អ្នកល្មើសនឹងវិធានការចត្តាឡីស័កនឹងទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន

ក្រោយពេល​មាន​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​មួយរូប​បាន​លួច​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា រាល់​អ្នក​ដែល​ល្មើស​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ទទួលពិន័យ ឬ​ទោស​បញ្ញត្តិ​ជា​ធរមាន។

លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ចាំបាច់​បំផុត​ត្រូវតែ​គោរព​តាម​ការអនុវត្ត​វិធាន​នេះ​រយៈពេល 14ថ្ងៃ​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត មិន​ថា​អ្នកនោះ​ជា​ជនជាតិខ្មែរ ឬ​ជនបរទេស​ដែល​មក​រស់នៅ និង​ចូលមក​កម្ពុជា​នោះទេ។ ប្រសិនបើ​មិន​អនុវត្តតាម​វិធាន​ការដែល​ក្រសួងសុខាភិបាល​ដាក់ចេញ​ឱ្យ​អនុវត្ត​នោះទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខ​ភិ​បាល ឬ​រត់គេច​ពី​ការអនុវត្ត​វិធានការ​នេះ​ដោយ​ចេតនា​ក្តី និង​អ​ចេតនា​ក្តី នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ជាធរ​មាននៅ​កម្ពុជា។

ពាក់ព័ន្ធ​នឹង​បញ្ហា​ពិន័យ ឬ​ដាក់ទោស​លើ​ជន​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺមាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ 129 អនក្រ.បក ចុះ​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2015 ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​តាម​ច្រកចេញចូល រួមទាំង​វិធាន​ច្បាប់​មួយចំនួនទៀត៕

Advertisement