រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក មានគ្រោះថ្នាក់ដែរឬទេ?

ឡារ៉ែនគិតថា ប្រហែលវាជាគំនិតរបស់មនុស្សជាច្រើនដែលគិតថា ចង់យកស្អីទៅដាក់ក្នុងទូទឹកកកក៏បានដែរ វានឹងធ្វើឱ្យរបស់ទាំងអស់នោះក្រផុតកំណត់ ព្រោះភាពត្រជាក់ក្នុងទូទឹកកកនឹងជួយថ្នមវត្ថុអស់ទាំងនោះឱ្យនៅបានយូរឡើង ដែលថាៗទៅ សម្រាប់វត្ថុជាច្រើនអាចនឹងត្រឹមត្រូវ តែបើសិនជារឿងរបស់ “ថ្នាំពេទ្យ” វិញ តើវានឹងពិតដូចដែលគេនាំគ្នាជឿហ្នឹងឬយ៉ាងណា? ខាងក្រោមនេះគឺជាចម្លើយ…។

រក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកក

គឺជារឿងពិតមួយដែលអាចនិយាយបាន ធាតុអាកាសក្ដៅហប់អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពលឿនជាងប្រក្រតី តែក៏មិនបានមានន័យថា ការរក្សាទុកថ្នាំពេទ្យនៅក្នុងទូទឹកកកនឹងជួយបន្តអាយុរបស់ថ្នាំឱ្យទុកប្រើប្រាស់បានយូរឡើងដែរ ព្រោះក្រៅពីរក្សាទុកថ្នាំក្នុងកន្លែងដែលមានធាតុអាកាសត្រជាក់ខ្លាំងជ្រុលពេក អាចនឹងធ្វើឱ្យថ្នាំចុះខ្សោយប្រសិទ្ធភាពបានដូចគ្នាហើយនោះ នៅធ្វើឱ្យថ្នាំកើតសារធាតុពុលកើនឡើងបានទៀតផង ព្រោះនៅក្នុងទូទឹកកកក៏មានភាពសើបអាប់ខ្ពស់ដូចគ្នាដែរ ហើយភាពសើមអាប់នេះឯងដែលធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។

លើកឧទាហរណ៍ដូចជា ថ្នាំអាស្ពីរីន នៅពេលប៉ះនឹងភាពសើមអាប់នៅក្នុងទូទឹកកកយូរៗទៅ អាចរលាយខ្លួនក្លាយជាអាស៊ីតសាលីស៊ីលិក និងអាស៊ីត អាសេទិក ដែលនឹងធ្វើឱ្យថ្នាំលែងមានប្រសិទ្ធភាព រួមទាំងធ្វើឱ្យកើតមានជាតិពុលធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែន ទៅជាប្រកាច់ និងបាត់បង់សតិស្មារតីបានទៀតផងបើរាងកាយទទួលក្នុងបរិមាណច្រើន។

ការរក្សាទុកដាក់ថ្នាំពេទ្យយ៉ាងត្រឹមត្រូវ

1 . រក្សាទុកនៅក្នុងកន្លែងដែលមានខ្យល់អាកាសបក់ចេញចូលបានស្រួល មិនក្ដៅ មិនអាប់សើមជ្រុលពេក និងគ្មានពន្លឺថ្ងៃចាំងចូលដល់។

2 . រៀបចំទុកដាក់តាមប្រភេទថ្នាំនីមួយៗរួមគ្នា និងអាចបែងចែកតាមប្រភេទរបស់ថ្នាំ ដូចជាថ្នាំទឹក ឬថ្នាំគ្រាប់ ថ្នាំសម្រាប់លាបលើស្បែក ឬថ្នាំសម្រាប់លេបព្យាបាលក្នុងខ្លួន(ថ្នាំផ្សះ) ឬអាចបែងចែកតាមក្រុមថ្នាំដែលព្យបាលអាការដូចគ្នា ដូចជា ថ្នាំបំបាត់ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និងថ្នាំព្យាបាលរបួស ដំបៅ ជាដើម។

3 . នៅពេលបានថ្នាំមក គួរពិនិត្យមើលថ្ងៃផុតកំណត់ ឬបើមិនដឹងទេ គួរសរសេរលើក្រដាសបិទលើដប ឬកញ្ចប់ថ្នាំនោះថា បានមកនៅថ្ងៃណា ហើយរកមើលព័ត៌មានថា ថ្នាំប្រភេទនោះអាចរក្សាទុកបានយូរប់ុនណា(ភាគច្រើនបើឃើញមានតែថ្ងៃផលិត ចូររាប់ចាប់ពីថ្ងៃផលិតមក 3 ឆ្នាំទៀត នោះគឺថ្ងៃផុតកំណត់ហើយ តែទាំងអស់នេះអាស្រ័យលើប្រភេទរបស់ថ្នាំដែរ)។

4 . រៀបចំការប្រើថ្នាំតាមលំដាប់ ពីថ្នាំដែលជិតផុតកំណត់មុនជានិច្ច។

5 . នៅក្នុងទូថ្នាំ ឬប្រអប់ទុកដាក់ថ្នាំ គួរសរសេរបិទប្រាប់ពីប្រភេទថ្នាំឱ្យបានច្បាស់លាស់ ដើម្បីងាយក្នុងការចាប់យកមកប្រើ។

6 . ថ្នាំដែលជាបន្ទះ មិនគួរកាត់ចេញមកជាគ្រាប់ ឬឆ្កឹះចេញពីបន្ទះនោះទេ គួររក្សាទុកទាំងបន្ទះ ដើម្បីទុកមើលថ្ងៃផុតកំណត់នៅលើបន្ទះនោះ។

7 . បើថ្នាំនៅមិនទាន់ផុតថ្ងៃកំណត់ តែសង្កេតឃើញមានភាពខុសប្រក្រតីណាមួយដែលខុសប្លែកពីមុន ដូចជា ប្រែពណ៌ រូបរាងខុសពីមុន មានក្លិន និងរសជាតិប្លែក ជាដើម-ល- មិនគួររក្សាទុកថ្នាំនោះទៀតទេ។

យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាចនឹងមានវិធីរក្សាទុកដាក់ខុសប្លែកពីគ្នា ដូច្នេះគួររកមើលវិធីថែរក្សាទុកថ្នាំនីមួយៗនោះនៅលើស្លាករបស់ផលិតផល ឬបើជាថ្នាំដែលគ្រូពេទ្យផ្សំមកឱ្យជាឈុតៗនោះ គួរតែទទួលទានតាមវេជ្ជបញ្ជាឱ្យអស់ កុំឈប់កណ្ដាលទីដែលនាំឱ្យថ្នាំនៅសល់ ហើយគិតរក្សាថ្នាំនោះទុកដើម្បីលេបនៅពេលឈឺលើកក្រោយទៀតឱ្យសោះ ព្រោះក្រៅពីថ្នាំនោះអាចនឹងចុះខ្សោយប្រសិទ្ធភាពហើយនោះ នៅធ្វើឱ្យរាងកាយយើងឌឺថ្នាំដោយសារតែលេបមិនគ្រប់ចំនួនតាមគ្រូពេទ្យណែនាំទៀតផង៕

Advertisement