ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​

ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​

ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​12,614,315​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​561,987​នាក់​ ខណៈ​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 7,319,888​នាក់​។

ទ្វីប​អាមេរិក​រក​ឃើញ​អ្នក​ជំងឺ​សរុប6,645,257​នាក់ ខណៈ​ទ្វីប​អាស៊ី​រក​ឃើញ​2,848,060​នាក់​ អឺរ៉ុប​រកឃើញ​2,546,899​នាក់​ និង​អាហ្វ្រិក​រកឃើញ​562,357​នាក់​។

អ្នក​នាំពាក្យរបស់​អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) លោក​ស្រី​ Margaret Harris កាលពីថ្ងៃទី​10​កក្កដា​ បាន​ប្រកាស​ថា​ អ្នកជំនាញ​ការ​របស់​ WHO ចំនួន​2​រូប​ ដែលរួម​មាន​អ្នក​ជំនាញ​ផ្នែក​សុខភាព​សត្វ និង​ជំងឺ​ឆ្លង​ នឹង​ធ្វើការ​​ជាមួយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​ដើម្បី​កំណត់​ទំហំ​និង​ផែន​ការ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ប្រភព​​របស់​COVID-19។

លោក​ស្រី​ Harris ថ្លែង​ថា “មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​ និង​ជា​មូលហេតុ​ដែល​យើង​បញ្ជូន​អ្នកជំនាញ​ផ្នែក​សុខភាព​សត្វ​ទៅកាន់​ប្រទេស​ចិន​ នោះគឺ​ការ​កំណត់ឱ្យ​ដឹង​ច្បាប់​ថា តើ​វីរុស​នេះ​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដែរ​ឬទេ​ ហើយ​តើ​វា​មាន​ប្រភព​ពី​សត្វ​អ្វី​”។

អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា “យើង​ដឹង​ហើយ​ថា វា​ពិត​ជា​ដូច​ទៅនឹង​ប្រភេទ​វីរុស​ដែល​រក​ឃើញ​នៅលើ​សត្វ​ប្រចៀវ​​ខ្លាំង​ណាស់ ប៉ុន្តែ តើវា​ឆ្លង​តាម​រយៈ​ភ្នាក់​ងារ​ចម្លង​ណាមួយ? នេះ​គឺជា​សំណួរ​ដែល​យើង​​ត្រូវ​ផ្ដល់​ចម្លើយ​”។

ក្រុម​មន្ត្រី​របស់ WHO ធ្លាប់​យល់​ថា វីរុស​COVID-19 អាច​មាន​ប្រភព​ចេញ​ពី​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។ ពួកគេ​យល់​ថា វា​ឆ្លង​ពី​សត្វ​ប្រចៀវ​​ទៅកាន់​ “ភ្នាក់​ងារ​ចម្លង​កណ្ដាល​” មួយ​ មុននឹង​បាន​ឆ្លង​មក​មនុស្ស​។

ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​
ក្រុម​អ្នកវិទ្យា​សាស្ត្រនៅក្នុង​បន្ទប់​ពិសោធន៍​ផ្នែក​វីរុស​សាស្ត្រ​នៅក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​

ប្រធានាធិបតី​ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​លើក​ឡើង​អំពី​សម្មតិកម្ម​​មួយ​ដែល​ថា COVID-19 មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ក្នុង​ទីក្រុង​ Wuhan ជា​កន្លែង​ដែល​វីរុស​នេះ​​ផ្ទុះ​ឆ្លង​រាលដាល​មុន​គេបង្អស់​​។ ប៉ុន្តែ ក្រុម​មន្ត្រី​អាមេរិកាំង​មិន​ទាន់​បាន​លើក​ឡើង​អំពី​ភ័ស្តុតាង​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ ខណៈ​ដែល​ចិន​បាន​ប្រឆាំង​ និង​ទាត់​ចោល​ការ​ “ចោទ​ប្រកាន់” នេះ​។

ប្រធានអង្គការ​ WHO លោក Tedros ធ្លាប់​បាន​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ខែ​មករា​។ លោក Tedros បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Xi Jinping ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​វិធី​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​ប្រាស់​ក្នុងការ​ទប់​ទល់​នឹង​COVID-19។

ក្រោយ​ដំណើរ​ទស្សនាកិច្ច​របស់​លោក Tedros ​អ្នក​វិទ្យា​សាស្ត្រ​អន្តរជាតិ​មួយ​ក្រុម​​ផ្សេងទៀត​ក៏បាន​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ខែ​កុម្ភៈ​ ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នក​ជំនាញ​មក​ពី​អាល្លឺម៉ង់ ជប៉ុន កូរ៉េខាង​ត្បូង​ រុស្ស៊ី សឹង្ហបុរី​ សហរដ្ឋ​អាមេរិក​​ និង​នីហ្សេរីយ៉ា​ផងដែរ​៕

ប្រភព៖ Reuters

Advertisement