សុខភាពប្រអប់មាត់ល្អដោយការជ្រើសរើសប្រើថ្នាំដុសធ្មេញ

តើលោកអ្នកកំពុងតែមានបញ្ហាសុខភាពពាក់ព័ន្ធនឹងប្រអប់មាត់ញឹកញាប់ដែរឬទេ? ជួនកាលឈឺ ជួនកាលបាត់ មានអាការដូចជា រលាកអញ្ចាញ ស្រៀវធ្មេញ ធ្មេញងាយឡើងពណ៌លឿងព្រោះតែចូលចិត្តញ៉ាំទឹកតែ កាហ្វេ និងជក់បារី? ហ្នឹងហើយ! លោកអ្នកកំពុងតែប្រថុយប្រថានជាមួយគ្រប់បញ្ហាសុខភាពអញ្ចាញធ្មេញ និងធ្មេញដែលនឹងបំផ្លាញប្រអប់មាត់លោកអ្នករហូតតទៅហើយ ដូច្នេះដើម្បីសុខភាពមាត់ និងធ្មេញដែលល្អរបស់អ្នក គួរតែផ្តើមចេញពីការជ្រើសរើសប្រើថ្នាំដុសធ្មេញដែលល្អត្រឹមត្រូវទើបជារឿងសំខាន់។

ជ្រើសរើសថ្នាំដុសធ្មេញតាមរយៈអ្វី?

1 – ពពុះថ្នាំដុសធ្មេញ ៈ អារម្មណ៍ដំបូងពេលថ្នាំដុសធ្មេញចូលទៅក្នុងមាត់ នឹងមានភាពស្អិត និងបែកជាពពុះ ដែលលោកគ្រូពេទ្យគួរតែបញ្ជាក់ប្រាប់ថា ពពុះថ្នាំដុសធ្មេញមិនបានមានប្រយោជន៍ក្នុងការកំចាត់វត្ថុកខ្វក់ៗអ្វីៗឡើយ តែគ្រាន់តែជាជំនួយការដែលធ្វើឱ្យសាច់ថ្នាំដុសធ្មេញជ្រៀតចូលទៅក្នុងកន្លុកកន្លៀតដែលពិបាកចូលដល់ប៉ុណ្ណោះ។

2 – ពណ៌ ក្លិន និងរសជាតិ ៈ ជាទូទៅ ថ្នាំដុសធ្មេញនឹងឆ្លងកាត់ការបន្ថែមពណ៌ដើម្បីឱ្យមើលទៅឃើញគួរឱ្យចង់ប្រើកាន់តែខ្លាំងឡើង ដោយពណ៌ក្នុងថ្នាំដុសធ្មេញដែលជាពណ៌កែច្នៃពីរុក្ខជាតិនឹងមិនដិតជាប់ស្រទាប់ធ្មេញទេ ចំណែកក្លិនក្រអូបក្នុងថ្នាំដុសធ្មេញវិញ ច្រើនតែចម្រាញ់ចេញពីធម្មជាតិ ដូចជា ក្លិនមីនត៍ មេនថល ឬក្លិនផ្លែឈើផ្សេងៗ ដើម្បីបង្កើនភាពស្រស់ស្រាយ។ ក្រៅពីនោះនៅក្នុងថ្នាំដុសធ្មេញច្រើនតែមានរសជាតិផ្អែមបន្តិចដែលកើតពីការបន្ថែមសារធាតុឱ្យភាពផ្អែមពីធម្មជាតិដែលមិនធ្វើឱ្យធ្មេញពុក ដូចជា សៃលិថូល( xylitol ) សូប៊ិថូល( sorbitol) ជាដើម។

3 – ភ្លូអ័ររ៉ាយ( Fluoride ) ៈ គឺសារធាតុរ៉ែដែលជួបប្រទះបានតាមធម្មជាតិ ដែលលោកគ្រូពេទ្យប្រាប់ថា ភ្លូអ័ររ៉ាយនៅក្នុងថ្នាំដុសធ្មេញមានតួនាទីកំចាត់អាស៊ីតដែលតោងជាប់នៅតាមស្រទាប់ធ្មេញ ទើបវាជួយឱ្យធ្មេញមិនងាយពុកបាន ដែលយើងតែងតែជួបចំណែកផ្សំនេះច្រើននៅក្នុងថ្នាំដុសធ្មេញនៅលើទីផ្សារទូទៅ។

