គេងលក់សុខៗ ស្រាប់តែភ្ញាក់ក្រញាង តើអាការបែបហ្នឹងគ្រោះថ្នាក់ដែរឬទេ?

ជឿថា មនុស្សជាច្រើនធ្លាប់មានបទពិសោធន៍ក្នុងការយល់សប្តិថាខ្លួនឯងធ្លាក់មកពីលើទីខ្ពស់ និងអារម្មណ៍នោះដូចមែនទែនអ៊ីចឹងរហូតធ្វើឱ្យភ្ញាក់ក្រញាងឡើងតែម្តង តែនៅពេលភ្ញាក់ដឹងខ្លួនឡើងទើបដឹងថា ខ្លួនឯងកំពុងគេងនៅកន្លែងដដែល។ មនុស្សភាគច្រើនៗតែគិតថា ហ្នឹងគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ តែការពិតវិញអាការនេះអាចកើតឡើងពីសភាវដែលហៅថា ការគេងកន្រ្តាក់( Hypnic Jerks) ដែលអាចកើតឡើងនៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ តើអាការនេះយ៉ាងណាខ្លះ? តើអាការគេងកន្រ្តាក់នេះនឹងមានផលមិនល្អដល់សភាវការគេងលក់ដែរឬទេ? និងមានវិធីការពារយ៉ាងណាខ្លះ? ថ្ងៃនេះឡារ៉ែនមានចម្លើយមកជម្រាបជូនដូចខាងក្រោម ៖

Hypnic Jerks គឺអាការគេងកន្រ្តាក់ ជាអាការកន្រ្តាក់របស់សាច់ដុំខណៈស្ថិតក្នុងសភាវស្ទើរភ្ញាក់ស្ទើរលក់ រហូតធ្វើឱ្យមានអារម្មណ៍ថាកំពុងយល់សប្តិ ដោយក្នុងការយល់សប្តិនោះឃើញដូចជាខ្លួនឯងធ្លាក់ចុះមកពីទីខ្ពស់ ឬពេលខ្លះមានអារម្មណ៍ដូចខ្លួនឯងត្រូវចាប់ទាញកញ្ឆក់យ៉ាងខ្លាំង ដែលអាការនេះអាចកើតនៅលើបាននៅលើមនុស្សគ្រប់រូប និងមិនមានគ្រោះថ្នាក់ដល់សុខភាពឡើយ គ្រាន់តែរំខានដល់ការគេងលក់ ធ្វើឱ្យស្ទុះភ្ញាក់ឡើងកណ្តាលយប់ប៉ុណ្ណោះ និងអាចជាមូលហេតុមួយរបស់ការគេងសម្រាកមិនគ្រប់គ្រាន់បាន។

អាការគេងកន្រ្តាក់បណ្តាលមកពីអ្វី?

មានអ្នកវិភាគខាងផ្នែកការគេងលក់មិនតិចនាក់ទេដែលបានធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងអាការគេងកន្រ្តាក់ និងទោះ​បីជាវាមិនទាន់មានភស្តុតាងច្បាស់លាស់ថា អាការគេងកន្រ្តាក់បណ្តាលមកពីអ្វីប្រាកដមែន តែក្រុមអ្នកស្រាវជ្រាវក៏មានភាពព្យាយាមក្នុងការសន្និដ្ឋានពីមូលហេតុរបស់អាការគេងកន្រ្តាក់នេះជាច្រើនប្រភេទដូចតទៅ ៈ

1 . ការទំនាក់ទំនងដែលខុសឆ្គង

អ្នកជំនាញខាងផ្នែកគេងលក់បានសន្និដ្ឋានថា អាការគេងកន្ត្រាក់នេះជាអាការដែលកើតចេញពីការទំនាក់ទំនងដែលខុសឆ្គងរបស់ខួរក្បាល ដោយសារតែពេលដែលយើងទម្រេតខ្លួនគេងនៅលើគ្រែនោះ សាច់ដុំផ្នែកផ្សេងៗក្នុងរាងកាយនឹងស្ថិតក្នុងសភាវសម្រាក និងធូរស្រាល ហើយសភាវដែលសាច់ដុំសម្រាកនេះឯងគឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថា រាងកាយយើងកំពុងធ្លាក់ពីកន្លែងណាមួយបានដូចគ្នា ទើបធ្វើឱ្យខួរក្បាលយល់ឃើញដូចគ្នា រហូតធ្វើឱ្យអ្នកកើតសភាវសាច់ដុំកន្រ្តាក់ភ្លាមតែម្តង។

