ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19

ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19

ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ លោក Jair Bolsonaro បាន​ប្រកាស​ថា លោក​វិជ្ជមាន​ជាមួយ​នឹង​វីរុសCOVID-19 ក្រោយ​ពី​មាន​អាការ​អស់កម្លាំង​និង​ក្ដៅ​ខ្លួន​។

“លទ្ធផល​គឺ​វិជ្ជមាន​” ប្រធានាធិបតី​ប្រេស៊ីល​មាន​ប្រសាសន៍​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន​​ក្នុង​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅក្នុង​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មួយ​កាល​ពី​ថ្ងៃទី​7កក្កដា​កន្លង​ទៅ​ ។

លោក​ Bolsonaro បាន​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​លោក​បាន​អញ្ជើញ​ទៅ​ទទួលទាន​អាហារ​នៅ​ឯគេហដ្ឋាន​របស់​លោក​ Todd Chapman​ ដែលជា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រេស៊ីល​ នា​រដ្ឋ​ធានី​ Brasilia។ លោក​ចាប់​ផ្ដើម​មាន​អាការ​អស់​កម្លាំង​កាល​ពី​ព្រលប់​ថ្ងៃទី​4​កក្កដា​ ហើយ​ថ្ងៃ​បន្ទាប់​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ដដែល​។

​រដ្ឋាភិបាល​ប្រេស៊ីល​ បាន​ឱ្យ​ដឹង​ថា លោក Bolsonaro មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ និង​មាន​កម្ដៅខ្លួន​ឡើង​ដល់​38​អង្សា​។ លោក​ Bolsonaro ក៏​បាន​បញ្ជាក់​ថា​ លោក​បាន​ធ្វើ​តេស្ត​រកមេរោគ​​ជា​លើក​ទី​4ហើយ​ រាប់​ចាប់​ពី​ខែ​មីនា​ និង​បាន​ថត​កាំរស្មី​អ៊ិច​ពិនិត្យ​មើល​សួត​នៅ​មន្ទីរ​ពេទ្យ​យោធា​ ប៉ុន្តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី​នោះ​ទេ។

មេដឹកនាំ​ប្រេស៊ីល​វ័យ​65​ឆ្នាំ​រូប​នេះ​ តែង​តែ​វាយ​តម្លៃ​ទាប​ទៅ​លើ​ហានិភ័យ​ក៏ដូចជា​ការ​គំរាម​កំហែង​របស់​វីរុស​COVID-19។ លោក​ធ្លាប់​បាន​ថ្លែង​ថា វីរុស​នេះ​មិន​ខុស​អ្វី​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតាទេ​។ លោក​ Bolsonaro ក៏ជឿ​ថា ការ​ដែល​លោក​ធ្លាប់ជា​អតីត​អត្តពលិក​នឹង​ជួយ​ឱ្យ​លោក​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ល្អ​សម្រាប់​ទប់​ទល់​នឹង​អាការ​ធ្ងន់​ធ្ងរ​បំផុត​របស់​COVID-19។

 mainichi.jp Brazil's President Bolsonaro appears in protest
លោក​ Bolsonaro កន្លង​មក ធ្លាប់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បម្រាម​គោចរ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​នេះ

លោក​ Bolsonaro គឺជា​សមាជិក​ទី2​ដែល​បាន​ឆ្លង​វីរុស​COVID-19 នៅក្នុងគ្រួសារ​របស់​លោក​។ លោក​យាយ​របស់​លោក​ជំទាវ​ទី​1​ Michelle Bolsonaro ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​ដាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ បន្ទាប់​ពី​បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ដោយ​សារ​តែ​ឆ្លង​COVID-19 កាលពីថ្ងៃទី​1កក្កដា​។

មុនករណី​​ប្រធានាធិបតី​ អភិបាល​ក្រុង Manaus ដែល​ជា​ទីក្រុង​ធំបំផុត​ក្នុង​តំបន់ Amazon ក៏​បាន​ចូល​ព្យាបាល​នៅមន្ទីរពេទ្យ​នាទីក្រុង​​ Sao Paulo ព្រោះ​តែ​ឆ្លង​វីរុស​COVID-19 នេះ​ដែរ​ កាល​ពី​សប្ដាហ៍​មុន​។

គិត​មក​ដល់​បច្ចុប្បន្ន COVID-19 បាន​សម្លាប់​មនុស្ស​ ជាង​482,100​នាក់​នៅក្នុង​ចំណោម​អ្នកជំងឺ​សរុប​ជាង​9,445,800​​នាក់​ក្នុង​ពិភពលោក​។ ប្រេស៊ីល​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​សកល​លោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,6លាន​​នាក់​ និង​អ្នក​ស្លាប់​សរុប​52,951​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement