លោក ត្រាំ ពាក់ម៉ាស់ការពារជាលើកដំបូង ខណៈអាមេរិកអ្នកឆ្លងជំងឺថ្មីនៅតែកើនឡើងខ្លាំង

លោក ត្រាំ ពាក់ម៉ាស់ការពារជាលើកដំបូង ខណៈអាមេរិកអ្នកឆ្លងជំងឺថ្មីនៅតែកើនឡើងខ្លាំង

លោកដូណាល់ ត្រាំ សុខចិត្តពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈជាលើកដំបូង កាលពីថ្ងៃសៅរ៍(ទី11កក្កដា) ខណៈដែលរបាយការណ៍ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ប្រចាំថ្ងៃ បានកើនឡើងឥតឈប់ឈរ ចំណែកសួនកម្សាន្ត វ៉លដ៍ ឌីស្នីយ៍ ក្នុងរដ្ឋហ្វ្លរីដា ដែលនៅតែរកឃើញការឆ្លងរាលដាលនោះ ចាប់ផ្ដើមបើកបម្រើសេវាកម្មជាថ្មីឡើងវិញកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈដែលហុងកុង បានបញ្ជាឱ្យបិទសាលារៀនម្ដងទៀតចាប់តាំងពីថ្ងៃចន្ទ(ទី13កក្កដា) តទៅ ក្រោយពីរកឃើញការឆ្លងមេរោគក្នុងតំបន់កើនឡើងយ៉ាងឆាប់រហ័ស។

អ្នកជំនាញការរបស់មន្ទីរសេតវិមាន ដែលជាអ្នកដឹកនាំការប្រយុទ្ធប្រឆាំងនឹងវិបត្តិរោគរាតត្បាតនៅក្នុងប្រទេសអាមេរិក បានណែនាំមកជាយូរហើយ ឱ្យពាក់ម៉ាស់ការពារនៅក្នុងទីសាធារណៈ ដើម្បីការពារការឆ្លងសាយភាយ តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាព្រងើយកន្តើយ ទោះបីជាមានមន្ត្រីមន្ទីរសេតវិមានជាច្រើននាក់ត្រូវបានពិនិត្យឃើញថា បានឆ្លងមេរោគកូវីដ-19 និងអ្នកជំនួយការជាច្រើននាក់ចាប់ផ្ដើមពាក់ម៉ាស់ការពារហើយក៏ដោយ។

ទោះជាយ៉ាងនោះក្ដី ប៉ុន្មានម៉ោងក្រោយពីអង្គការសុខភាពពិភពលោក(WHO)អំពាវនាវឱ្យប្រទេសផ្សេងៗលើកកម្ពស់ការគ្រប់គ្រងការឆ្លងរាលដាល លោកត្រាំ បានយល់ព្រមពាក់ម៉ាស់អនាម័យការពារដែលមានរូបត្រាប្រធានាធិបតី ក្នុងអំឡុងពេលចុះទៅសួរសុខទុក្ខអតីតយុទ្ធជនដែលរងរបួសនៅឯមន្ទីរពេទ្យយោធា វ៉ធើរីត ក្រៅទីក្រុងវ៉ាស៊ីនតោន។

ទាំងអស់នេះ ក្រោយពីធ្វើដំណើរចេញពីមន្ទីរសេតវិមាន លោកត្រាំ បានប្រាប់ទៅអ្នកយកព័ត៌មានថា លោកមិនបានប្រឆាំងនឹងការពាក់ម៉ាស់ការពារទេ គ្រាន់តែជឿថា គួរតែពាក់នៅក្នុងទីកន្លែងណាខ្លះ និងពេលណាខ្លះតែប៉ុណ្ណោះ។

លោកត្រាំ មានពិន្ទុនិយមតាមពីក្រោយលោក ចូ បៃឌិន អនាគតបេក្ខភាពមកពីគណបក្ស ដេម៉ូក្រេត ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខ ដោយការធ្វើប្រជាមតិ បានបញ្ជាក់ថា ប្រជាជនអាមេរិកាំងភាគច្រើន មិនពេញចិត្តនឹងវិធានការទប់ទល់វិបត្តិរោគរាតត្បាតរបស់លោកត្រាំឡើយ តែមេដឹកនាំសហរដ្ឋអាមេរិករូបនេះ នៅតែអួតអាងពីស្នាដៃក្នុងការចាត់ការវីរុសកូរ៉ូណារបស់ខ្លួន ទោះជាចំនួនអ្នកឆ្លងមេរោគនេះនៅក្នុងប្រទេសនៅតែកើនឡើងខ្ពស់ឥតឈប់ឈរក៏ដោយ។ របាយការណ៍ដែលចេញមកកាលពីរាត្រីថ្ងៃសៅរ៍(ទី11កក្កដា) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគថ្មីក្នុងជុំ 24ម៉ោង មាន 66,528នាក់ ដែលជាស្ថិតិខ្ពស់បំផុតជាថ្មី និងស្លាប់ជិត 800នាក់ សរុបទាំងអស់ជិត 135,000នាក់។

