កណ្តាស់ញឹកញាប់ កុំកន្តើយ អាការនេះបង្ហាញពីរោគសញ្ញាច្រើនណាស់

ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួល រដូវកាលផ្លាស់ប្តូរ មនុស្សជាច្រើនតែងមានអាការកណ្តាស់ហាច់ឈីសៗ!ជាញឹកញាប់ ដែលប្រាកដណាស់ ច្បាស់ជានឹកភ្លែតឡើងថា ប្រហែលជាកើតផ្តាសាយមិនខាន។ អា៎…កុំអាលគិតថា អាការកណ្តាស់របស់យើងនេះ វាបញ្ចប់ត្រឹមតែជំងឺផ្តាសាយនោះ ព្រោះការពិតទៅ អ្នកណាដែលកណ្តាស់ញឹកញាប់ ព្រឹកក៏កណ្តាស់ ល្ងាចក៏កណ្តាស់ កណ្តាស់ពេញមួយថ្ងៃនេះ អាចបណ្តាលមកពីរាងកាយរបស់យើងមានលាក់បង្កប់ភាពខុសប្រក្រតីអ្វីម្យ៉ាង ឬច្រើនយ៉ាងក៏អាចថាបានដែរ។

1 . រោគប្រតិកម្មចាញ់អាកាសធាតុ

ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងគ្មានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាវរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថាអាចនឹងកើតរោគប្រតិកម្មចាញ់អាកាធាតុ ឬជំងឺច្រមុះបានដែរ ព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសរបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់ហាច់ឈីសៗហ្នឹងឯង។

2 . រលាកសាច់ភ្នាសច្រមុះ

សភាវរលាកសាច់ភ្នាសច្រមុះក៏អាចជាមូលហេតុរបស់អាការកណ្តាស់ញឹកញាប់នេះបានដែរ ដោយសាច់ភ្នាសក្នុងច្រមុុះដែលរលាកនោះច្រើនតែបណ្តាលមកពីការឆ្លងមេរោគវីរុសនៅលើប្រព័ន្ធដកដង្ហើម ឬអាចជាការឆ្លងមេរោគបាក់តេរីដែលច្រើនតែកើតនៅលើមនុស្សដែលមានប្រព័ន្ធប្រឆាំងជំងឺទាប ។ ទាំងអស់នេះយើងអាចសង្កេតអាការរលាកសាច់ភ្នាសច្រមុះនេះបានតាមរយៈអាការកណ្តាស់ញឹកញាប់ មិនព្រមបាត់ អ្នកខ្លះអាចមានក្តៅខ្លួនស្ទិញៗរួមជាមួយផង មានទឹកសំបោរពណ៌ប្រផេះ លឿង ដែលបង្ហាញពីអាការឆ្លងមេរោគ ហើយអ្នកខ្លះអាចមានអាការឈឺករួមជាមួយផងដែរ។

3 . ជំងឺឬសដូងច្រមុះ

ឬសដូងច្រមុះគឺ សភាវដែលសាច់ភ្នាសក្នុងច្រមុះមានអាការរលាក និងហើម រហូតមានលក្ខណៈលយពកចេញមកដូចជាខ្នែង ដែលច្រើនតែបណ្តាលមកពីការរលាក ឬការឆ្លងមេរោគនៅលើសាច់ភ្នាសច្រមុះរ៉ាំរ៉ៃ ភាពខុសប្រក្រតីរបស់ការតបស្នងចំពោះប្រព័ន្ធប្រសាទដែលគ្រប់គ្រងការធ្វើការរបស់សរសៃឈាមក្នុងផ្នែកដែលចិញ្ចឹមសាច់ភ្នាសច្រមុះ ដែលជាហេតុធ្វើឱ្យកើតអាការហើមលើសាច់ភ្នាសច្រមុះ។ ភាពខុសប្រក្រតីទាំងនោះអាចបង្ហាញចេញមកដោយអាការតឹងណែនច្រមុះ កណ្តាស់ញឹកញាប់ មានទឹកសំបោរថ្លាៗ ឬសំបោរមានពណ៌ព្រមជាមួយក្លិន រួមទាំងមានអាការឈឺពើតនៅត្រង់ក្តោងច្រមុះ និងថ្ពាល់ ឈឺករ៉ាំរ៉ៃ និងអាការឈឺងឿងក្បាលទៀតផង។

4 . សភាវឌឺថ្នាំ

ការប្រើថ្នាំប្រភេទដដែលៗជាប់ៗគ្នាយូរ អាចបង្កឱ្យកើតប្រតិកម្មអវិជ្ជមានចំពោះរាងកាយបាន ដោយច្រើនប្រទះឃើញថា ថ្នាំដែលអ្នកជំងឺលេបជាប់ៗគ្នារយៈពេលយូរ ជាហេតុនាំឱ្យកើតអាការរលាក ហុចផលឱ្យកើតអាការកណ្តាស់ញឹកញាប់មិនបាត់បានដូចគ្នា ដោយនឹងមានចំណុចសង្កេតបន្តិចថា អ្នកជំងឺនឹងមានអាការកណ្តាស់ក្រោយពីប៉ះពាល់នឹងអ្វីដែលជាកត្តាជំរុញ ដូចជា ផ្សែងបារី ក្លិនឈួលខ្លាំង ឬផ្សេង និងធូលីជាដើម ៕

Advertisement