5 សំណួរ-ចម្លើយ អំពីទីក្រុងប៉េកាំង និងកូវីដ-19 រលកទី2

ក្រុង​ប៉េកាំង បាន​រាយការណ៍​ថា មាន​អ្នក​បានទទួល​ការអះអាង​រួចហើយ​ថា បាន​ឆ្លង​មេរោគ​កូ​វីដ-19 ចំនួន 106នាក់ គិត​ត្រឹម​ពេលមុន​អធ្រាត្រ​នៃ​ថ្ងៃ​ចន្ទ(ទី29 មិថុនា)…សួរថា តើ​ហេតុអ្វី​បានជា​ការឆ្លង​រាលដាល​របស់​មេរោគ កើតឡើង​នៅក្នុង​ក្រុង​ប៉េកាំង និង​ថា តើ​ទីក្រុង​នេះ បានធ្វើ​អ្វីខ្លះ ក្រោយពី​ការឆ្លង​រាលដាល​ចាប់​ផ្ដើមឡើង?

សំណួរ​ទី1៖ តើន​រណា​ជា​អ្នក​ឆ្លង​មេរោគ​ដំបូង​គេ?

ក្រោយពី​ក្រុង​ប៉េកាំង​ស្ងប់ស្ងាត់​ពី​វិបត្តិ​ការឆ្លង​រាតត្បាត កន្លងផុតទៅ 56ថ្ងៃ ក្រុង​ប៉េកាំង​បាន​រាយការណ៍​ថា រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់ ជា​មនុស្ស​ប្រុស អាយុ 52ឆ្នាំ ឈ្មោះ ថាំង ជា​អ្នក​រស់នៅក្នុង​តំបន់​ស៊ី​ឈឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី11 មិថុនា។

លោក​ថាំង បាន​ចូលទៅ​ទទួល​ការពិនិត្យ​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ នៅ​ថ្ងៃទី10 មិថុនា ដោយសារ​តែមាន​អាការ​គ្រុនក្ដៅ​ជា​បន្តបន្ទាប់ ដោយ​គាត់​មិនបាន​ធ្វើដំណើរ​ចេញ​ក្រៅ​ក្រុង​ប៉េកាំង​ឡើយ ក្នុងអំឡុងពេល 2សប្ដាហ៍​មុន​ហ្នឹង។

ក្រោយពី​នោះ​តែ 1ថ្ងៃ​គត់ ក្រុង​ប៉េកាំង បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ថែមទៀត 6នាក់ ក្នុងចំណោម​ពួកគេ មាន 2នាក់​រស់នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ជា​មិត្តភក្តិ​រួម​ការងារ​នៅក្នុង​ស្ថាប័ន​ត្រួតពិនិត្យ​ផលិតផល​សាច់សត្វ ហើយ​លោក​លីវ ម្នាក់​ក្នុងចំណោម 2នាក់​នោះ បាន​រៀបរាប់ថា គាត់​បានធ្វើ​ដំណើរ​ទៅ​ស៊ី​ង​តៅ ក្នុង​មណ្ឌល​សាន​តុង​របស់​ចិន ក្នុងអំឡុងពេល 2សប្ដាហ៍​កន្លងទៅ។

ការសាកសួរ​ខាង​ជំងឺឆ្លង​វិទ្យា បាន​រកឃើញថា លោក​លីវ និង​លោក​ថាំង ធ្លាប់​ទៅ​ស៊ីន​ហ្វា​ទី ផ្សារ​លក់​បោះ​ដុំ​ទំនិញ​កសិកម្ម ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​ហ្វឹ​ង​ថៃ ដោយ​លោក​ថាំង បាន​ទៅ​ទីនោះ​នៅ​ថ្ងៃទី3 មិថុនា និង​លោក​លីវ បាន​ទៅ​ទីនោះ នៅ​ថ្ងៃទី5 មិថុនា។

លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី29មិថុនា)ថា លោក​ថាំង ចាប់ផ្ដើម​មាន​អាការ នៅ​ថ្ងៃទី6 មិថុនា។

ដោយសារតែ​នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា រកឃើញ​អ្នកក្រុង​ប៉េកាំង​មួយណា​ដែលមាន​អាការ​មុន​លោក​ថាំង​នោះ ទើប​អះអាង​តាមរយៈ​ទិន្នន័យ​ដែលមាន​នៅពេលនេះ​បាន​ថា លោក​ថាំង គឺជា​អ្នក​ឆ្លង​មេរោគ​មុនគេ។

សំណួរ​ទី2៖ តើ​ត្រី​សាល់​ម៉ុ​ន ជា​ភ្នាក់ងារចម្លងមេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មែនឬ​យ៉ាងណា?

ការពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ នៅលើ​ជ្រញ់​ពន្លះ​ត្រី​សាល់​ម៉ុ​ន​នាំចូល នៅក្នុង​ផ្សា​រលក់​ផលិតផល​បោះ​ដុំ​ស៊ីន​ហ្វា​ទី ក្រុង​ប៉េកាំង ហើយ​តាំងពី​ពេល​នោះមក ផ្សារ​ជាច្រើន​ទៀត បាន​ឈប់​លក់​ផលិតផល​សត្វ។

លោក អ៊ូ ជុន​យ៉ូ​វ៍ ប្រធាន​ផ្នែក​ជំងឺឆ្លង​វិទ្យា នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា មិនអាច​សរុប​បាន​ថា ត្រី​សាល់​ម៉ុ​ន គឺជា​ដើមហេតុ​នៃ​ការចម្លង​មេរោគ ដោយ​គ្រាន់តែ​ពិនិត្យឃើញ​វីរុស​នៅលើ​ជ្រញ់​នោះទេ។ លោក​ប្រាប់ថា ត្រី​ដែល​រស់​នៅតាម​ធម្មជាតិ គ្មាន​ផ្លូវ​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​បានទេ តែ​យ៉ាងណាក៏ដោយ ត្រី​អាច​ប្រឡាក់ប្រឡូស​មេរោគ តាមរយៈ​ដំណាក់កាលផ្សេងៗ ក្នុងអំឡុងពេល​ចាប់ ឬ​ដឹកជញ្ជូន។

លោក​អ៊ូ បាន​បន្ត​ប្រាប់ទៀតថា ការឆ្លង​រាលដាល​ជាថ្មី​នេះ អាចមាន​ការអធិប្បាយ ដែល​អាចទៅរួច 2ប្រការ។ ប្រការ​ដំបូង អាចជា​ការនាំ​ចូល​សាច់ និង​អាហារ​សមុទ្រ​ទៅក្នុង​ផ្សារ ពី​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក។ មួយចំណែក អាច​មានការ​ប្រឡាក់ប្រឡូស​ពី​ក្រុមកម្មករ ក្នុងអំឡុងពេល​ការកែច្នៃ​សាច់សត្វ និង​ការដឹកជញ្ជូន ហើយ​បន្ទាប់ពីនោះ វីរុស​ក៏​ត្រូវបាន​បញ្ជូនបន្ត​ពី​ផលិតផល ឆ្ពោះ​មក​មនុស្ស។

ភាព​អាចទៅរួច​ទី2 គឺ​ការ​បញ្ជូនបន្ត រវាង​បុគ្គល។ លោក​ថ្លែងថា “អ្នក​ឆ្លង​មេរោគ ដែល​នាំ​មេរោគ​វីរុស​ចូលទៅក្នុង​ផ្សារ អាច​មិនមាន​អាការ ឬ​មាន​អា​ការមិន​ធ្ងន់ធ្ងរ ហើយ​ភាព​ប្រញាប់ប្រញាល់ និង​ច្របូកច្របល់​នៅក្នុង​ផ្សារ បាន​នាំ​ឆ្ពោះទៅរក​ការចម្លង​ជា​ក្រុម នៃ​ការឆ្លង​មេរោគ​ជាថ្មី។

តាមរយៈ​ការរកឃើញ​របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់ University College Lodon បាន​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចម្លង​មេរោគ​តែ​នៅក្នុង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ប៉ុណ្ណោះ និង​មាន​ភ័ស្តុតាង​បង្ហាញថា អាច​ឆ្លងទៅ​សត្វ​ឆ្មា និង​ឆ្កែ​បាន តែ​មិនមែន​ត្រី សត្វ​ស្លាប ឬ​ឧរង្គសត្វ​ឡើយ។

សំណួរ​ទី3៖ តើ​វីរុស មកពី​អឺរ៉ុប មែន​ឬទេ?

