អ៊ីស្ត្រាអែល ឱ្យប្រជាជនឱបដើមឈើដើម្បីកាត់បន្ថយអារម្មណ៍ឯកកាដោយសារគម្លាតសង្គម

ដោយសារតែ​មេរោគ Covid-19 បានធ្វើឱ្យ​មនុស្ស​លើ​ពិភពលោក​ចាប់ផ្តើម​មាន​អារម្មណ៍​កាន់តែ​ឯក​កា​ខ្លាំងឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​អ៊ី​ស្ត្រា​អែល បានអនុញ្ញាត​ឱ្យ​ប្រជាជន​ឱប​ដើមឈើ​ដើម្បី​កាត់បន្ថយ​ភាព​ឯក​កា​ដោយសារតែ​ការរក្សា​គម្លាត​សង្គម។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ធម្មជាតិ និង​សួន​សាធារណៈ​នៃ​ប្រទេស​នេះ​បានបង្ហាញ​លើ​បណ្តាញ​សង្គម​ថា មនុស្សម្នាក់ៗគួរ​ចំណាយ​ពេលវេលា​លើ​ធម្មជាតិ​ឱ្យបាន​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ​នានា។

តាម​អ្នក​ចិត្តសាស្ត្រ​បានឱ្យដឹងថា ការរក្សា​គម្លាត​សង្គម​នេះ​បានធ្វើឱ្យ​មនុស្ស​មិនដែល​ប៉ះគ្នា​សោះ ដែល​កត្តា​នេះ​ធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​កាន់តែ​មាន​ភាព​ឯក​កា ហើយ​ត្រូវការ​ការ​ថ្នាក់ថ្នម។ ភាគច្រើន​នៃ​អ្នក​ដែលមាន​អារម្មណ៍មិនល្អ​ក្នុង​រយៈពេល​ដែល​ត្រូវធ្វើ​គម្លាត​សង្គម គឺ​មនុស្ស​ចាស់។ អ្នកជំនាញ​ថា វ័យ​នេះ​ជា​វ័យ​ដែលមាន​អារម្មណ៍​ប្រែប្រួល​ច្រើន ត្រូវការ​ថ្នាក់ថ្នម និង​ត្រូវការ​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជុំវិញខ្លួន។

តាម​ការបង្ហាញ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ឱ្យដឹងថា មនុស្ស​ចាស់​ជាច្រើន​បង្ហាញ​អារម្មណ៍​ថា គាត់​ត្រូវ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ មិនបាន​ឱប​កូន​របស់គាត់ និង​ចៅ​ជាដើម។ ហេតុនេះ​ការ​នៅ​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់ស្អាត អាច​រំសាយ​អារម្មណ៍​បាន​មួយចំណែក។ មនុស្ស​វ័យ​ចំណាស់​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ថា ការ​ឱប​ដើមឈើ និង​ដាក់​ក្តី​ស្រឡាញ់​លើ​ធម្មជាតិ អាចធ្វើឱ្យ​អារម្មណ៍​ពួកគាត់​ប្រសើរឡើង៕

Advertisement