ជិះ​ជណ្ដើរ​ប្រអប់​តែ​1នាទី​សោះ​​ ចម្លង​COVID-19 ទៅ​អ្នក​ផ្សេង​បាន​71​នាក់​

ជិះ​ជណ្ដើរ​ប្រអប់​តែ​1នាទី​ ចម្លង​COVID-19 ទៅ​អ្នក​ផ្សេង​បាន​71​នាក់​

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​មាន​ផ្ទុក​​វីរុស​COVID-19 ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​​ បាន​ចម្លង​វីរុស​នេះ​ទៅ​មនុស្ស​​ចំនួន​71​នាក់​នៅក្នុង​រយៈ​ពេល​ត្រឹម​តែ​60​វិនាទី​នៃ​ការ​ជិះ​ជណ្ដើរ​ប្រអប់​។

សេចក្ដី​លម្អិត​អំពី​រឿង​រ៉ាវ​ដ៏គួរ​ភ្ញាក់​ផ្អើល​នេះ ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុងសេចក្ដី​ប្រកាស​អំពី​លទ្ធផល​នៃ​​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​រោគ​ឆ្លង​នៃ​សហរដ្ឋ​អាមេរិក​ (CDC)។ បញ្ហា​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភជា​ខ្លាំង​ទាក់​ទិន​នឹង​អ្នក​ផ្ទុក​វីរុស​ប៉ុន្តែ​គ្មាន​រោគ​សញ្ញា​ រួម​នឹង​ការ​ជិះ​ជណ្ដើរ​ប្រអប់​។

ស្ត្រី​ម្នាក់​ខាង​លើ​នេះ​បាន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ត្រលប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ឯខេត្ត​ Heilongjiang ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​19​មីនា​។ បើ​ទោះ​ជា​មិន​មាន​រោគ​សញ្ញា​ ប៉ុន្តែ​ស្ត្រី​ម្នាក់​នេះ​នៅ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​​។

ការ​ធ្វើតេស្ត​បន្ទាប់​នោះ​ក៏​បាន​រកឃើញ​ថា​ នាង​មាន​ផ្ទុក​វីរុស​COVID-19។ 3សប្ដាហ៍​ក្រោយ​មក មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជិត​ខាង​ និង​មនុស្ស​ចំនួន​4​នាក់​ផ្សេង​ទៀត​ដែល​បាន​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជិត​ខាង​​​ ក៏​បាន​ឆ្លង​វីរុស​។

ស្ត្រី​ម្នាក់​ដែល​ទើប​មក​ពី​សហរដ្ឋ​អាមេរិក​នោះ​​ និង​អ្នក​ជិត​ខាង​ទាំង​នោះ​ មិន​បាន​ទាក់​ទង​ផ្ទាល់​នឹង​គ្នា​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ប្រើ​ប្រាស់​ជណ្ដើរ​ប្រអប់​​តែ​មួយ​នៅក្នុង​អំឡុង​ពេល​ខុស​ៗ​គ្នា​។ ស្ត្រី​មក​ពី​សហរដ្ឋ​អាមេរិក​ជិះ​ជណ្ដើរ​ប្រអប់​តែ​ម្នាក់​ឯង​ក្នុង​រយៈ​ពេល​ប្រហែល​60​វិនាទី​ ប៉ុន្តែ​មិន​បាន​ជួប​អ្នក​ណា​ម្នាក់​នោះ​ទេ​។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ CDC (អាមេរិក) អ្នក​ជិត​ខាង​របស់​ស្ត្រី​មក​ពី​អាមេរិក​​ ប្រហែល​ជា​បាន​ឆ្លង​វីរុស​​នៅ​ពេល​ប្រើប្រាស់​ជណ្ដើរ​ប្រអប់​ក្នុង​អគារ​ដែល​ពួកគេ​នៅ​ជាមួយ​គ្នា​ ក្រោយ​ពី​ស្ត្រី​មក​ពី​អាមេរិក​បាន​ប្រើប្រាស់​ជណ្ដើរ​នោះ​។ CDC របស់​សហរដ្ឋ​អាមេរិក​យល់​ថា ការ​ឆ្លង​រាលដាល​នេះ​អាច​កើត​ឡើង​នៅ​ពេល​អ្នក​ជិត​ខាង​​បាន​ប៉ះទៅ​លើផ្ទៃ​អ្វី​មួយ​នៅក្នុង​ជណ្ដើរ​ប្រអប់​ ដូច​ជា​ជញ្ជាំង ឬ​គ្រាប់​ចុច​លេខ​របស់​ជណ្ដើរ​ជា​ដើម​។

ជិះ​ជណ្ដើរ​ប្រអប់​តែ​1នាទី​ ចម្លង​COVID-19 ទៅ​អ្នក​ផ្សេង​បាន​71​នាក់​
ជណ្ដើរ​ប្រអប់​គឺជា​ទី​កន្លែង​ដ៏​សុខ​សាន្ត​សម្រាប់​ COVID-19 រស់​​នៅ​ និង​ចម្លង​ទៅ​អ្នក​ផ្សេង​

ក្រៅ​ពី​អ្នក​ដែល​បាន​រៀប​រាប់​ខាង​លើ​ មិន​មាន​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​ក្នុង​អគារ​នោះ​​បាន​ឆ្លង​វីរុស​នោះ​ទេ​ ប៉ុន្តែ ការ​ស្រាវ​ជ្រាវ​បន្ទាប់​មក​ ក៏បាន​បង្ហាញ​ថា អ្នកជិត​ខាង​របស់​ស្ត្រី​មក​ពី​អាមេរិក​ គឺជា​អ្នកជំងឺ​ទី​0នៅក្នុង​ក្រុម​មនុស្ស​71​នាក់​ដែល​បាន​ឆ្លង​វីរុស​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា “លទ្ធផលនៃ​ការ​ស្រាវ​ជ្រាវ​របស់​យើង​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​ដែល​មាន​ផ្ទុក​វីរុស​ អាច​បង្ក​ការ​ឆ្លង​រាល​ដាល​នៅក្នុង​សង្គម​”។ អ្នកស្រាវ​ជ្រាវ​បន្ត​ថា ជណ្ដើរ​​ប្រអប់​គឺជា​ទីកន្លង​ដ៏ល្អសម្រាប់ការ​ចម្លង​​វីរុស​COVID-19 ព្រោះ​ថា​ វា​ជា​កន្លែង​តូច​ចង្អៀត​ នាំ​ឱ្យ​វីរុស​ដែល​មាន​នៅក្នុង​កម្ទេច​ទឹក​តូច​ៗ​ ងាយ​ស្រួល​ក្នុងការ​រក្សា​ជីវិត​ និង​តោង​ជាប់​ជញ្ជាំង​ជណ្ដើរ​ប្រអប់​ បន្ទាប់​ពី​អ្នកផ្ទុក​វីរុស​បាន​ក្អក ​កណ្ដាស់​ ឬ​និយាយ​គ្នា។

ការស្រាវ​ជ្រាវ​កន្លង​មក​បាន​បញ្ជាក់​ថា COVID-19 អាច​តោង​ជាប់​នឹង​ផ្ទៃ​របស់​វត្ថុ​អ្វី​មួយ​ ហើយ​រស់​បាន​ជា​ច្រើន​ថ្ងៃ​ ពិសេស​គឺ​ផ្ទៃ​របស់​ដែក​អ៊ីណុក​ ឬ​ជ័រ​ជា​ដើម​៕

ប្រភព៖ The Sun

Advertisement