5 រោគចង្រៃនឹងសួររកមុខ បើមិនញ៉ាំអាហារពេលព្រឹក…

អាហារពេលព្រឹក ជាពេលអាហារដែលមនុស្សជាច្រើនចូលចិត្តព្រងើយកន្តើយជាញឹកញាប់រហូតក្លាយជាទម្លាប់ មិនថាតែប្រញាប់ទៅធ្វើការ ទៅរៀន ឬភ្ញាក់ពីដំណេករាងថ្ងៃជ្រុល បើអ្នកណាដឹងខ្លួនថាស្ថិតនៅក្នុងក្រុមមនុស្សប្រភេទនេះ ឡា រ៉ែន សូមឱ្យអ្នកប្រញាប់ផ្លាស់ប្តូរទង្វើរបស់ខ្លួននេះយ៉ាងប្រញាប់ប្រសើរជាង ព្រោះមានភាពប្រថុយប្រថានក្នុងការកើតរោគចង្រៃបាន ដែលរោគនីមួយៗ សូមប្រាប់ទៅចុះថា សុទ្ធតែគួរឱ្យខ្លាចទាំងអស់។

5 រោគចង្រៃនឹងសួររកមុខ បើមិនញ៉ាំអាហារពេលព្រឹក

1 . រោគធាត់

មនុស្សជាច្រើនអាចនឹងនឹកឆ្ងល់ថា បើមិនញ៉ាំអាហារ វាមានតែស្គម ម៉េចបានធាត់ទៅកើត? ធាត់បានតើ ហើយធាត់ខ្លាំងទៀតផង! ព្រោះបើយើងមិនញ៉ាំអាហារពេលព្រឹក ប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយនឹងធ្វើការយឺត ហេវញឹកញាប់ ហើយភាពឃ្លានដែលមិនបានញ៉ាំអីនៅពេលព្រឹកក៏នឹងទៅទម្លាក់លើពេលអាហារដទៃទៀត ធ្វើឱ្យញ៉ាំច្រើនលើសពីតម្រូវការរបស់រាងកាយ ដែលវាបណ្តាលឱ្យធាត់ និងមិនមែនជារឿងប្លែកឡើយ។

2 . រោគទឹកនោមផ្អែម

អាហារពេលព្រឹក ជាអាហារពេលសំខាន់បំផុត ដែលរាងកាយត្រូវការយ៉ាងខ្លាំង ព្រោះរាងកាយត្រូវការថាមពលធ្វើការ ហើយសារធាតុអាហារចូលទៅជំរុញប្រព័ន្ធដុតបំផ្លាញ រួមទាំងអាចកាត់បន្ថយសភាវខុសប្រក្រតីរបស់អ័រម៉ូន អ៊ីនស៊ូលីន ដែលអាចរាប់បានថាជាមូលហេតុនៃការកើតរោគទឹកនោមផ្អែមជាង 40 – 50 % ដូច្នេះមិនមែនចំពោះតែមនុស្សចាស់ប៉ុណ្ណោះទេ តែគ្រប់ភេទគ្រប់វ័យមិនគួរព្រងៀយកន្តើយអាហារពេលព្រឹកជាដាច់ខាត។

3 . រោគអាស៊ីតហូរបញ្រ្ចាស់

ក្រពះអាហាររបស់យើង នៅពេលដល់វេលា វានឹងបញ្ចេញទឹករំលាយចេញមកដើម្បីរំលាយអាហារតាមពេលវេលាប្រក្រតី តែបើយើងបែរជាអត់អាហារពេលព្រឹក ឬមិនព្រមញ៉ាំវិញនោះ ទឹករំលាយទាំងនោះនឹងមិនត្រូវបានប្រើការ និងត្រូវដក់ឃាំងនៅក្នុងរាងកាយរបស់យើង ធ្វើឱ្យបំពង់អាហារ និងសាច់ភ្នាសក្រពះកើតអាការរលាកក្រហាយ រឹតតែយើងបណ្តោយឱ្យពេលវេលាកន្លងផុតទៅយូរខ្លាំងឡើង អាស៊ីតទឹករំលាយទាំងនោះក៏អាចនឹងហូរបញ្រ្ចាស់ពីបំពង់អាហារឡើងមកដល់បំពង់កបាន។

4 . រោគអាល់ហ្សៃមើរ

មិនញ៉ាំបាយព្រឹក ម៉េចបានទៅពាក់ព័ន្ធអីនឹងខួរក្បាល? ព្រោះថាជាតិស្ករនៅក្នុងឈាមជាអាហារដែលសំខាន់សម្រាប់ខួរក្បាលហ្នឹងឯង។ ក្រោយភ្ញាក់ពីដំណេក រាងកាយរបស់យើងមិនបានទទួលសារធាតុអាហារមករយៈពេលយូរជាង 10 – 12 ម៉ោងទៅហើយ បើយើងមិនញ៉ាំអាហារពេលព្រឹកទៀត នឹងធ្វើឱ្យជាតិស្ករក្នុងឈាមយើងធ្លាក់ចុះ ធ្វើឱ្យមានជាតិស្ករទៅចិញ្ចឹមខួរក្បាលតិច ហុចផលឱ្យខួរក្បាលផ្នែកការចងចាំធ្វើការមិនពេញទំហឹង ស្ពឹកស្រពន់ និងចុះខ្សោយ។

5 . រោគបេះដូង និងសរសៃឈាម

ពេលមិនបានញ៉ាំអាហារពេលព្រឹករហូតក្លាយជាទម្លាប់ នឹងធ្វើឱ្យកើតរោគធាត់ ទឹកនោមផ្អែម និងរោគជាច្រើនទៀត ដែលនៅពេលរោគធាត់ និងទឹកនោមផ្អែមមកសួរសុខទុក្ខ បរិមាណកូលេស្តេរ៉ូលក្នុងរាងកាយយើងក៏នឹងឡើងខ្ពស់ នោះនឹងធ្វើឱ្យមានភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូង និងសរសៃឈាមតាមមក មានលទ្ធផលនៃការពិនិត្យស្រាវជ្រាវនៅក្នុងប្រទេស អាមេរិកបានរកឃើញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកមានឱកាសកើតជំងឺបេះដូង និងសរសៃឈាមច្រើនដល់ទៅ 20 % ឯណោះ។

ឃើញជំងឺនីមួយៗហើយ ប្រហែលជានាំគ្នាភ្ញាក់ផ្អើលមិនតិចទេមើលទៅ ដូច្នេះសូមងាកមកមើលថែទាំសុខភាពរបស់យើងទាំងអស់គ្នាវិញ ដោយចាប់ផ្តើមពីការទទួលទានអាហារពេលព្រឹកនេះឯង និងបើអាចទទួលទានបានគ្រប់ទាំងបីពេល ទទួលទានរបស់ដែលមានប្រយោជន៍ និងហាត់ប្រាណឱ្យបានជាប់ជាប្រចាំផងនោះ អាចលើកដៃលារោគចង្រៃទាំងប៉ុន្មាននោះបានតែម្តង៕

Advertisement