មេដឹកនាំ​​​ប្រទេស​​មួយ​ទៀត​ហើយ​ដែល​បាន​ឆ្លង​COVID-19!

មេដឹកនាំ​​​ប្រទេស​​មួយ​ទៀត​ហើយ​ដែល​បាន​ឆ្លង​COVID-19!
មេដឹកនាំ​ប្រទេស​កូសូវ៉ូ លោក​ Avdullah Hoti

មេដឹក​នាំ​រដ្ឋាភិបាល​​នៃ​សាធារណរដ្ឋ​កូសូវ៉ូ (Republic of Kosovo) លោក Avdullah Hoti បាន​ឱ្យ​ដឹង​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ក្នុង​គេហដ្ឋាន​ក្នុង​រយៈ​ពេល​2​សប្ដាហ៍​។

លោក Avdullah Hoti​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី​2​សីហា​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា “ខ្ញុំ​មិន​មាន​រោគ​សញ្ញា​ណាមួយ​ក្រៅ​ពី​ក្អកតិច​ៗ​នោះ​ទេ​”។

យោង​តាម​សារ​ព័ត៌មាន​ Reuters រដ្ឋាភិបាល​របស់​លោក​ Hoti ត្រូវ​បាន​រិះ​គន់​ខ្លាំង​ៗ​ដោយ​សារ​តែ​មិន​បាន​ធ្វើ​សកម្ម​ភាព​ពេញលេញ​ក្នុង​ការ​ទប់​ស្កាត់​ COVID-19។ តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​​COVID-19 នៅ​ប្រទេស​នេះ​ បាន​និង​កំពុង​កើន​ឡើង​ខ្ពស់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​រួម​មាន​ករណី​ស្លាប់​ចំនួន​13​នាក់​ក្នុង​ថ្ងៃទី​2​សីហា​។

គិត​មក​ដល់​បច្ចុប្បន្ន នៅ​កូសូវ៉ូ មនុស្ស​ប្រមាណ​ជា​9,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​249​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​ ជា​ពេល​ដែល​ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​បង្អស់​។

លោក​ Hoti មិន​មែនជាមេដឹក​នាំ​ដំបូង​ដែល​បាន​ឆ្លង​វីរុស​COVID-19 នោះ​ទេ។ មុន​នេះ ប្រធានា​ធិបតី​ បេឡារុស​ លោក​ Alexander Lukashenko ដែល​ធ្លាប់​បាន​ស្នើ​ឱ្យ​ព្យាបាល​COVID-19 ដោយ​ការផឹក​ស្រា ឬ​ឆ្ពង់​ ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​28​កក្កដា​ថា បាន​ឆ្លង​COVID-19 នេះ​ដែរ​។

ប្រធានាធិបតី​​របស់​បូលីវី​ លោក​ស្រី​ Jeanine Anez កាល​ពីថ្ងៃទី​9​កក្កដា​ ក៏​បាន​ប្រកាស​អំពី​លទ្ធ​ផល​ធ្វើ​តេស្ត​របស់​ខ្លួន​ ដោយ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ផងដែរ។

មុននោះ​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ លោក​ Mikhail Mishustin និង​ប្រធានាធិបងតី​ប្រេស៊ីល​ លោក​Jair Bolsonaro ក៏​បាន​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​COVID-19នេះ​។

COVID-19 បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ តាំង​ពី​ចុង​ឆ្នាំ​2019 ហើយ​គិត​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​692,794​នាក់​ ខណៈ​ដែល​មាន​មនុស្ស​ជាង​18.2​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement