ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

វេជ្ជបណ្ឌិត​យោធា​បាន​និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​ហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវ​ដាក់​អុកស៊ីសែន​​ ក្រោយ​ពី​​ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​កាល​ពីសប្ដាហ៍​មុន​ដោយ​សារ​តែ​បាន​ឆ្លង​វីរុស​COVID-19។

លោក Juan Orlando Hernandez អាយុ​51​ឆ្នាំ កាលពី​សប្ដាហ៍​មុនបាន​ចូល​មន្ទីរ​ពេទ្យ​យោធា​នៅទីក្រុង​ Tegucigalpa នៃ​ប្រទេស​ហុង​ឌូរ៉ាស់​ ដើម្បី​ព្យាបាល​COVID-19។ លោក​វេជ្ជបណ្ឌិត​ Juan Diaz នៅមន្ទីរពេទ្យ​យោធា​នេះ​ កាល​ពី​ថ្ងៃទី​23​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ត្រូវ​ដក​ដង្ហើម​តាម​បំពង់​អុកស៊ីសែន​ ហើយ​ព្រមាន​ថា មេដឹក​នាំ​រូប​នេះ​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​​សុខ​ភាព​ និង​ត្រូវ​ការ​បន្ត​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​។

វេជ្ជ​បណ្ឌិត​ Juan Diaz បន្ត​ថា ស្ថាន​ភាព​សុខភាព​របស់​ប្រធានាធិបតី​មិន​ទាន់​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​មាន​អាការក្ដៅខ្លួន​ខ្លាំង​និង​ពិបាកដកដង្ហើម​។ លោក​ថ្លែង​ថា បន្ទាប់​ពី​មាន​អាការ​ក្អ ក្ដៅ​ខ្លួន​ និង​ពិបាក​ដកដង្ហើមជាដើម ក្រុម​វេជ្ជ​បណ្ឌិត​បាន​សម្រួល​កម្រិត​ថ្នាំ​ និង​ដាក់​អុកស៊ីសែន។​ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​ នៅ​បន្តដកដង្ហើម​តាម​​បំពង់​​អុកស៊ីសែន​ឬ​អត់នៅឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ហុងឌូរ៉ាស់​ Francis Contreras កាលពីថ្ងៃទី​17​មិថុនា​បាន​ប្រកាស​ថា លោក Hernandez រួម​នឹង​ភរិយា​ និង​ជំនួយ​ការ​​ពីរ​នាក់​បាន​ឆ្លងវីរុស​COVID-19។

សូម​រំឭកថា កន្លង​មក​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ច្រើន​បាន​ឆ្លងវីរុស​នេះ​ ក្នុង​នោះ​មាន​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ នាយករដ្ឋមន្ត្រី​រុស្សី នាយករដ្ឋមន្ត្រី​ប្រទេស​អាមេនី (Armenia) និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​នៃ​ប្រទេស​ផ្សេង​ៗ​ទៀត​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement