ចាប់ពីពេលនេះទៅកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងសារ ទីតាំង និងទិន្នន័យ Covid-19 កាន់តែខ្លាំង

ក្រោយពេល​ជំងឺ Covid-19 រីក​រាលដាល​កាន់តែខ្លាំង​ក្នុង​ពិភពលោក បណ្តា​ប្រទេស​នានា​បានរៀបចំ​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​កុំឱ្យ​មានការ​ឆ្លង​នៅក្នុង​ប្រទេស។ សម្រាប់​កម្ពុជា​យើង​វិញ ថ្មីៗនេះ​បាន​ដាក់ឱ្យ​ដំណើការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​បញ្ហា​ទាំងអស់នេះ។

ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នេះ​មាន​ឈ្មោះថា «ប្រព័ន្ធគ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​ប្រជាពលរដ្ឋ​អំពី​ជំងឺ Covid-19»។

ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា ប្រព័ន្ធ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់​ប្រជាជន​ទូទៅ​ព្រោះ​ប្រព័ន្ធ​នឹង​ផ្ញើរ​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​គ្រប់​បុគ្គល​គោលដៅ​ដែល​សង្ស័យថា​ខ្លួន​មាន​ផ្ទុក​ជំងឺ Covid-19 ដើម្បី​តាមដាន​សុខភាព។ បន្ថែម​ពីលើ​នេះ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ក៏​អាច​បង្ករ​ភាពងាយស្រួល​ផងដែរ​ដល់​អាជ្ញាធរ​ក្នុងការ​កំណត់​អត្តសញ្ញាណ​ប្រជាជន​ណា​ដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ Covid-19 និង​ទទួលបាន​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ចាំបាច់​មួយចំនួន​ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម​បុគ្គល​ដែល​អាចមាន​ហានិភ័យ​ខ្ពស់។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​នេះ​ក៏​អាចជួយ​បញ្ចៀស​ការកកស្ទះ​ដល់​ប្រព័ន្ធ 115 ដែលមាន​ស្រាប់​ផងដែរ។ តាមរយៈ​ប្រព័ន្ធ​នេះ​យើង​សង្ឃឹមថានឹង​អាចជួយ​សម្រួល​ដល់​ការប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​រលក​ទី2៕

Advertisement