4 – សារធាតុទប់ស្កាត់មេរោគបាក់តេរី( Anti-Bacterial agent ) ៈ ថ្នាំដុសធ្មេញយីហោខ្លះមានការផ្សំសារធាតុជួយទប់ស្កាត់មេរោគបាក់តេរីដែលមានឈ្មោះថា ថ្រៃខ្លូសាន( Triclosan )ជាសារធាតុដែលគណកម្មការផ្នែកអាហារ និងថ្នាំរបស់ប្រទេសអាមេរិកធានា និងទទួលស្គាល់ថាមិនបង្កគ្រោះថ្នាក់ឡើយ បើប្រើក្នុងបរិមាណដែលត្រឹមត្រូវ។

ក្រៅពី 4 ចំណុចខាងលើនេះហើយ ការជ្រើសរើសថ្នាំដុសធ្មេញសម្រាប់អ្នកដែលមានបញ្ហាប្រអប់មាត់ក៏ជាវិធីមួយក្នុងការជួយកំចាត់បញ្ហាប្រអប់មាត់ចំចំណុចឱ្យបាត់អស់ដែរ ដោយមានទិចនិកដូចតទៅនេះ ៈ

1 – ជ្រើសរើសប្រើថ្នាំដុសធ្មេញដែលមានផ្សំសារធាតុពីធម្មជាតិ និងឱសថបុរាណ អ័រហ្កានិក នឹងជួយកែសម្រួលតុល្យការសុខភាពប្រអប់មាត់ឱ្យរឹងមាំ កំចាត់ស្នាមកំណកលឿងចេញពីធ្មេញ និងជួយបំបាត់ក្លិនមាត់បានល្អជាង ដូចជា ប្រទាលកន្ទុយក្រពើ ប្រេងដើមតែ ស៊ិលិកា ជីងង្កាម និងមេនថូល។

2 – បញ្ហាធ្មេញលឿង គួរជ្រើសរើសប្រើថ្នាំដុសធ្មេញដែលមានចំណែកផ្សំដោយសារធាតុលាងធ្មេញឱ្យស ដែលសង្កត់ធ្ងន់លើសារធាតុចម្រាញ់ពីធម្មជាតិ ដូចជា ស៊ិលិកា ជាដើម ដើម្បីមិនទៅបំផ្លាញស្រទាប់ក្រៅរបស់សាច់ធ្មេញ។

3 – សម្រាប់អ្នកដែលមានដំបៅក្នុងប្រអប់មាត់ គួរជ្រើសរើសប្រើថ្នាំដុសធ្មេញដែលប្រាសចាកសារធាតុបង្កពពុះដែលអាចនឹងប្រមូលសន្សំបង្កឱ្យកើតជារោគចង្រៃបាន។ គួរជ្រើសរើសប្រើថ្នាំដុសធ្មេញប្រភេទជេលដែលចម្រាញ់ពីធម្មជាតិដែលល្អចំពោះសុខភាពប្រអប់មាត់។

4 – សម្រាប់អ្នកដែលមានអាការស្រៀវធ្មេញ ចូរជ្រើសរើសប្រើថ្នាំដុសធ្មេញប្រភេទដែលអាចការពារការស្រៀវធ្មេញបានដោយសាច់ថ្នាំធ្មេញប្រភេទជេលនឹងកាត់បន្ថយបរិមាណសារធាតុខាត់សម្អាតធ្មេញ និងឱសថបុរាណដូចជា ខាម៉ូម៉ាយល៍នឹងជួយសម្រាលអាការស្រៀវធ្មេញបាន។

5 – ថ្នាំដុសធ្មេញ ប្រភេទដែលស័ក្តិសមសម្រាប់អ្នកដែលកើតជំងឺរលាកអញ្ចាញធ្មេញ គួរជ្រើសរើសប្រើប្រភេទដែលមានសារធាតុ សៃលីថូល ជាចំណែកផ្សំ ព្រោះសៃលីថូលជាសារធាតុចម្រាញ់ពីធម្មជាតិ នឹងមិនកើតមានការជំរុញបន្ថែម និងមិនត្រូវបានរំលាយឱ្យក្លាយជាអាស៊ីតដោយអតិសុខុមប្រាណនៅក្នុងមាត់ឡើយ។

ក្រៅពីនេះ ការថែទាំសម្អាតដោយការដុសធ្មេញឱ្យត្រូវតាមវិធីក៏ជារឿងសំខាន់មួយដែរ ដូចជា ការដុសធ្មេញដែលល្អ ត្រូវឱ្យសរសៃច្រាសប៉ះនឹងអញ្ចាញថ្នមៗ ដើម្បីជំរុញការធ្វើការងាររបស់សាច់អញ្ចាញឱ្យរឹងមាំ និងកុំភ្លេចដុសអណ្តាតដើម្បីបោសសម្អាតកំណកកខ្វក់ដែលជាប់នៅលើអណ្តាតចេញ និងជួយកាត់បន្ថយក្លិនមាត់ផងដែរ៕

Advertisement