កូនកំលោះ​ម្នាក់​​បាន​ចម្លង​COVID-19 ទៅ​ភ្ញៀវ​ការ​ជាង​100​នាក់​ ព្រោះ​តែ​មិន​ចង់​ខាត…

កូនកំលោះចម្លង​COVID-19 ទៅ​ភ្ញៀវ​ការ​ជាង​100​នាក់​ ព្រោះ​តែ​មិន​ចង់​ខាត...
បុគ្គលិក​សុខាភិបាល​កំពុង​ពិនិត្យ​សុខ​ភាព​ជូន​ពលរដ្ឋ​នៅ​តំបន់​សម្បុក​កណ្ដុរ​​​ Dharavi នៃ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី​24​មិថុនា​2020

កូនកំលោះ​​​ម្នាក់​នៅ​ទីក្រុង​ Paliganj បាន​បាត់​ជីវិត​ក្រោយពី​បាន​ចម្លង​​វីរុស​COVID-19 ទៅ​មនុស្ស​ជាង​100​នាក់​ដែល​បាន​ចូល​រួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​កាល​ពីថ្ងៃទី​15​មីថុនាកន្លង​ទៅ​។

បុរស​ជា​វិស្វករ​ផ្នែក​ទន់​ម្នាក់ ​អាយុ30​ឆ្នាំ មាន​អាការ​​​រាកនិង​ក្ដៅ​ខ្លួន​ខ្លាំង​នៅមុន​ថ្ងៃ​ចូល​រោង​ការ​ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បាន​អើពើ​ដល់​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​នោះ​ឡើយ​ ដោយ​កូន​កំលោះ​​គ្រាន់​តែ​លេប​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​​និង​បន្ថយ​កម្ដៅ​ និង​បាន​​ប្រារព្ធ​ពិធី​រៀប​មង្គល​ការ​​ដ៏ធំ​ ដែល​មាន​មនុស្ស​ចូល​រួម​ចំនួន​ជាង​360​នាក់​។

ពីរ​ថ្ងៃ​បន្ទាប់​ពីពិធីរៀប​អាពាហ៍ពិពាហ៍​នៅទីក្រុង​ Paliganj រដ្ឋ​ Bibar ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ ស្ថាន​ភាព​សុខ​ភាព​របស់​កូន​កំលោះ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​។ មិន​យូរ​ប៉ុន្មាន​ កូន​កំលោះ​នេះ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​។ សាកសព​ត្រូវ​បាន​បូជា​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ទាន់​មាន​ការ​ធ្វើ​តេស្ត​រក​វីរុស​COVID-19​។

កាលពី​ថ្ងៃទី​19​មិថុនា មនុស្សដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​កូនកំលោះ​ សុទ្ធ​តែ​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​ ក្នុង​នោះមាន​មនុស្ស​ចំនួន​16​នាក់​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាមួយ​នឹង​COVID-19។ ការ​ធ្វើ​តេស្ត​លើ​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូល​រួម​ពិធី​មង្គលការ​ខាង​លើ​នៅតែ​បន្ត​ ហើយ​បាន​រកឃើញ​​អ្នក​ផ្ទុក​វីរុស​ចំនួន​86​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​សរុប​កើន​ឡើង​លើស​ពី​100​នាក់​​ ខណៈ​ដែល​​​កូន​ក្រមុំ​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​។

សាច់​ញាតិ​ម្នាក់​របស់​កូន​កំលោះ​ និយាយ​ថា “កាល​ពីថ្ងៃទី​14​មិថុនា​ បើ​ទោះជា​គាត់​បាន​ប្រាប់​ថា​ មិន​ស្រួល​ខ្លួន ហើយ​ចង់​ពន្យារ​ពេល​រៀប​ការ​ ប៉ុន្តែ​មេបា​ទាំង​សង​ខាង​​បាន​ផ្ដល់​យោបល់​ថា មិនគួរ​ធ្វើ​បែប​នេះ ព្រោះ​ថា នឹង​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​ បើ​សិនជា​លុប​ចោល​ពិធី​រៀប​ការ​នេះ​”។

សាច់​ញាតិ​ម្នាក់​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​គិត​ថា​ កូនកំលោះ​​មាន​ផ្ទុក​វីរុស​COVID-19នោះ​ឡើយ​។ “នៅ​តំបន់​ជនបទ​​ដែល​ហាក់​មិន​មាន​ស្រមោល​របស់​COVID-19 យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ហើរ​”។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ថ្ងៃ​រៀប​ការ​ កូនកំលោះ​មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង​ ធ្វើ​ឱ្យ​​សាច់​ញាតិ​ក្នុងគ្រួ​សារ​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​បាន​ “បួង​សួង​សូមឱ្យ​COVID-19​ បរវាស​ចៀស​ឆ្ងាយ​”។ ញាតិ​ម្នាក់​បាន​និយាយ​ថា “គាត់​នៅ​តែ​ធ្វើ​កិច្ច​ទាំង​អស់​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ក្រោយពី​បាន​លេប​ថ្នាំ​ប៉ារ៉ា”។

Chiranjeev Pandey ដែល​ជា​មន្ត្រី​ម្នាក់​នៅមូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​តំបន់មួយ​ចំនួន​នៅ​ Paliganj, Meetha Kuan និង​ Khagari។

គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ 10,777,769នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើនឡើង​ដល់​517,810​នាក់​។ ឥណ្ឌា​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​ និង​ធំជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​ ដោយ​មាន​អ្នក​ជំងឺ​ជាង​600,000​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ មាន​ចំនួន​ជាង​ 17,800​នាក់​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement