សត្វល្អិតចូលត្រចៀក គួរធ្វើយ៉ាងណា?

ត្រចៀកជាអវយវៈដែលមានតួនាទីច្រើនយ៉ាងក្នុងពេលតែមួយ ទាំងទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញាបញ្ជូនតឆ្ពោះទៅខួរក្បាល និងថែមទាំងនៅជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង ដែលបើសិនជាមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀក យើងអាចប្រថុយប្រថាននឹងការឈឺចាប់ និងកើតការធ្វើការខុសប្រក្រតី ដូចជា បាត់បង់លំនឹងខ្លួន ឬហ៊ឹងត្រចៀកជាដើម ជាពិសេសសត្វល្អិតដែលចូលទៅទាំងនោះអាចនឹងនាំមេរោគចូលទៅជាមួយផងដែរ។ ថ្ងៃនេះយើងមករៀនយល់ដឹងពីធ្វើបឋមព្យាបាលក្នុងករណីដែលមានសត្វល្អិតចូលត្រចៀក ដើម្បីនឹងបានទប់ទល់ជាមួយវាយ៉ាងត្រឹមត្រូវនៅពេលកើតហេតុបន្ទាន់ឡើង៕

សត្វល្អិតចូលត្រចៀក គ្រោះថ្នាក់ដែរឬទេ?

ការដែលមានអ្វីប្លែកចម្លែកចូលទៅក្នុងត្រចៀកអាចធ្វើឱ្យកើតគ្រោះថ្នាក់បាន ជាពិសេសសត្វល្អិត ព្រោះសត្វល្អិតអាចនឹងនាំមេរោគដែលបង្កឱ្យកើតរោគរលាក ឬមេរោគផ្សឹតនៅក្នុងរន្ធត្រចៀកបាន រឹតតែបើសិនជាសត្វចៃឆ្កែផងនោះ រឹតតែមានគ្រោះថ្នាក់ខ្លាំងទៅទៀត ព្រោះទឹកមាត់របស់សត្វចៃនឹងបង្កឱ្យកើតអាការរមាស់យ៉ាងខ្លាំង និងថែមទាំងមានមេរោគបាក់តេរីដែលពេលចូលទៅក្នុងក្រសែឈាមហើយ អាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្រព័ន្ធឈាមដែលជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាព។

សត្វល្អិតចូលត្រចៀក មានអាការយ៉ាងណា និងមានអារម្មណ៍យ៉ាងណា?

ពេលមានសត្វល្អិតចូលទៅក្នុងត្រចៀកហើយ អាការដែលយើងសង្កេតឃើញបានច្បាស់នោះគឺ នឹងកើតអាការឈឺត្រចៀកយ៉ាងទាន់ហន់ និងមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងនៅក្នុងត្រចៀក បើសត្វល្អិតនោះនៅមិនទាន់ងាប់ផង នឹងមានអារម្មណ៍ថាដូចមានអ្វីដើរ ឬហោះនៅក្នុងត្រចៀក ធ្វើឱ្យកើតក្តីរំខានយ៉ាងខ្លាំង និងបើសិនជាសត្វល្អិតនោះរាងធំផង អាចនឹងមានអារម្មណ៍ថាណែនៗក្នុងត្រចៀក ឬធ្វើឱ្យហ៊ឺងត្រចៀកអស់មួយរយៈ។

សត្វល្អិតចូលត្រចៀក តើត្រូវធ្វើបឋមសង្រ្គោះយ៉ាងណា?

សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបាននោះ មានច្រើនប្រភេទ មិនថាតែសត្វល្អិតខ្លួនតូចៗ ដូចជា ស្រមោច មមង់ ចៃឆ្កែ ឬសូម្បីតែសត្វល្អិតខ្លួនធំ ដូចជា រុយ កូនកន្លាតជាដើម ហើយវិធីធ្វើបឋមសង្រ្គោះមានដូចតទៅ ៈ

បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលឱ្យត្រចៀកខាងដែលសត្វល្អិតចូលនោះនៅខាងលើ ហើយយកបេប៊ីអយល៍ ( Baby oil ) ឬប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម ងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងមកបាន។ បន្ទាប់ពីនោះត្រូវស្ថិតនៅក្នុងឥរិយាបថបែបនោះប្រមាណជា 15 – 30 នាទីដើម្បីឱ្យសត្វល្អិតនោះអណ្តែតឡើងមក តែបើសិនមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វីខ្វេះ ឬខ្វាត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតកាន់តែធ្លាក់ទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។

យ៉ាងណាក៏ដោយ បើសត្វដែលចូលត្រចៀកនោះជាសត្វល្អិតតូច ដូចជា ស្រមោច មមង់ ឬមូស និងបើនៅមិនទាន់ស្លាប់ ក៏អាចប្រើវិធីជន្លវាឱ្យចេញមកវិញបានដោយការបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។

តែទាំងអស់នេះ បើធ្វើតាមវិធីខាងលើហើយសត្វល្អិតនៅតែមិនចេញមកទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីត្រចៀក ហ៊ឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគរហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕

Advertisement