នៅឯរដ្ឋហ្វ្លរីដា បានរកឃើញករណីថ្មី 1ក្នុងចំណោម 6 របស់ប្រទេស ខណៈដែលសួនកម្សាន្ត វ៉លដ៍ ឌីស្នីយ៍ បានបើកបម្រើសេវាកម្មឡើងវិញ ក្រោយពីបិទអស់រយៈពេល 4ខែ ដោយសាររោគរាតត្បាតនេះ។ អ្នកទេសចរជាច្រើនរយនាក់ បានមកឈរតម្រង់ជួរ ដើម្បីចូលទៅកម្សាន្តនៅក្នុងធីមផាក ក្នុងទីក្រុងអ័រលែនដូមួយនេះ ដោយទាំងអស់គ្នាសុទ្ធតេពាក់ម៉ាស់អនាម័យការពារ រក្សាគម្លាតឆ្ងាយពីគ្នា និងប្រតិបត្តិតាមវិធានការសុខភាពអនាម័យនានា ដែលសួនកម្សាន្តនេះបានកំណត់។

កាលពីពេលមុននេះ លោកអាន់ថូនី ហ្វៅស៊ី អ្នកជំនាញការកំពូលផ្នែករោគឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា រដ្ឋហ្វ្លរីដា ចាប់ផ្ដើមបើកទីក្រុងឡើងវិញមុនពេលកំណត់ សម្រាប់ការបន្ធូរបន្ថយវិធានការបិទទីក្រុងយ៉ាងសុវត្ថិភាព។

ខណៈនេះ មានអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកជិត 13លាននាក់ និងស្លាប់ 560,000នាក់ ហើយវិបត្តិរោគរាតត្បាតនេះ នៅតែបន្តសាងការខូចខាតយ៉ាងធំមហាសាលខាងសេដ្ឋកិច្ច ចាប់តាំងពីមេរោគនេះបានចាប់កំណើតឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំកន្លងទៅ។

អាមេរិកជាប្រទេស ដែលមានការឆ្លងរាលដាលខ្លាំងក្លាបំផុត តាមពីក្រោយដោយប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុនចំនួនជាង 70,000នាក់។

ក្នុងថ្ងៃជាមួយគ្នានោះ លោក ថេដ្រូស អាត់ហាណូម គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវក្នុងអំឡុងការថ្លែងព័ត៌មាននៅឯទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឱ្យប្រទេសផ្សេងៗប្រើវិធានការម៉ឺងម៉ាត់ ដើម្បីចាត់ការមេរោគដ៏កំណាចនេះ ដោយបានលើកពីភាពជោគជ័យរបស់ប្រទេសអ៊ីតាលី កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត និងបានបន្ថែមថា វិធានការម៉ឺងម៉ាត់ រួមជាមួយការរួមដៃគ្នាកម្រិតប្រទេស និងទូទាំងពិភពលោក នឹងអាចក្រឡាស់ស្ថានការណ៍រោគរាតត្បាតនេះបាន។

លោកប្រធានាធិបតី នៃប្រទេសអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា ការសម្រេចចិត្តអនុញ្ញាតឱ្យរង្គសាល និងធុរកិច្ចផ្សេងៗបើកដំណើរការឡើងវិញនោះ អាចនឹង “ឆាប់រហ័សពេក” ក្រោយពីរកឃើញអ្នកឆ្លងមេរោគកើនឡើងដល់ទៅ 1,500នាក់ ក្នុងថ្ងៃសុក្រតែ 1ថ្ងៃ ចំណែកប្រទេសបារាំង រដ្ឋបាលបានប្រកាសដាស់តឿនថា ចំនួនអ្នកឆ្លងមេរោគ បានត្រឡប់មកកើនឡើងជាថ្មីម្ដងទៀត ខណៈដែលចំនួនអ្នកស្លាប់បានឡើងដល់ 30,000នាក់។

ឯប្រទេសអូស្ត្រាលី បានឱ្យដឹងថា នឹងកាត់បន្ថយចំនួនពលរដ្ឋ ដែលធ្វើដំណើរត្រឡប់ពីបរទេស ក្នុង 1ថ្ងៃឱ្យបានពាក់កណ្ដាល ក្រោយពីចំនួនអ្នកឆ្លងមេរោគ នៅតែហក់ឡើងខ្ពស់ក្នុងទីក្រុងមែលប៊ន ដែលត្រូវបិទម្ដងទៀតតាំងពីចុងសប្ដាហ៍ទីមួយ នៃខែកក្កដា។

នៅហុងកុង រកឃើញអ្នកឆ្លងមេរោគកើនឡើងដូចគ្នា ក្រោយពីប្រជាជននាំគ្នាត្រឡប់មកដំណើរការជិវិតរស់នៅដូចកាលពីពេលមុនច្រើនឡើង ដោយភោជនីយដ្ឋាន និងបារ៍ រួមទាំងមណ្ឌលទេសចរណ៍បែបវប្បធម៌ បានទទួលការអនុញ្ញាតឱ្យបើកឡើងវិញតាមប្រក្រតី។

យ៉ាងណាក៏ដោយ រដ្ឋបាលទីក្រុងហុងកុង មានបញ្ជាឱ្យបិទសាលារៀនទាំងអស់ជាថ្មីម្ដងទៀត តាំងពីថ្ងៃចន្ទ(ទី13កក្កដា)នេះ ក្រោយរកឃើញការឆ្លងមេរោគនៅក្នុងតំបន់កើនឡើងយ៉ាងឆាប់រហ័ស៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement