រដ្ឋាភិបាលកំណត់ថ្ងៃឈប់សម្រាកច្បាស់ហើយសម្រាប់សងបុណ្យចូលឆ្នាំថ្មី

ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 រដ្ឋាភិបាល​កម្ពុជ​បានសម្រេច​ផ្អាក​មិនឱ្យ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដោយ​ឱ្យ​បុគ្គលិក​ទាំង​រដ្ឋ និង​ឯកជន​ធ្វើការ​ជាធម្មតា រង់ចាំ​ស្ថានភាព​ធូរស្រាល​ទើប​សង​វិញ​ចំនួន 5ថ្ងៃ។

រហូតមកដល់​ពេលនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​យើង​កំណត់​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ ចំនួន5ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី17 ខែសីហា រហូតដល់​ថ្ងៃទី21 ខែសីហា ឆ្នាំ2020។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ រដ្ឋាភិបាល​បានស្នើ​ឱ្យ​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាជន ក៏ដូចជា ម្ចាស់​អាជីវកម្ម ដោយ​តម្រូវឱ្យ​អនុវត្ត​ដាច់ខាត​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការឆ្លង​រាល​ល​ជំងឺ​ Covid-19 នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការជ្រើសរើស​ពេលវេលា​ឈប់សម្រាក នៅ​ចុងខែ​ក្រោយ​បែបនេះ គឺ​ទុក​ពេលវេលា​ឱ្យ​ក្រសួងសុខាភិបាល និង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​ជាដើម រៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សុខាភិបាល​ទុកជាមុន៕

Advertisement