លោក ស៊ឹង កួង អ្នកស្រាវជ្រាវ​ជើងចាស់ នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​ចិន បាន​ថ្លែងថា ប្រភេទ​វីរុស​ក្នុង​ការចម្លង​រាលដាល​ថ្មី​ចុងក្រោយ​បំផុត​នេះ ខុសប្លែក​ពី​វីរុស​ដែល​រកឃើញ​នៅក្នុង​ប្រទេស​ចិន​កាលពី​ពេលមុន ហើយ​ទិន្នន័យ​ដំបូង បាន​បញ្ជាក់ថា ជា​ប្រភេទ​ដែល​ក្លាយ​ពូជ​មកពី​អឺរ៉ុប។ តែ​យ៉ាងណាក៏ដោយ លោក​ស៊ឹង បាន​សង្កត់ធ្ងន់ថា នៅ​ត្រូវ​ពិនិត្យមើល​បន្ថែមទៀត ដើម្បី​អះអាង​ពី​ប្រភព​របស់​វីរុស​នេះ។

លោកស្រី យ៉ាង ភឹង អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​រោគ នៃ​ទីក្រុង​ប៉េកាំង ថ្លែងថា “ការវិភាគ​បឋម តាមរយៈ​ការរក​កម្រិត​ជី​ណូ​ម បានបង្ហាញ​ឱ្យឃើញថា វីរុស​ត្រូវបាន​នាំចូល មិនមែនជា​វីរុស​ក្នុង​តំបន់​ទេ”

ប្រភព​កំណើត​របស់​វីរុស នៅតែ​ស្ថិត​ក្នុងអំឡុង​ការត្រួតពិនិត្យ និង​មិនដឹងថា តើ​វីរុស​នេះ ហេតុ​ម៉េច​បានមក​ដល់ទី​ក្រុង​ប៉េកាំង​បាន?

ទាំងអស់នេះ ការរក​កម្រិត​ជី​ណូ​ម​ទាំងអស់ នឹង​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ រៀន​យល់ដឹង​ពាក់ព័ន្ធ​នឹង​ការ​ក្លាយ​ពូជ​របស់​វីរុស​នៅក្នុង​កន្លែងផ្សេងៗ និង​បញ្ជាក់បាន​ពី​ដំណើរ​ផ្លូវ​នៃ​ការចម្លង​សាយភាយ ឧទាហរណ៍​ដូចជា នៅឯ​ប្រ៊ី​ធី​ស​ខូ​ឡាំ​បៀ ប្រទេស​កាណាដា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា វីរុស​ដែល​ចម្លង​សាយភាយ​នៅក្នុង​ប្រទេស ជា​វីរុស​មកពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប ជាដើម។

វីរុស​ក្នុង​ក្រុង​ប៉េកាំង ជា​ប្រភេទ​ក្លាយ​ពូជ​មកពី​អឺរ៉ុប តែ​មិនបាន​ពិសោធ​ច្បាស់​ថា មកពី​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ដោយផ្ទាល់​នោះទេ ព្រោះ​នៅ​ត្រូវការ​ទិន្នន័យ​បន្ថែមទៀត ដោយសារតែ​គ្មាន​កម្រិត RNA ដែល​ដូចគ្នា​នៅក្នុង​ប្រភព​ទិន្នន័យ​វីរុស​ក្នុង​តំបន់​របស់​ចិន។

សំណួរ​ទី4៖ តើ​ត្រូវ​បិទ​ទីក្រុង ដើម្បី​ការពារ​ការឆ្លង​រាលដាល ឬទេ?

