសួនរួម ហើយខណៈពេលនេះ វ៉ាក់សាំងការពារមេរោគកូវីដ-19 គឺជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សទូទាំងពិភពលោក៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement