វិធីសង្កេតអាការជំងឺគ្រុនឈាម

លេខនេះ ឡារ៉ែនសូមនាំយកព័ត៌មានពាក់ព័ន្ធនឹងអាការរបស់ជំងឺគ្រុនឈាមមកជម្រាបជូន ដើម្បីជាគន្លឹះក្នុងការសង្កេតមើលភាពខុសប្រក្រតីដែលកើតឡើងនៅលើរាងកាយ ដើម្បីនឹងបានការពារ ឬព្យាបាលឱ្យបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាមុននឹងអ្វីៗគ្រប់យ៉ាងហួសពេលអស់។

ដំណាក់កាលទី 1 ៈ ដំណាក់កាលគ្រុនក្តៅខ្លាំង ពី 2 – 7 ថ្ងៃ ទោះជាលេបថ្នាំបញ្ចុះកម្តៅហើយក៏ដោយ ក៏កម្តៅច្រើនតែមិនថយចុះ មានអាការមុខឡើងក្រហម ភ្នែកក្រហម ស្រងូតស្រងាត់ ច្រើនតែធុញទ្រាន់ មិនឃ្លានអាហារ និងមានអាការក្ងួតរួមជាមួយផង​។ ចំពោះអ្នកខ្លះអាចនឹងមានអាការឈឺពោះត្រង់ម្តុំក្រោមចុងដង្ហើម ឬឆ្អឹងជំនីខាងស្តាំ ភាគច្រើនគ្មានអាការតឹងច្រមុំ ហៀរសំបោរ ឬក្អកទេ។ ប្រមាណជាថ្ងៃទី 3 អាចនឹងមានឡើងស្នាមអុចៗក្រហមតូចៗនៅលើផ្ទៃមុខ ដៃ ជើង ប្រឡោះក្លៀក ក្នុងប្រអប់មាត់ អាចស្ទាបប៉ះថ្លើមដែលរីកធំ សង្កត់ទៅឈឺ ចំពោះអ្នកខ្លះអាចមានអាការធ្ងន់ធ្ងរ និងបង្ហាញអាការក្នុងដំណាក់កាលទី 2 ជាបន្ត។

ដំណាក់កាលទី 2 ៈ ដំណាក់កាលធ្ងន់ធ្ងរ និងមានឈាមចេញ ច្រើនតែកើតឡើងក្នុងអំឡុងថ្ងៃទី 3 – 7 កម្តៅនឹងចាប់ផ្តើមថយចុះ តែអ្នកជំងឺបែរជាមានអាការចុះទ្រុឌទ្រោមធ្ងន់ធ្ងរ មានសភាវគាំង ដូចជា នៅស្ងៀម ខ្លួនប្រាណត្រជាក់ ចេញញើស ជីពចរដើរខ្សោយ ហើយញាប់ សម្ពាធឈាមធ្លាក់ចុះទាប ក្រៅពីនោះអាចមានឈាមចេញមកតាមផ្នែកផ្សេងៗនៃរាងកាយ ដូចជា នៅតាមស្បែក ឈាមច្រមុះ ក្អួត ឬបន្ទោរបង់មានឈាម ជាដើម។ ដំណាក់កាលនេះស៊ីពេលប្រមាណជា 24 – 72 ម៉ោង បើមិនបានទទួលការព្យាបាលជាបន្ទាន់ភ្លាមៗទេនោះ អាចមានគ្រោះថ្នាក់ដល់ជីវិតបាន។

ដំណាក់កាលទី 3 ៈ ដំណាក់កាលស្តារខ្លួនឡើងវិញ នៅលើអ្នកជំងឺដែលបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា មានសភាវគាំងមិនធ្ងន់ធ្ងរ អាការផ្សេងៗនឹងចាប់ផ្តើមល្អប្រសើរឡើង អ្នកជំងឺនឹងចាប់ផ្តើមទទួលទានអាហារបានឡើងវិញ ឬក្រោកអង្គុយបាន។

ការព្យាបាល ៈ បើអាការមិនធ្ងន់ធ្ងរ មានត្រឹមតែគ្រុនក្តៅខ្លួនខ្លាំង ឈឺក្បាល មិនឃ្លានអាហារ នៅមិនទាន់មានអាការចេញឈាម ឬសភាវគាំងទេនោះ គួរប្រតិបត្តិដូចខាងក្រោមនេះ ៈ

1 ឱ្យអ្នកជំងឺគេងសម្រាកឱ្យបានច្រើន បើមានកម្តៅខ្លួនឡើងខ្ពស់ គួរយកក្រណាត់ជ្រលក់ទឹកមកជូតខ្លួនប្រាណឱ្យបានញឹកញាប់ និងឱ្យលេបថ្នាំ ប៉ារ់ាសេតាម៉ុល (ហាមប្រើថ្នាំ អាស្ពីរីន ជាដាច់ខាត)។ បើអ្នកជំងឺជាកុមារ និងធ្លាប់ប្រកាច់ពីមុនពីមុនផងនោះ គួរឱ្យញ៉ាំថ្នាំការពារប្រកាច់ការពារជាមុន តាមសង្កេតមើលអាការរបស់អ្នកជំងឺយ៉ាងដិតដល់។

2 . បើអ្នកជំងឺក្អួតខ្លាំង មានសភាវគាំង ឬមានឈាមចេញតាមរាងកាយ គួរប្រញាប់នាំទៅមន្ទីពេទ្យភ្លាម កុំបង្អង់យូរ។

យើងអាចការពារជំងឺគ្រុនឈាមបានដោយការមើលថែទាំបរិវេណក្នុងផ្ទះ និងជុំវិញផ្ទះឱ្យបានស្អាតជានិច្ច កុំឱ្យមានទឹកដក់យូរ ដើម្បីកុំឱ្យវាក្លាយជាប្រភពបន្តពូជរបស់សត្វមូសខ្លា ត្រឹមតែប៉ុណ្ណឹងយើងក៏អាចចៀសវាងពីជំងឺគ្រុនឈាមបានទៅហើយ៕

Advertisement