2 . ដោយសារថាមពលក្នុងរាងកាយដែលនៅសេសសល់ពីពេលថ្ងៃច័ន្ទ

ចំណុចសន្និដ្ឋានមួយទៀតជារបស់អ្នកជំនាញខាងចិត្តវិទ្យាមកពីប្រទេសអង់គ្លេសបានសន្និដ្ឋានថា ការគេងកន្រ្តាក់នេះកើតចេញពីសភាវដែលរាងកាយឈានចូលសភាវខ្មោចសង្កត់ ពោលគឺអាការដែលកើតឡើងក្នុងអំឡុងការគេងលក់បែបភ្នែកញាក់ៗ ជាអំឡុងពេលដែលខួរក្បាលនៅធ្វើការ ប៉ុន្តែមិនអាចកម្រើករាងកាយបាន និងថាមពលដែលនៅសេសសល់ក្នុងរាងកាយពីពេលថ្ងៃមកបានបញ្ចេញមកក្នុងលក្ខណៈខ្ជីខ្ជាផ្តេសផ្តាស់ រហូតធ្វើឱ្យកើតមានការធ្វើចលនាខុសប្លែកពីធម្មតាដូចជា អាការដូចធ្លាក់ចុះពីលើទីខ្ពស់នេះជាដើម។

អាការគេងកន្រ្តាក់ កើតលើមនុស្សបែបណាខ្លះ?

អាចកើតឡើងលើមនុស្សគ្រប់គ្នាបានទាំងអស់ តែក៏មានមនុស្សមួយចំនួនដែលអាចកើតញឹកញាប់ជាងគេដែរ ដោយមានរបាយកាណ៍មួយបានបង្ហាញថា អាការគេងកន្រ្តាក់នេះច្រើនតែកើតនៅលើមនុស្សដែលមានសុខភាពល្អខ្លាំងជាង តែមិនញឹកញាប់ពេកនោះទេ ដោយមូលហេតុដែលធ្វើឱ្យកើតអាការនេះលើក្រុមមនុស្សដែលមានសុខភាពល្អនោះគឺ ត្រូវបានជំរុញដោយបច្ច័យផ្សេងៗដូចជា អាការនឿយល្វើយ ភាពតានតឹងធុញថប់ ការសម្រាកមិនគ្រប់គ្រាន់ ការហាត់ប្រាណខ្លាំងជ្រុលពេក ឬសារធាតុជំរុញពពួក កាហ្វេអ៊ីន និងនីកូទីនផងដែរ។

កើតអាការគេងកន្រ្តាក់ ត្រូវទៅឱ្យពេទ្យព្យាបាលឬទេ?

គេងកន្រ្តាក់ជាអាការដែលកើតឡើងមិនញឹកញាប់ទេ និងមិនមានគ្រោះថ្នាក់អ្វីឡើយ ដូច្នេះមិនចាំបាច់ទៅជួបគ្រូពេទ្យទេ ប៉ុន្តែបើលោកអ្នកកើតអាការនេះញឹកញាប់ជ្រុលហួសហេតុរហូតដល់ខុសប្រក្រតី និងធ្វើឱ្យលោកអ្នកគេងលែងលក់ ឬកើតមានអារម្មណ៍វិតក្កកង្វល់ខ្លាំងនោះ គួរតែទៅប្រឹក្សាគ្រូពេទ្យហើយ ព្រោះវាអាចមានន័យថាលោកអ្នកកើតមានសភាវការគេងមិនលក់ដែលខុសប្រក្រតី ដែលគួរតែព្យាបាលជាបន្ទាន់មុននឹងមានកើតផលប៉ះពាល់ខ្លាំងជាងហ្នឹងទៅទៀត។

គេងកន្ត្រាក់ មានវិធីកែយ៉ាងណា?

យើងអាចគ្រប់គ្រងអាការគេងកន្ត្រាក់នេះបានដោយការកាត់បន្ថយបច្ច័យជំរុញដែលមានដូចជា ចៀសវាងការញ៉ាំកាហ្វេនៅពេលរសៀល សម្រាលភាពតានតឹងធុញថប់ដោយការធ្វើសមាធិ ឬអានសៀវភៅមុនគេង តមលេងទូរស័ព្ទមុនគេង ចៀសវាងការញ៉ាំភេសជ្ជះជាតិអាល់កុល និងឧស្សាហ៍ចូលគេងឱ្យទៀងទាត់ពេលវេលា និងគេងឱ្យលក់បានគ្រប់គ្រាន់៕

Advertisement