ស្គាល់ច្បាស់ពី ជំងឺទឹកនោមផ្អែម ដែលមនុស្សវ័យធ្វើការអាយុ 35+ ត្រូវប្រយ័ត្ន!!

សហព័ន្ធការពារ និងប្រឆាំងជំងឺទឹកនោមផ្អែមអន្តរជាតិបានបង្ហើបឱ្យដឹងពីស្ថិតិអ្នកជំងឺទឹកនោមផ្អែមថា នៅឆ្នាំ 2014 នៅទូទាំងពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម 415 លាននាក់ និងរៀងរាល់ 6 វិនាទីនឹងមានអ្នកស្លាប់ដោយសារជំងឺនេះ 1 នាក់ និងបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ 2050 ចំនួនកើតអ្នកជំងឺទឹកនោមផ្អែមនឹងកើនឡើងដល់ទៅ 642 លាននាក់ ហើយអ្នកកើតជំងឺនេះមួយផ្នែកគឺបណ្ដាលមកពីទង្វើនៅក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសក្រុមមនុស្សក្នុងវ័យធ្វើការ អាយុ 35 ឡើងទៅ តែលោកអ្នកអាចកែសម្រួលទង្វើនានារបស់ខ្លួនដើម្បីកាត់បន្ថយភាពប្រថុយប្រថាននេះបាន។

លោកវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យល្បីល្បាញមួយបានរៀបរាប់ឱ្យស្ដាប់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបាន ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់គ្រប់ពេលវេលា។

ជំងឺទឹកនោមផ្អែមចែកចេញជា 4 ប្រភេទ

– ប្រភេទទី 1 ជួបប្រទះនៅលើកុមារ និងមនុស្សវ័យជំទង់ ឃើញច្រើននៅលើជនជាតិលោកខាងលិច ដោយក្រុមនេះរាងកាយខ្វះសារធាតុអ៊ីនស៊ូលីនជាប្រចាំ ត្រូវពឹងលើការចាក់អ៊ីនស៊ូលីនរហូតមួយជីវិត និងរាងកាយហាក់ដូចជារាងស្គម។

– ប្រភេទទី 2 ជួបប្រទះនៅលើមនុស្សធំ ជារោគទឹកនោមផ្អែមដែលប្រទះឃើញទូទៅ ដោយអ្នកជំងឺនៅក្នុងប្រទេសយើងភាគច្រើនស្ថិតក្នុងប្រភេទនេះ កើតដោយសាររាងកាយឌឺនឹងសារធាតុអ៊ីនស៊ូលីន អ្នកជំងឺច្រើនតែធាត់។

– ប្រភេទទី 3 រោគទឹកនោមផ្អែមដែលជួបប្រទះក្នុងអំឡុងពេលតាំងគភ៌។ ជាលទ្ធផលមកពីអ័រម៉ូនរបស់ការតាំងគភ៌ សភាវរបស់រោគនេះនឹងល្អប្រសើរឡើងវិញក្រោយការប្រសូត តែស្រ្តីជាម្ដាយនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគទឹកនោមផ្អែមនេះទៀត។

– ប្រភេទទី 4 បណ្ដាលមកពីរោគក្រពេញគ្មានទបង្ហូរ។ រាងកាយផលិតស្ទៀរ៉យដ៍ច្រើនជ្រុល ឬការប្រើប្រាស់ថ្នាំប្រភេទខ្លះដែលមានស្ទៀរ៉យដ៍ តែអាការនេះនឹងជាបាត់ទៅវិញនៅពេលបានព្យាបាល ឬឈប់ប្រើថ្នាំទាំងនោះ។

តើធ្វើម៉េចទើបដឹងថា រាងកាយចូលដល់ដំណាក់កាលប្រថុយក្នុងការកើតរោគទឹកនោមផ្អែម?

សាកល្បងសង្កេតមើលថា តើខ្លួនឯងមានអាការទាំងអស់នេះឬទេ? ដូចជា ស្រេកទឹកញឹកញាប់ បត់ជើងតូចញឹកញាប់ និងទឹកមូត្រមានចំនួនច្រើន ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងអំបិលរ៉ែ បណ្ដាលឱ្យទន់ល្វើយគ្មានកម្លាំង និងទម្ងន់ខ្លួនថយចុះ។ អ្នកខ្លះដល់ថ្នាក់គាំងក្រលៀន និងស្លាប់ទៀតផង។ អ្នកខ្លះទៀតនឹងមានឡើងកន្ទាលត្រអាកដែលបណ្ដាលមកពីមេរោគផ្សិតនៅតាមសន្លាក់ដៃជើង មានធ្លាក់ស ភ្នែកស្រវាំង និងស្ពឹកនៅលើចុងដៃចុងជើង។

រោគដែលនឹងជ្រៀតជ្រែកចូលមកគួរឱ្យកង្វល់

រឿងដែលគួរវិតក្កកង្វល់ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់អ្នកជំងឺទឹកនោមផ្អែមគឺ រោគជ្រៀតជ្រែករ៉ាំរ៉ៃ ដែលជួបប្រទះញឹកញាប់គឺ ៖

