ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ពិភពលោក​បាន​រកឃើញ​អ្នក​ជំងឺ​​ចំនួន​​​12,134,926​នាក់​ និង​អ្នក​ស្លាប់​ជិត​551,000​នាក់​ដោយ​សារ​តែ​វីរុស​COVID-19។ តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​ជិត​ពាក់​កណ្ដាល​​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ព្រោះ​តែ​វិបត្តិ​សុខ​ភាព​នេះ​។

ឥណ្ឌូនេស៊ី​គឺជា​សម្បុក​វីរុស​COVID-19 ធំជាង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​​មាន​អ្នក​ឆ្លង​វីរុស​ចំនួន​ 68,079​នាក់​ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​ចំនួន​3,359​នាក់​។ ចំនួន​អ្នក​ជំងឺ​បាន​កើន​​1,853​នាក់​ និង​អ្នក​ស្លាប់​កើន​50​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ​។ សាលា​រៀន​ត្រូវ​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃទី​13​កក្កដា​ ខណៈ​ដែល​ភោជនីយដ្ឋាន​និង​បារ​ទាំង​អស់​ត្រូវ​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុងបន្ត​ទៀត​​។

ហ្វីលីពីន​ ដែលជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​តំបន់ បាន​រាយការណ៍​ថា ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ហ្វីលីពីន​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​2,486​នាក់ និង​អ្នក​ស្លាប់​ចំនួន​6​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​វីរុស​ កើនឡើង​ដល់​50,359​នាក់​ និង​ស្លាប់​1,853​នាក់​។

ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​នេះ​អាច​បណ្ដាល​មក​ពី​ប្រជា​ជន​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​ច្រើន​ជាង​មុន​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​វិធាន​ការ​នៃ​បម្រាម​គោចរ​ ក្នុង​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​ជាតិ​។

ចំណែក​ប្រទេស​សិង្ហបុរី​វិញ គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេលំដាប់​ទី​3​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​ចំនួន​45,298​នាក់​ ដែល​កើន​158​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​26​នាក់​។ ប្រទេស​នេះ​កំពុង​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើការ​ដើរ​ហើរ​ទៅ​តាម​ដំណាក់កាល​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សកល​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​10​កក្កដា​ខាង​មុខ​នេះ​។ នាយក​រដ្ឋ​មន្ត្រី​ Lee Hsien Loong បាន​សម្រេច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ពេល​នេះ​ ព្រោះ​ថា មិន​ប្រាកដ​ថា បញ្ហា​ COVID-19 អាច​ត្រូវ​បាន​បញ្ចប់​​នៅ​ក្នុង​ឆ្នាំ​ក្រោយ​ ឬ​យ៉ាង​ណា​នោះ​ទេ​។

ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​
អ្នក​ជំងឺ​ម្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ហ្វីលីពីន

ប្រទេស​ម៉ាឡេស៊ី បាន​រកឃើញ​អ្នកជំងឺ​ចំនួន​ 8,596​នាក់​ និង​អ្នក​ស្លាប់​​121​នាក់ ខណៈ​ដែល​ប្រទេស​ថៃ​មាន​អ្នក​ជំងឺ​​3,157​នាក់​និង​អ្នក​ស្លាប់​​58​នាក់​ វៀត​ណាម​​រកឃើញ​អ្នក​ជំងឺ​352នាក់​ មីយ៉ានម៉ា​មាន​អ្នក​ជំងឺ​293​នាក់​និង​​ស្លាប់​​6​នាក់​ ប្រទេស​ប៊្រុយ​ណេ​មាន​អ្នកជំងឺ​141​និង​ស្លាប់​​3​នាក់​ កម្ពុជា​បាន​រកឃើញ​​​អ្នកជំងឺ​141នាក់​ ទីម័រ​ខាង​កើត​មាន​​អ្នកជំងឺ​24​នាក់​ និង​ប្រទេស​ឡាវ​មានអ្នកជំងឺ​សរុបយ៉ាង​តិច​​​​19​នាក់​។

​ប្រទេស​កម្ពុជា​ ឡាវ​ វៀត​ណាម និង​ទីម័រ​ខាង​កើត​ គឺជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​មិន​ទាន់​មាន​ករណី​បាត់​បង់​ជីវិត​ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅឡើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement