អឺរ៉ុបឱ្យលុយទៅប្រជាជនដែលជិះកង់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ Covid-19 និងបរិស្ថាន

ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ចំណាយលុយ​ឱ្យ​ប្រជាជន​ដែល​ជិះ​កង់​ទៅធ្វើ​ការ ឬ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បរិស្ថាន និង​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19។

វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា នៅ​ទីក្រុង​ប៉ារីស រដ្ឋ​បានផ្តល់​លុយ​ឱ្យ​ប្រជាជន​ណា​ដែល​ជិះ​កង់ ដោយសារតែ​ការធ្វើ​បែបនេះ នឹង​អាច​កាត់បន្ថយ​ការបំពុល​ខ្យល់​ដែល​កើតចេញពី​ឥន្ធនៈ និង​អាច​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម ដូចជា​ការ​ជិះ​រថយន្តក្រុង និង​ជិះ​រថភ្លើង​ជាដើម។ ការធ្វើ​បែបនេះ​ត្រូវបាន​គេ​ជឿថា​អាចជួយ​បាន​មួយផ្នែកធំ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លង​រលក​ទី2 នៃ​ជំងឺ Covid-19 ព្រោះ​មនុស្សម្នាក់ៗចាប់ផ្តើម​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​កាត់បន្ថយ​ការជួបជុំ​តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​រួម។

បន្ថែម​ពីលើ​នេះ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជិះ​កង់​សារជាថ្មី រដ្ឋាភិបាល​លើកទឹកចិត្ត​ដោយ​ផ្តល់​ថវិកា​ប្រមាណ 50អឺរ៉ូ ដល់​អ្នក​ទាំងឡាយណា​ដែល​យក​កង់​ទៅ​ជួសជុល​សម្រាប់​ប្រើប្រាស់​ឡើងវិញ។ ទន្ទឹមនឹង​នេះដែរ តាម​ដងផ្លូវ​សាធារណៈ​ក៏​មានការ​តម្លើង​ចំណត​សម្រាប់​កង់​កាន់តែច្រើនឡើងៗ ដើម្បី​បង្កើន​ភាពងាយស្រួល​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​ផងដែរ៕

Advertisement