“គ្រឿងបន្ថែមរសជាតិអាហារ”…ប្រយោជន៍ និងគុណវិបត្តិដែលគួរដឹង

ស្រ្តីមេផ្ទះដែលធ្វើម្ហូបអាហារប្រហែលជាស្គាល់គ្រឿងបន្ថែមរសជាតិអាហារយ៉ាងច្បាស់មិនខាន តើបងៗស្រ្តីមេផ្ទះដឹងដែរឬទេថា គ្រឿងបន្ថែមរសជាតិអាហារដែលយើងប្រើក្នុងពេលបច្ចុប្បន្ននេះផ្តល់នូវប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះដល់រាងកាយយើង?

គ្រឿងបន្ថែមរសជាតិអាហារដែលប្រើប្រាស់នាពេលបច្ចុប្បន្ន មិនថាតែទឹកត្រី ទឹកស៊ីអ៊ីវម្សៅស៊ុប (ប៊ីចេង) ឬដុំស៊ុបផ្សេងៗនោះឡើយ សុទ្ធតែមានប្រយោជន៍ និងគុណវិបត្តិអាស្រ័យលើវិធី បរិមាណការប្រើប្រាស់ និងការជ្រើសរើសទិញរបស់ស្រ្តីមេផ្ទះ ដែលអាហារនាពេលបច្ចុប្បន្ននេះភាគច្រើនពេញទៅដោយរសជាតិរបស់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប និងដុំស៊ុប ធ្វើឱ្យបាត់បង់រសជាតិដើមអស់ និងបើញ៉ាំម្ហូបអាហារដែលដាក់គ្រឿងច្រើនៗ នឹងធ្វើឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមទៀតផង។

ប្រយោជន៍របស់គ្រឿងបន្ថែមរសជាតិអាហារ

ទោះជាមនុស្សភាគច្រើនអាចនឹងមើលឃើញតែគុណវិបត្តិរបស់វាក៏ដោយ តែនៅក្នុងការពិតវិញ វាក៏នៅមានប្រយោជន៍ខ្លះដែរដូចជា ជួយតុបតែងបង្កើនរសជាតិអាហារឱ្យល្អឡើង ឆ្ងាញ់ឡើង និងមានក្លិនឈ្ងុយ ក្រៅពីនេះទឹកត្រី ទឹកស៊ីអ៊ីវសុទ្ធតែប្រកបទៅដោយប្រូតេអ៊ីន ឬអាស៊ីតអៈមីណូដែលជាប្រយោជន៍ចំពោះរាងកាយទៀតផង។

គុណវិបត្តិរបស់គ្រឿងបន្ថែមរសជាតិអាហារ

នៅក្នុងចំណែកនៃគុណវិបត្តិវិញ អ្នកខ្លះអាចមានអាការប្រតិកម្មចាញ់ម្សៅស៊ុប គឺមានអាការវិលមុខ ដកដង្ហើមមិនស្រួល មានអាការស្ពឹកៗនៅលើផ្ទៃមុខ និងកញ្ចឹងក ចុកដើមទ្រូង ក្អួតចង្អោរ ដែលបើសិនជាមានអាការទាំងនេះកើតឡើង គួរប្រញាប់ទៅជួបគ្រូពេទ្យ និងបើទទួលទានច្រើនៗ ឬទទួលទានញឹកញាប់ក៏អាចធ្វើឱ្យកើតសភាវធាត់ឡើងបានដែរ។

គ្រឿងបន្ថែមរសជាតិឱ្យអាហារកាន់តែឆ្ងាញ់ឡើងក៏ពិតមែន តែក៏គួរតែដឹងដែរថា នៅក្នុងគ្រឿងបន្ថែមរសជាតិអាហារនោះមានគ្រឿងផ្សំផ្សេងៗដែលអាចបណ្តាលគ្រោះថ្នាក់ដល់យើងបាន បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក ដូច្នេះបើចៀសបាន ក៏គួរតែធ្វើ ឬបន្ថែមរសជាតិក្នុងបរិមាណដែលសមរម្យក៏អាចជួយបានដែរ ដើម្បីប្រយោជន៍របស់សុខភាពអ្នកខ្លួនឯង មិនដូច្នោះទេរោគានឹងសួររកមុខអ្នកមិនខាន៕

Advertisement