– រោគជ្រៀតជ្រែករ៉ាំរ៉ៃរបស់ទឹកនោមផ្អែមក្នុងផ្ទាំងកញ្ចក់ប្រសាទភ្នែក ធ្វើឱ្យកញ្ចក់ប្រសាទភ្នែកចុះខ្សោយ មានឈាមចេញនៅក្នុងកែវភ្នែក ហុចផលឱ្យភ្នែកខ្វាក់ ដែលបើសិនមានការពិនិត្យលម្អិតឃើញសភាវទឹកនោមផ្អែម នឹងជួយការពារសភាវខ្វាក់ភ្នែកបាន។

– រោគជ្រៀតជ្រែករ៉ាំរ៉ៃរបស់ទឹកនោមផ្អែមនៅក្នុងក្រលៀន ឃើញមានប្រូតេអ៊ីនលាយឡំចេញមកជាមួយទឹកមូត្រ បើសិនជាទុកចោលមិនព្យាបាល ក្រលៀននឹងធ្វើការបានកាន់តែតិច ចុះខ្សោយ និងកើតសភាវគាំងក្រៀននៅទីបំផុត។

– រោគស្ពឹកសរសៃប្រសាទ អ្នកជំងឺនឹងគ្មានអារម្មណ៍ដឹងពីការប៉ះពាល់ នៅពេលកើតការប៉ះទង្គិចខាងរាងកាយនឹងគ្មានអារម្មណ៍ថាឈឺចាប់ ធ្វើឱ្យកើតមានស្នាមរបួសបានយ៉ាងងាយ និងស្នាមរបួសពិបាកព្យាបាល ដោយសារតែការហូរវិលទៅមករបស់ឈាមមិនល្អ។ នៅលើអ្នកខ្លះ ទោះជាគ្មានស្នាមរបួស តែក៏រកឃើញអាការឈាមមិនហូរវិលទៅមកដែរ ទើបធ្វើឱ្យអ្នកជំងឺត្រូវបាត់បង់អវយវៈអស់ជាច្រើន។

ក្រៅពីនេះនៅជួបប្រទះអាការស្ពឹកមួយកំណាត់ខ្លួន និងជំងឺបេះដូងជាញឹកញាប់នៅលើអ្នកជំងឺទឹកនោមផ្អែមទៀតផង ដោយអ្នកជំងឺទឹកនោមផ្អែមដែលកើតរោគបេះដូងនេះ នឹងគ្មានបង្ហាញអាការឈឺចាប់ដាស់តឿនឱ្យដឹងឡើយ ធ្វើឱ្យកើតអាការគាំងបេះដូងទាន់ហន់នាំឱ្យមានគ្រោះថ្នាក់ជីវិតបាន។

ក្រុមមនុស្សដែលមានឱកាសកើតរោគទឹកនោមផ្អែម

អ្នកដែលមានអាយុ 35 ឆ្នាំឡើង មានសភាវធាត់ដុះក្បាលពោះធំ អ្នកដែលមិនហាត់ប្រាណ ឬមិនសូវបានធ្វើចលនា ដែលបុគ្គលិកធ្វើការក្នុងការិយាល័យក៏អាចរាប់បានថា មានសភាវប្រថុយប្រថានដូចគ្នា រួមទាំងអ្នកជំងឺដែលប្រើថ្នាំស្ទៀរ៉យដ៍ អ្នកធ្លាប់មានប្រវត្តិកើតរោគទឹកនោមផ្អែម ឬជាមនុស្សនៅក្នុងគ្រួសារដែលមានប្រវត្តិកើតរោគទឹកនោមផ្អែម ជាដើម។ ទាំងអស់នេះគឺជាក្រុមដែលត្រូវតែត្រួតពិនិត្យលម្អិតទឹកនោមផ្អែម។

តើត្រូវកែសម្រួលទង្វើយ៉ាងណាទើបចៀសពីទឹកនោមផ្អែមបាន?

– ហាត់ប្រាណ ឱ្យសាច់ដុំធ្វើចលនាជាបន្តបន្ទាប់រហូតមានចេញញើស និងបេះដូងលោតញាប់ ក្នុងមួយសប្ដាហ៍ 5 ថ្ងៃ។

– ប្រយ័ត្នប្រយែងលើអាហារកាហូបចុក ជាពិសេសអាហារប្រភេទម្សៅ និងស្ករ ដើម្បីមិនធ្វើឱ្យកើតសភាវធាត់ដុះក្បាលពោះធំ។​

– ចុងក្រោយ លោកគ្រូពេទ្យសូមណែនាំដល់អ្នកដែលស្ថិតក្នុងក្រុមប្រថុយប្រថានទាំងអស់ គួេពិនិត្យលម្អិតទឹកនោមផ្អែម ដែលអាចធ្វើបានតាមរយៈ 3 វិធីនេះគឺ ពិនិត្យជាតិស្ករមុនទទួលទានអាហារពេលព្រឹក ដោយតមពិសាអាហារយ៉ាងតិច 8 ម៉ោងមុនពិនិត្យឈាម ។ ពិនិត្យឈាមនៅទីណាក៏បាន ដោយមិនបាច់ត្រូវតមអាហារ និងពិនិត្យជាតិស្ករនៅក្នុងគ្រាប់ឈាមក្រហម ព្រោះការរកឃើញសភាវរោគទឹកនោមផ្អែមតាំងពីដំបូងៗ នឹងអាចធ្វើការព្យាបាល និងការពាររោគជ្រៀតជ្រែកបានទាន់ពេលវេលាភ្លាមៗ៕

Advertisement