នៅពេល​មាន​របាយការណ៍ អ្នកជំងឺ​ដែល​បានទទួល​ការអះអាង​ហើយ នៅក្នុង​ខណ្ឌ​ជាច្រើន​ក្នុង​ក្រុង​ប៉េកាំង និង​ក្នុង​មណ្ឌល​ហ៊ើ​ពេ​យ ដែល​នៅ​ជិតខាង លោក ចាង វឹ​ន​ហុង អគ្គនាយក​ផ្នែក​ជំងឺឆ្លង​របស់​មន្ទីរពេទ្យ​ហួ​សាន ក្នុង​ក្រុង​ស៊ា​ង​ហៃ បាន​ថ្លែងថា គ្រប់​ករណី​ដែល​បានទទួល​ការអះអាង​ក្នុង​ការឆ្លង​រាលដាល​ថ្មី​នេះ មាន​ត​ភ្ជាប់​នឹង​ផ្សារ​ស៊ីន​ហ្វា​ទី ដែល​នេះ​ជា​ទិន្នន័យ​សំខាន់ ដែល​ជួយ​ក្នុងការ​ពិចារណា​សម្រេច ដោយ​ទិន្នន័យ​បាន​បង្ហាញថា ការឆ្លង​រាលដាល​នោះ កំពុងស្ថិត​នៅក្នុង​រយៈ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ លោក​ថ្លែងថា “ដរាបណា​ដែលមាន​ការរកឃើញ​ទាន់ពេលវេលា ការឆ្លើយតប​ដែល​ឆាប់រហ័ស និង​ការគ្រប់គ្រង​ដែល​ជាក់ច្បាស់ចំៗគោលដៅ ការឆ្លង​រាលដាល​របស់​ជំងឺ នឹងត្រូវ​គ្រប់គ្រង​បាន​ក្នុងពេល​ដ៏​ខ្លី ហើយ​ក្រុង​ប៉េកាំង នឹងមិន​ដូច​វូ​ហាន​ឡើយ”

សំណួរ​ទី5៖ តើ​មន្ទីរពេទ្យ​បន្ទាន់ សៀវ​ថាំង​សាន ចាំបាច់​ត្រូវ​បើក​ជាថ្មី ឬទេ?

មន្ទីរពេទ្យ​ប៉េកាំង​សៀវ​ថាំង​សាន ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ2003 ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​សារស៍ និង​ចាប់ផ្ដើម​ទទួល​អ្នកជំងឺ​កូ​វីដ-19 នៅ​ថ្ងៃទី23 ខែមករា ឆ្នាំ2020 មុននឹង​បិទ​ទៅវិញ នៅពេល​អ្នកជំងឺ​កូ​វីដ-19 ចុងក្រោយ​គេ​បានទទួល​ការព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ​កាលពី​ថ្ងៃទី28 ខែមេសា ឆ្នាំ2020។

លោក​អ៊ូ បាន​ថ្លែងថា “ការមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​របស់​យើង​នេះ អាស្រ័យ​លើ​ការត្រៀម​ការ​យ៉ាង​ពេញ​រូប​បែប និង​ការ​ដំណើរការ​តាម​វិធានការ​ការពារ​ការឆ្លង​រាលដាល​យ៉ាង​ពេញ​រូប​បែប​ដូចគ្នា”

លោក ឡេ ហៃ​ឆៅ ប្រធាន​គណៈកម្មការ​សុខ​ភាព​ជាតិ​ប៉េកាំង បាន​ថ្លែង​កាលពី​ថ្ងៃទី17 ឧសភា​ថា ក្រុង​ប៉េកាំង នឹង​តែ​រក្សាទុក​ប្រព័ន្ធ​បម្រើសេវា​កម្ម​ព្យាបាល “3 + 2” ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ទីរពេទ្យ​ទី​ថា​ន មន្ទីរពេទ្យ​យ៉ូ​អាន មន្ទីរពេទ្យ​ទាហាន302 មន្ទីរពេទ្យ​សៀវ​ថាំង​សាន និង​មន្ទីរពេទ្យ​មិត្តភាព​ចិន-ជប៉ុន ក្នុងអំឡុង​ការឆ្លង​រាលដាល​របស់​កូ​វីដ-19 ឱ្យនៅ​ដដែល៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement